​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ នាយទាហាន​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​៣​រូប ត្រូវ​ដំឡើង​ឋានន្តរស័ក្តិ និង​ប្រកាស​តែងតាំង​ឲ្យចូល​កាន់ តំណែង​ជា​ផ្លូវការ សម្រាប់​អាណត្តិ​ទី​៦​ថ្មី​នេះ​។​

Loading...

​នាយទាហានជាន់ខ្ពស់​ទាំង​៣​រូប ដែល​ត្រូវ​ប្រកាស​ឱ្យ​កាន់​តំណែង​កំពូលៗ​របស់​កងទ័ព នៃ​ប្រទេស​កម្ពុជា រួមមាន​៖ នាយ​ឧត្តម​សេនីយ៍ វង្ស ពិ​សេន ត្រូវបាន​តែងតាំង​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវបាន​តែង​តាំង​ជា​អគ្គមេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​។​

​ពិធី​ធ្វើ​ឡើង​ក្រោម​អធិបតី សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​។​

​លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ បាន​ថ្លែងថា​ ​មុន​មក​កាន់​តួនាទី​ជា​មេទ័ព​កំពូល​របស់​ជាតិ លោក​ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន គឺជា​មេបញ្ជាការរង និង​ជា​នាយសេនាធិការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​តាំងពី​ឆ្នាំ​២០០៧ មកម្ល៉េះ​។​

​ប្រវត្តិ​សង្ខេប​ការងារ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​លោក វង្ស ពិ​សេន កើត​នៅ​ភូមិ​លេខ​១ ឃុំ​កំពង់លាវ ស្រុក​កំពង់លាវ ខេត្ត​ព្រៃវែង បាន​ចូល​បម្រើ​កងទ័ព​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​១៩៧៩ ទទួលបាន​មុខ​តំណែង​​និង​ឋានន្តរសក្តិ​ដូចខាងក្រោម​៖

  • -១៩៧៩ – ១៩៨០ ជា​ប្រធាន​ក្រុម​
  • -១៩៨០ – ១៩៨១ ជា​សិក្ខាកាម​អាកាសចរ ដល់​ខែ​សីហា ១៩៨១ ជា​ប្រធាន (​ខ​) ជំនួយការ​ប្រធានការិយាល័យ​សេនាជន​ខេត្តព្រៃវែង​
  • -១៩៨១ – ១៩៨៤ អនុ (​ឃ​) អនុ​មន្ទីរ​សេនាធិការ​យោធា​ខេត្ត​ព្រៃវែង​
  • -១៩៨៤ – ១៩៨៧ ប្រធាន (​ឃ​) ប្រធាន​មន្ទីរ​សេនាធិការ​យោធា​ខេត្ត​ព្រៃវែង​
  • -១៩៨៧ – ១៩៨៩ អនុ (​ង​) អនុសេនីយ៍ឯក មេបញ្ជាការរង​យោធា​ខេត្ត​ព្រៃវែង​
  • -១៩៨៩ – ១៩៩១ វរសេនីយ៍ត្រី អនុ​បញ្ជាការ F២៨៦
  • -១៩៩១ – ១៩៩៥ វរសេនីយ៍ឯក មេបញ្ជាការ​តំបន់សឹករង​ខេត្តព្រៃវែង​
  • -១៩៩៥ – ១៩៩៩ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
  • -១៩៩៩ – ២០០១ ឧត្តមសេនីយ៍ត្រី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​
  • -២០០១ – ២០០៣ ឧត្តមសេនីយ៍ទោ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
  • -២០០៣ – ២០១៨ ឧត្តមសេនីយ៍ឯក មេបញ្ជាការរង និង​ជា​នាយ​សេនាធិការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​
  • -២០១៨ – បច្ចុប្បន្ន នាយ​ឧត្តមសេនីយ៍ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​៕​ ​ដោយ ​៖​ ញ្ញា​ស័ក្តិ​