ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃព្រហស្បតិ៍​បាន​ប្រកាស​ចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ចូល​វាយប្រហារ​តាម​ប្រព័ន្ធកុំព្យូទ័រ​ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់​នៅអំឡុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ រួម​ទាំង​ការ​ចូល​លួច​ទិន្នន័យ​ក្នុង​ប្រព័ន្ធកុំព្យូទ័រ​របស់​ក្រុមហ៊ុន​ផលិត​ភាពយន្ត​ Sony Pictures Entertainment កាល​ពី​ឆ្នាំ២០១៤ និង​ការ​វាយប្រហារ​ទៅ​លើ​ធនាគារ​ជាតិ​របស់​ប្រទេស​បង់ក្លាដែស​កាល​ពី​ឆ្នាំ២០១៦។

Loading...

​រដ្ឋអាជ្ញា​បាន​រក​ឃើញ​អត្តសញ្ញាណ​ជន​ដែល​បាន​វាយប្រហារ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​នោះ​ មាន​ឈ្មោះ​ថា Park Jin Hyok ដែល​ជា​អ្នកបង្កើត​កម្មវិធី​កុំព្យូទ័រ​ឲ្យ​ក្រុមហ៊ុន

Chosun Expo ដែល​ជា​ក្រុមហ៊ុន​រង​ការ​ចោទ​ប្រកាន់​ថា​ជា​របស់​រដ្ឋាភិបាល​កូរ៉េ​ខាងជើង។ ជនឈ្មោះ Park និង​អ្នក​វាយប្រហារ​តាម​កុំព្យូទ័រ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ទៀត​ត្រូវ​បាន​ចោទ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចូល​លួច​បន្លំ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ និង​ការ​លួចបន្លំ​តាម​ប្រតិបត្តិការ​ក្នុង​ប្រព័ន្ធ​អ៊ិនធឺណិត​នៅ​ជុំវិញ​ពិភពលោក​ ខណៈ​ធ្វើ​ប្រតិបត្តិការ​ចេញ​ពី​កូរ៉េខាងជើង​ ប្រទេសចិន​ និង​ពី​ប្រទេសផ្សេងៗ​ទៀត។

ជនឈ្មោះ Park ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ការ​លួច​ឃុបឃិតនៅក្នុង​ការ​លួចបន្លំ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​មិន​ទាន់​បាន​ចាប់​ខ្លួន​នៅ​ឡើយ។ កងកម្លាំង FBI បាន​បិទ​ប្រកាស​តាម​ចាប់​ខ្លួន​ជន​នេះ។ ក្រសួងហរិញ្ញវត្ថុ​សហរដ្ឋអាមេរិក​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ជនឈ្មោះ Park និង​ក្រុមហ៊ុន Chosun Expo ពី​បទ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​វាយប្រហារ​ទាំងនេះ៕ ប្រភព៖ VOA