ប្រហែល​ពុំ​ធ្លាប់​កើត​មាន​ទេ ពី​មុន​មក​ ! នៅ​ថ្ងៃពុធ​ទី ៥​កញ្ញា ម្សិលមិញ ​ញូវយ៉កថែមស៍ បាន​ផ្សព្វផ្សាយ​លិខិត​មួយ​ សរសេរ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​រដ្ឋការ​លោក​ដូណាល់ ត្រាំ ក្នុង​ទំព័រ​កាសែត​របស់​ខ្លួន ដោយ​មិន​បញ្ចេញឈ្មោះអ្នក​និពន្ធទេ។ ​ជា​​លិខិត​វាយប្រហារ​លោក​ត្រាំ ជាមួយ​សេចក្តី​ពន្យល់​ថា​តើ​ពួកគេ​ប្រឹង​តស៊ូ​ប្រយុទ្ធ ផ្ទៃ​ក្នុង​​យ៉ាង​ណា​ខ្លះ ​ប្រឆាំងទង្វើ​មិនត្រឹម​ត្រូវ​របស់​ប្រធានាធិបតី​អាមេរិក។

ក្រោម​ចំណងជើង​ថា « ខ្ញុំ​ជាមនុស្ស​ម្នាក់​នៃ​ចលនា​តស៊ូ​​ក្នុង​រដ្ឋការ​លោក​ត្រាំ » អ្ន​ក​និពន្ធ​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ថា​ នេះ​មិនមែន​ជា​សកម្មភាពគាំទ្រ​​បក្ស​ប្រឆាំង​ទេ ប៉ុន្តែ​គឺ​ដើម្បី​ការពារ​ប្រទេស ប្រឆាំង​នឹង​ឥរិយាបថ​របស់​ប្រធានាធិបតី​ទី ៤៥​នៃ​សហរដ្​ឋអាមេរិក ដែល​ប្រកាន់​ស្ទីល​ដឹកនាំ​បែប​មិនថ្លៃថ្នូ បែប​ច្រឡោត និង​​ គ្មាន​ប្រសិទ្ធភាព។ អ្នក​និពន្ធ​បាន​ធានាថា លោក​មិន​មែន​ធ្វើ​តែម្នាក់ឯង​ទេ តែ​មាន​មន្ត្រីជាន់​ខ្ពស់​ក្នុង​រដ្ឋបាល​ ​ជា​ច្រើន​នាក់ កំពុង​ស្ថិត​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​លោក​ត្រាំ។ ហើយ​​ជា​លើក​ទី​មួយ​ បើ​តាម​ការ​អះអាង​របស់​អ្នក​និពន្ធនេះ​ដដែល ដែល​គណៈរដ្ឋមន្ត្រី​នាំ​គ្នា​លើក​ឡើង​អំពី​ការ​ដាក់​ឱ្យ​ដំណើរការ​ជា​យថាហេតុ​ បែប​បទ​ទម្លាក់​ប្រធានាធិបតី​​ពីបទ​អសមត្ថភាព។

“យើង​មាន​កាតព្វកិច្ច​ការពារ​ជាតិ តែ​ប្រធានាធិបតី​បន្ត​ធ្វើ​សកម្មភាព​បែប​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ទៅ​វិញ ! ហេតុដូច្នេះ​ហើយ​បាន​យើង​ប្រឹង​ធ្វើ​គ្រប់យ៉ាង​ដើម្បីការពារ​ស្ថាប័ន​ប្រជាធិបតេយ្យ​ ដោយ​ត្រូវ​ទប់​ចរិត​យ៉ាប់យឺន​ខ្លាំង​របស់​លោក​ដូណាល់ ត្រាំ រហូត​ទាល់​តែ​គ » នេះ​តាម​សំណេរ​ក្នុង​លិខិត​ដដែល។

ការ​ផ្សព្វផ្សាយ​សក្ខីកម្ម​នេះ ធ្លាក់​មក​​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​ផ្សព្វផ្សាយ​​សម្រង់​សៀវភៅ​របស់​អ្នក​កាសែត​ស៊ើប​អង្កេត​ Bob Woodward ដ៏​ល្បីល្បាញ​ ដែល​រៀប​រាប់​ថា​ ប្រធានាធិបតី​អាមេរិក​ដូណាល់​ត្រាំ ជាមនុស្ស​ចិត្ត​ស្រាល​ មមើមមាយ​ដែល​សហការី​ត្រូវ​ប្រឹង​ត្រួត​ពិនិត្យ ឬ​បង្វែរបង្វៀង​ហេតុការណ៍ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់។

ដោយ​គ្មាន​បង្អង់ និង​ដូច​ទម្លាប់ លោក​ដូណាល់​ ត្រាំ​​ បាន​បញ្ចេញ​ប្រតិកម្ម​តាម​​ទ្វីត ចោទ​សួរ​ថា​តើ​នេះ​ជា​ទង្វើ​ក្បត់​ឬ ?! លោក​ប្រធានាធិបតី​ក៏​បាន​បរិហារ​កាសែត​ញូវយ៉កថែមស៍​ថា​គ្មាន​ភាព​ស្មោះត្រង់​សោះ។ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅចាត់​ទុក​ការ​ផ្សព្វផ្សាយ​​របស់​កាសែត​ញូវយ៉ក​ថែម​ស៍ ថា​ខ្វះ​ការ​ពិចារណា​ និង​អាត្មានិយម។

ញូវយ៉ក​ថែមស៍​បាន​ពន្យល់​ថា សេចក្តី​សម្រេច​ចិត្ត​ដ៏កម្រ​ផ្សាយ​អត្ថបទ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ធ្វើ​ឡើង​តាម​សំណើ​របស់​អ្នក​និពន្ធ​ ដែល​កាសែត​ស្គាល់​អត្តសញ្ញាណ​យ៉ាង​ច្បាស់ និង​យល់​ថា​នេះ​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អនុញ្ញាត​ឱ្យ​អ្នក​អាន​បាន​កត់​សម្គាល់​អំពី​ភាព​សំខាន់​នៃ​ស្ថានការណ៍។

ការផ្សព្វផ្សាយ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នកនិពន្ធ​នេះ ក៏​បាន​បង្ក​បង្កើត​ឱ្យ​មាន​សំណួរ​ជា​ច្រើន​ និង​ការ​រិះគន់​ក៏​ច្រើន​ នៅ​ក្នុង​ចំណោម​សារព័ត៌មាន​ធំៗ​របស់​អាមេរិក​រាប់​ទាំង​រង្វង់​កាសែត​ញូវយ៉ក​ថែមស៍​ខ្លួន​ឯង​ផង៕ ប្រភព៖ RFI