នៅ​ក្នុង​ប្រទេស​ចិន ការិយាល័យ​ពន្ធដារ​បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​សៅរ៍ ទី៨ កញ្ញា​ពី​កំណើន​សំណល់ពាណិជ្ជកម្ម​ចិន​ជាមួយ​អាមេរិក​ដែល​មាន​ដល់​ទៅ ៣១ ០៦០លានដុល្លារ​ក្នុង​ខែ​សីហា​កន្លង​ទៅ។ នេះ​ជា​សក្ខីកម្ម​មួយ​ដែល​បន្ត​បញ្ជាក់​ថា ទោះ​បី​ជា​ចិន និង​អាមេរិក​កំពុង​មាន​សង្រ្គាមពាណិជកម្ម​រវាង​គ្នា​ដោយ​ប្រើ​វិធានការ​ដំឡើងពន្ធ​ក៏​ដោយ ក៏​ការ​នាំ​ទំនិញ​ចិន​ទៅ​កាន់​អាមេរិក​កំពុង​បន្ត​កើន​ឡើង​ជានិច្ច។ ដំណឹង​មួយ​នេះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​រឹត​តែ​ខឹង​សម្បារ​ថែម​ទៀត។

Loading...

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក​កាន់​តែ​ឡើង​កំដៅ ទឹកប្រាក់​នៃ​សំណល់​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាមេរិក​ក៏​កាន់​តែ​ឡើង​ស្រឺតៗ​ដែរ។ ជាក់ស្តែង​ក្នុង​ខែ​សីហា គឺ​មាន​ដល់​ទៅ ៣១ ០៦០លានដុល្លារ ពោល​ច្រើន​ជាង​ខែ​កក្កដា​ដែល​មាន ២៨ ១០០លានដុល្លារ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ខែ​សីហា ២០១៧ គឺ​មាន​ការ​កើន​ឡើង​ចំនួន ១៨,៧%។ កំណើន​សំណល់ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាមេរិក​បាន​មក​ពី​កំណើន​នាំ​ចេញ​ទំនិញ​ចិន​ចូល​អាមេរិក​ដែល​ក្នុង​រយៈ​ពេល ១ឆ្នាំ បាន​កើន ១៣% ក្នុង​ទឹកប្រាក់​ជាង ៤៤ ៤០០លានដុល្លារ។ ចំណែក​ការ​នាំ​ចេញ​ទំនិញ​អាមេរិក​ចូល​ចិន​វិញ គឺ​ហាក់​នៅ​ស្ថិត​ក្នុង​ខែ​សីហា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ជា ១៣ ០០០លានដុល្លារ​ប៉ុណ្ណោះ។

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ធ្លាប់​បាន​និយាយ​ច្រើន​ដង​ថា ការ​ដោះដូរ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នៅ​មិន​ទាន់​ស្មើ​ភាព​គ្នា​ទេ។ ដូច្នេះ​ដំណឹង​មួយ​នេះ​នឹង​ជា​សក្ខីកម្ម​ថ្មី​មួយ​ទៀត​ដែល​អនុញ្ញាត​ឲ្យ​លោក​ត្រាំ​បន្ត​បន្តឹង​ខ្សែ​ពាណិជ្ជកម្ម​ជាមួយ​ចិន​តាម​រយៈ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក។ « ខ្ញុំ​ត្រូវ​តែ​មាន​ជំហរ​តឹងរឹង​ជាមួយ​ចិន ព្រោះ​ជា​រៀងរាល់​ឆ្នាំ ចិន​បាន​យក​លុយ​ពី​អាមេរិក​ចំនួន ៥០០ ០០០លានដុល្លារ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ត្រាំ​ដោយ​ផ្អែក​លើ​តួលេខ​នៃ​ការ​នាំ​ទំនិញ​ចិន​ចូល​អាមេរិក​ក្នុង​ឆ្នាំ ២០១៧ ដែល​មាន​ទឹកប្រាក់​ជាង ៥០៥ ០០០លានដុល្លារ។

សូម​ជម្រាប​ជូន​ថា ផលិតផល​អាមេរិក​ដែល​ចិន​បាន​នាំ​ចូល​គឺ​មាន​បរិមាណ ៤ដង​តិច​ជាង​ផលិតផល​ចិន​នាំ​ទៅ​កាន់​អាមេរិក។ ចន្លោះ​ខែ​កក្កដា និង​សីហា អាមេរិក​បាន​ដំឡើង​ពន្ធ​ក្នុង​អត្រា ២៥% លើ​ទឹកប្រាក់ ៥០ ០០០លានដុល្លារ​នៃ​ការ​នាំ​ទំនិញ​ចិន​នំា​ចូល​អាមេរិក។ នៅ​ពេល​ឆាប់ៗ​ខាង​មុខ ទីក្រុង​វ៉ាស៊ីនតោន​នឹង​បន្ត​ដំឡើង​ពន្ធ​លើ​ទំនិញ​ផ្សេង​ទៀត​របស់​ចិន ហើយ​លោក​ត្រាំ​បាន​ព្រមាន​ទុក​ជា​មុន​ថា លោក​នឹង​អាច​ដំឡើង​ពន្ធ​លើ​ទំនិញចិន​ទាំង​អស់​ដែល​នាំ​ចូល​អាមេរិក។ ចំណែក​ចិន​ក៏​ធ្លាប់​បាន​ព្រមាន​ថា ខ្លួន​ក៏​ទុក​បណ្តោយ​ឲ្យ​អាមេរិក​ធ្វើ​អ្វី​ស្រេច​តែ​​ក្បាល​ចិត្ត​ទេ៕ ប្រភព៖ RFI