ភ្នំពេញ —នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​របស់​រដ្ឋ​សភា​អាណត្តិ​ទី៦​នៅ​ព្រឹក​ថ្ងៃពុធ​នេះ ព្រះ​មហា​ក្សត្រ​ខ្មែរ​ ​ព្រះបាទ​ ​នរោត្តម សីហមុនី បាន​ជំរុញ​ឱ្យ​មាន​ការ​គិតគូរ​ដល់​ប្រយោជន៍​ជាតិ​ ​ភាព​សុខដុម​រមនា​ ​ការ​ឯកភាព​និង​សាមគ្គី​ភាព​ជាតិ​ ​ដោយ​ឈរ​លើ​ស្មារតី​បង្រួប​បង្រួម​ជាតិ​ ​និង​ប្រកាន់​ខ្ជាប់​នូវ​ព្រហ្មវិហារ​ធម៌​ទាំង​៤។

Loading...

​ចាប់​តាំងពី​ការ​បង្កើត​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឆ្នាំ១៩៩៣​មក​ នេះ​គឺជា​អាណត្តិ​ដំបូង​បង្អស់​ដែល​រដ្ឋ​សភាជាតិ​ ​បាន​ក្លាយ​ជា​រដ្ឋសភា​ឯក​បក្ស។ ក្នុង​សម័យ​ប្រជុំ​លើក​ដំបូង​នេះ សម្រាប់​អាណត្តិ​ទី​៦​នេះ​ ​រដ្ឋសភាបាន​ប្រកាស​សុពល​ភាព​តំណាងរាស្ត្រ​ទាំង​១២៥​រូប​ ​ដោយ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយ​គត់​ ​ជា​អ្នក​គ្រប់គ្រង​រដ្ឋសភា​ ​ទាំង​១២៥​កៅអី។

ព្រះ​មហាក្សត្រ​ ​ព្រះករុណា​ ​ព្រះ​បាទ​ ​នរោត្តម សីហមុនី​ ​មាន​ព្រះ​បន្ទូល​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​នោះ​ថា​ ​ព្រះ​អង្គ​ទ្រង់​អបអរសាទរ​ដល់​សមាជិក​ ​សមាជិកា​រដ្ឋសភា​ទាំង​១២៥​រូប ដែល​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី​៦​នេះ។​ ​ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​បន្ថែម​ថា ច្បាប់​ទាំងឡាយ​ដែល​រដ្ឋ​សភា​បាន​អនុម័ត​ ​គឺ​ជា​ឧបករណ៍​គតិយុត្តិ​សម្រាប់​រាជ​រដ្ឋាភិបាល​អនុវត្ត​ ​និង​លើក​កម្ពស់​នីតិរដ្ឋ​ ​ហើយ​ថា រដ្ឋសភា​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ និង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​សេរី​ភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជា​ពលរដ្ឋ។

​ព្រះ​អង្គ​មាន​ព្រះរាជ​បន្ទូល​បញ្ជាក់​យ៉ាង​ដូច្នេះ៖

«រដ្ឋសភា​ដែល​ជា​អង្គការ​មាន​អំណាច​នីតិប្បញ្ញត្តិ នឹង​បន្ត​បំពេញ​ភារកិច្ច​របស់​ខ្លួន​ដូច​មាន​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ​និង​ច្បាប់​ជា​ធរមាន ដើម្បី​បន្ត​និរន្តរភាព​នយោបាយ​ សេដ្ឋកិច្ច​ សង្គម វប្បធម៌​ កសាង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​រដ្ឋ​ដ៏​រឹងមាំ និង​ជឿនលឿន ដោយ​ផ្អែក​លើ​ច្បាប់ ធានា​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​សម្រាប់​ប្រជា​ពលរដ្ឋ​គ្រប់រូប និង​ធានា​ការពារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​របស់​ប្រជា​ពល​រដ្ឋ»។

ព្រះ​មហាក្សត្រ​ មាន​ព្រះ​រាជបន្ទូល​បន្ថែម​ថា​ ​ព្រះអង្គ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ ដែល​នឹង​ទទួល​ការ​ទុក​ចិត្ត​ពី​រដ្ឋសភា​ នឹង​បំពេញ​ភារកិច្ច​តាម​គោលការណ៍​នយោបាយ បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​ការអភិវឌ្ឍន៍ និង​ពង្រឹង​ប្រព័ន្ធ​ការពារ​សង្គម សម្រាប់​ភាព​សុខដុម​នៃ​សង្គម​ជាតិ។ ព្រះអង្គ​ក៏​បាន​បង្ហាញ​ពី​ជំនឿ​ថា​ ទាំង​រដ្ឋសភា​ ទាំង​រដ្ឋាភិបាល​អាណត្តិ​ថ្មី ​នឹង​អនុវត្ត​តួនាទី​ប្រកប​ដោយ​ «មនសិការ​ទទួល​ខុស​ត្រូវ»។

ព្រះ​អង្គ​មាន​បន្ទូល​បន្ថែម​ថា៖

«ដើម្បី​សម្រេច​ភារកិច្ច​ដ៏​ឧត្ដុង្គឧត្ដម​នេះ​ ​ប្រជាជាតិ​កម្ពុជា​ត្រូវ​មាន​ឯកភាព​ និង​សាមគ្គីភាព​ជាតិ​ខ្ពស់ ដោយ​ឈរ​លើ​ស្មារតី​បង្រួប​បង្រួម​ជាតិ និង​ប្រកាន់​ខ្ជាប់​នូវ​ព្រហ្មវិហារ​ធម៌​៤ គឺ​មេត្តា ករុណា​ ​មុទិតា និង​ឧបេក្ខា។​ ​នៅ​ក្នុង​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នេះ​ ​ខ្ញុំ​សូម​ប្រសិទ្ធពរ សូម​រដ្ឋសភា​ នីតិកាល​ទី៦​ ​មាន​ដំណើរ​ការ​ល្អ​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​មនសិការ​ទទួល​ខុស​ត្រូវ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ថ្មីៗ​ថែម​ទៀត ជា​ឧត្ដម​ប្រយោជន៍​រួម ជូន​មាតុភូមិ និង​ប្រជាជាតិ​យើង​ទាំង​មូល»។

តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​បាន​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ចំនួន​៦​ដង​ ​ដោយ​ក្នុង​ការ​ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ទាំង​៥​ដង​ដំបូង ​សុទ្ធ​តែ​មាន​គណបក្ស​នយោបាយ​ចាប់​ពី​ពីរ​ឡើង​ទៅ។

ដោយ​ឡែក​ ​រដ្ឋ​សភា​ ​ដែល​បានបើក​សម័យ​ប្រជុំ​អាណត្តិ​ទី៦​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​និង​កំពុង​ក្លាយ​ជា​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​ឯក​បក្ស បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ឈ្នះ​ការ​បោះ​ឆ្នោត​ និង​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​១២៥​ ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រជែង​ដ៏​ធំ​របស់​ខ្លួន ​កាលពី​ចុង​ឆ្នាំ​២០១៧​កន្លង​ទៅ។​

ស្ថានទូត​នៃ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន​ ​ដែល​បាន​រិះគន់​ដំណើរការ​ ​និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតអាណត្តិ​ទី៦​នេះ មិន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ​ទេ។ ​

លោក​ ​ឡេង ប៉េងឡុង​ ​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​អ្នក​សារ​ព័ត៌មាន ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រដ្ឋសភា​នោះ​ថា​ ​ស្ថានទូត​បរទេស​ចំនួន​៣១​ប្រចាំ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​ពិធី​បើក​សម័យ​ប្រជុំ​នេះ​ ​ប៉ុន្តែ​លោក​ថា​ ​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​លោក​ខាង​លិច​ចំនួន​៩ មិន​បាន​ចូលរួម​នោះ​ទេ។

លោក​បន្ថែម​ថា លោក​មានការ​សោកស្ដាយ​ដែល​ស្ថានទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​ទាំង​នោះ​មិន​បាន​ចូលរួម។

លោក​បញ្ជាក់​ថា៖

«យើង​មាន​ការ​សោកស្ដាយ​ដែរ ​ដោយសារ​លោក​ខាងលិច​ ​តាម​ខ្ញុំ​យល់​ លោក​វាយ​តម្លៃ​មិនបាន​ត្រឹម​ត្រូវ​ទេ​ចំពោះ​សភាពការណ៍​នៅ​កម្ពុជា។​ ​ហើយ​បើសិនជា​ចង់​ឲ្យ​កម្ពុជា​ដូច​លោក​ខាង​លិច​ ​គឺថា​មិន​អាច​ធ្វើ​ដូច​ភ្លាមៗ​ទេ​ ​ពីព្រោះ​ថា​កម្ពុជា​មិន​មែន​មាន​ប្រពៃណី​ដូច​លោក​ខាង​លិច​ទេ។​ ​អីចឹង ​បាន​ថា​យើង​ខិតខំ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​ប៉ុណ្ណឹង​ ​គួរតែ​អបអរ​សាទរ​ហើយ​ ​ប៉ុន្តែ​យើង​ក៏​មាន​ការ​សោកស្ដាយ​ដែរ​ មិន​មក​ចូលរួម​ហ្នឹង​ គឺ​ថា​យើង​មាន​ការ​សោក​ស្ដាយ»។

ស្ថានទូត​នៃ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​ចំនួន​៩ ដែល​មិន​បាន​ចូលរួម​ការ​បើក​សម័យ​ប្រជុំ​ដំបូង​នៃ​រដ្ឋ​សភា​ឯកបក្សអាណត្តិទី៦ ​នា​ព្រឹក​ថ្ងៃពុធ​នេះ​ ​មាន​ដូចជា​ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី អាល្លឺម៉ង់​ ​កាណាដា​ ​អង់គ្លេស​ ​បារាំង​ ​ស៊ុយអែត និង​ប៊ុលហ្គារី។

តំណាង​ស្ថានទូត​មួយ​ចំនួន​ ដូចជា​អាមេរិក​ ​សហភាព​អឺរ៉ុប អាល្លឺម៉ង់ ​អះអាង​ថា មូលហេតុ​ដែល​ឯកអគ្គ​រដ្ឋទូត​របស់​ពួកគេ​មិន​ចូលរួម ដោយសារ​ពួកគេ​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។​ ​ចំណែក​អូស្ត្រាលី​អះអាង​ថា ការ​ដែល​អូស្ត្រាលី​សម្រេច​មិន​ចូលរួម​ ​គឺ​ដោយសារ​អូស្ត្រាលី​ឈរ​លើ​ទស្សនៈ​របស់​ខ្លួន​ថា ការ​បោះឆ្នោត​អាណត្តិ​ទី​៦នេះ ជា​ការ​បោះឆ្នោត​ដែល​មិន​មាន​ភាព​ត្រឹមត្រូវ។

មាត្រា​១​ ​នៃ​រដ្ឋធម្មនុញ្ញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​១៩៩៣ ចែង​ថា៖ «ប្រទេស​កម្ពុជា ​ជា​ព្រះ​រាជាណាចក្រ​ ដែល​ព្រះ​មហាក្សត្រ​ ទ្រង់​ប្រតិបត្តិ​តាម​រដ្ឋធម្មនុញ្ញ និង​តាម​លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស»។

យ៉ាង​នេះ​ក្ដី លោក​ ​ឡេង​ ប៉េងឡុង​ ​បាន​ការពារ​រដ្ឋសភា​ដែល​នឹង​ដឹកនាំ​ដោយ​ឯកបក្ស​នេះ​ថា មិន​មាន​ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ទេ ដោយ​លោក​អះអាង​ថា៖​

«អត់​មាន​ខុស​ច្បាប់​អី​ទេ​ ​ពីព្រោះ​ថា​ ​ក្នុង​រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋសភា​មាន​សមាជិក​១២០​រូប​យ៉ាងតិច។​ អីចឹង ​យើង​បាន​១២៥ ដោយសារ​ថា​មាន​ច្បាប់​ថ្មី​ក្រោយ​ដាក់​ថា​១២៥​រូប អីចឹង​វា​មិន​ខុស​រដ្ឋ​ធម្មនុញ្ញ​ទេ។​ ​ហើយ​អត់​មាន​អី​ខុស​ទេ គឺថា​ ​នេះ​ជា​ឆន្ទៈ​របស់​ប្រជារាស្ត្រ របស់​ប្រជារាស្ត្រ​យើង»។​

បន្ទាប់​ពី​រដ្ឋសភា​នៅ​ថ្ងៃពុធ​នេះ ​បាន​បើក​សម័យ​ប្រជុំ​លើក​ដំបូង​ ​និង​ស្បថ​ចូល​កាន់​តំណែងជា​តំណាងរាស្ត្រ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​ ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​មួយ​ទៀត​ដើម្បី​បោះឆ្នោត​ផ្ដល់​ការ​ទុក​ចិត្ត​ដល់​រដ្ឋាភិបាល​អាណត្តិ​ថ្មី។​ ​ក្រោយ​កិច្ច​ប្រជុំ​នោះ​ ​រដ្ឋាភិបាល​ថ្មី​នឹង​ចូល​ស្បថ​នា​រសៀល​ថ្ងៃ​ដដែល​ ​ហើយ​នឹង​បើក​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្ត្រីលើក​ដំបូង​សម្រាប់​អាណត្តិ​ថ្មី​នៅ​ព្រឹក​ថ្ងៃសុក្រ​ទី​៧ ខែ​កញ្ញា​នេះ។

ក្រោយ​លទ្ធ​ផល​បោះឆ្នោត​ដែល​បង្ហាញ​ថា​ ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ដឹកនាំ​រដ្ឋសភា​ ​និង​រដ្ឋាភិបាល​ដោយ​ឯកបក្ស​ ​គេ​ឃើញ​បណ្ដា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួន ​ដូចជា​សហរដ្ឋ​អាមេរិក​ ​អូស្ត្រាលី​ ​អាល្លឺម៉ង់​ ​និង​សហភាព​អឺរ៉ុប​ជាដើម​ បាន​រិះគន់​ការ​បោះឆ្នោត​ ​និង​បាន​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ ដោយ​ចាត់​ទុក​ថា​ ​វា​ជា​ការ​ធ្វើ​ឡើង​ខុស​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។​

ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ បាន​ច្រាន​ចោល​ការ​រិះគន់​របស់​អន្តរ​ជាតិ​ដោយ​និយាយ​ថា​ ​ការ​រិះគន់​ទាំង​នោះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការណ៍​ពិត​ ​និង​ថា ​រដ្ឋាភិបាល​កម្ពុជា​ អនុវត្ត​ទៅ​តាម​ច្បាប់​ ​ស្រប​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ប៉ុណ្ណោះ៕ ប្រភព៖ VOA