អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦​ខែ​កញ្ញា បាន​សម្រេច​បញ្ចប់​មុខ​តំណែង​ទី​ប្រឹក្សា និង​ជំនួយ​ការ​ទាំង​អស់ ក្នុង​ជួរ​រដ្ឋាភិបាល​អាណ្តត្តិ​ទី​៥​។ ជា​ការ​បញ្ចប់​តំណែង​ដែល​បើ​តាម​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ គឺ​ដោយ​សារ​តែ​មន្ត្រី​ទាំង​អស់​នោះ ផុត​អាណត្តិ ហើយ​តំណែង​ទី​ប្រឹក្សា និង​ជំនួយ​ការ​ទាំង​អស់ ក្នុង​អណ្តត្តិ​ទី ៦ នឹង​ត្រូវ​តែង​តាំង​ថ្មី យ៉ាង​យូរ​បំផុត ២​សប្តាហ៍​ក្រោយ​រាជ​រដ្ឋាភិបាល នីតិកាល​ទី ៦ បាន​បង្កើត​ឡើង​។

Loading...

​អនុក្រឹត្យ ដែល​មាន​ចុះ​ហត្ថលេខា​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សម្រេច​បញ្ចប់​មុខ​តំណែង​ទី​ប្រឹក្សា ជំនួយ​ការ​ទាំង​អស់​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទីប្រឹក្សា​ ជំនួយ​ការ​ទាំង​អស់​របស់​ខុទ្ទការល័យ​ឧបនាយករដ្ឋមន្ត្រី ទី​ប្រឹក្សា​ ជំនួយការ​ទាំង​អស់​របស់​ថ្នាក​ដឹក​នាំ​ក្រសួង ស្ថាប័ន ទី​ប្រឹក្សា​ ជំនួយ​ការ​អម​ក្រសួង ស្ថាប័ន​ទាំង​អស់ និង​ទី​ប្រឹក្សា​ជំនួយ​ការ​អង្គភាព​ចំណុះ​ក្រសួង​ ស្ថាប័ន​ទាំង​អស់ ដែល​បាន​តែង​តាំង​ដោយ​អនុក្រឹត្យ មុន​ថ្ងៃ​ទី ០៦​ខែ​កញ្ញា​ ឆ្នាំ ២០១៨​។

​ជុំវិញ​ការ​បញ្ឈប់​តំណែង​ជំនួយ​ការ និង​ទី​ប្រឹក្សា​នៅ​អាណត្តិ​រដ្ឋាភិបាល​ចាស់​នេះ លោក​ ផៃ ស៊ី​ផាន​ ដែល​ទើប​ត្រូវ​បាន​ព្រះមហាក្សត្រ​តែង​តាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង ជា​អ្នក​នាំ​ពាក្យ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ថ្មី បាន​លើក​ឡើង​ថា ​ការ​បញ្ចប់​មុខ​តំណែង​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឲ្យ​មាន​ការ​ស្នើ​សុំ​តែង​តាំង​តំណែង​ទី​ប្រឹក្សា និង​ជំនួយ​ការ​ថ្មី​តែ​ប៉ុណ្ណោះ​។ ការ​តែង​តាំង​ថ្មី ដែល​តម្រូវ​ឲ្យ​គ្រប់​សាម៉ី​ក្រសួង ឬ សាម៉ី​ឥស្សរជន ដែល​ត្រូវ​ការ​ទី​ប្រឹក្សា ឬ​ជំនួយ​ការ ត្រូវ​តែ​ដាក់​លិខិត​ស្នើ​សុំ ការ​តែង​តាំង ពី​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ឬ ពី​អង្គ​ព្រះមហាក្សត្រ​។

តាម​លោក​ ផៃ ស៊ី​ផាន ការ​តែងតាំង​ទី​ប្រឹក្សា និង​ជំនួយ​ការ​ថ្មី សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ នឹង​ត្រូវ​សម្រេច​ឡើង យ៉ាង​យូរ​មិន​ឲ្យ​លើស​ពី ២​សប្តាហ៍ ​ក្រោយ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ទេ​។ មិន​អាច​យូរ​បាន ដោយសារ​តែ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ត្រូវ​មាន​ភារកិច្ច​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់​។

បើ​តាម​លោក យក់ ប៊ុន​ណា រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​​ក្រសួង​មុខ​ងារ​សាធារណៈ ចំនួន​ទី​ប្រឹក្សា​ និង​ជំនួយ​ការ​របស់​រាជ​រដ្ឋាភិបាល កាល​ពី​អណត្តិ​ទី ៥ មាន​ចំនួន​ជាង ១​ពាន់​នាក់​។ កន្លង​មក​ការ​តែង​តាំង​ទី​ប្រឹក្សា ឬ​ជំនួយ​ការ​របស់​បុគ្គល ឬ ស្ថាប័ន តែង​រង​នូវ​ការ​រិះគន់​ពី​សំណាក់​សង្គម​ស៊ីវិល ថា​ជា​ការ​បង្កើន​បរិមាណ​មនុស្ស ដែល​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​ថវិកា​ជាតិ​។

ក៏​ប៉ុន្តែ លោក យក់ ប៊ុន​ណា បាន​បញ្ជាក់​ថា ទី​ប្រឹក្សា និង​ជំនួយការ​ភាគ​ច្រើន គឺ​ជា​មន្ត្រី​ដែល​មាន​តួនាទី​ស្រាប់​ក្នុង​ជួរ​រដ្ឋាភិបាល ហើយ​តំណែង​ទី​ប្រឹក្សា និង​ជំនួយ​ការ គឺ​ជា​តំណែង​បន្ថែម​ពី​លើ​មុខងារ​ដែល​មាន​ស្រាប់ ដែល​មន្ត្រី​ទាំង​អស់ នឹង​ទទួល​បាន​ប្រាក់​ខែ​តែ​មួយ​មុខ​ប៉ុណ្ណោះ មិន​មាន​ការ​ថែម​ប្រាក់​ខែ​លើ​មុខ​តំណែង​បន្ថែម​នោះ​ឡើយ​។ តាម​លោក យក់ ប៊ុន​ណា មន្ត្រី​រាជការ​ដែល​ទទួល​បាន​តំណែង​ជា​ទីប្រឹក្សា ឬ ជំនួយការ គឺ​គ្រាន់​តែ​បង្កើន​ឋានៈ មិន​មាន​ការ​បង្កើន​ទំហំ​ប្រាក់​ខែ​នោះ​ទេ​៕ ប្រភព៖ RFI