ប្រទេស​ចិន​កំពុង​ការ​ពារ​ការ​វិនិយោគទុន​ជា​ប្រវត្តិសាស្រ្ត​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ​ដោយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​កំពុង​ជំរុញ​សម្ព័ន្ធមិត្ត​ដែល​ត្រូវ​ការ​ប្រាក់​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​មួយ​នេះ​ឲ្យ​ចូល​ក្នុង​«អន្ទាក់​បំណុល​របស់​ចិន»។

​លោក Wang Yi ​ទី​ប្រឹក្សា​រដ្ឋ​និង​រដ្ឋ​មន្រ្តីការ​បរទេស​ចិន​ដែ​ល​កំពុង​បំពេញ​ទស្សន​កិច្ច​ប្រទេស​នោះ​បាន​ធ្វើ​កំណត់​សម្គាល់កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​រដ្ឋធានី​អ៊ីស្លាមម៉ា​បាត​បន្ទាប់​ពី​ការ​ចរចា​ជាមួយ​លោក ​Shah Mehmood Quereshi ​រដ្ឋ​មន្រ្តី​ការ​បរ​ទេស​របស់​ប៉ាគីស្ថាន។

​កម្មវិធី​ទ្វេភាគី​ដ៏​ធំមួយ​ដែល​គេ​ស្គាល់​ថា​ «របៀង​សេដ្ឋកិច្ច​ចិន​និង​ប៉ាគីស្ថាន»​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ការ​ផ្តួច​ផ្តើម​ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​របស់​ប្រធានា​ធិបតី​ចិន​ស៊ី ​ជីង​ពីង។

របៀង​សេដ្ឋ​កិច្ច​ចិន​និង​ប៉ាគីស្ថាន ​មាន​គោល​បំណង​ស្ថាបនា​និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បណ្តាញ​ដឹក​ជញ្ជូន​ ​គម្រោង​ថាមពល ​កំពង់​ផែទឹក​ជ្រៅ​នៅ​តំបន់​ Gwadar ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បី​គាំទ្រ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​របស់​ប៉ាគីស្ថាន​ជាមជ្ឈមណ្ឌល​ផលិត​កម្ម​ដ៏ធំមួយ​នៅ​ឆ្នាំ​២០៣០។

លោក ​Wang ​បាន​និយាយ​ថា ក្នុង​រយៈ​ពេល​៤ឆ្នាំ​ចុង​ក្រោយ​នេះ ​របៀង​សេដ្ឋកិច្ច​ចិន​និង​ប៉ាគីស្ថាន​បាន​នាំ​ប្រាក់​វិនិយោគ​របស់​ចិន​ប្រហែល​១៩​ពាន់​លាន​ដុល្លារ​ចូល​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ហើយ​គម្រោង​២២​ផ្សេង​ទៀត​បាន​ត្រូវ​បញ្ចប់​ឬ​នឹង​ត្រូវ​បញ្ចប់។

រដ្ឋ​មន្រ្តីការ​បរទេស​ចិន​បាន​ពន្យល់​ថា គម្រោង​ចំនួន​១៨​បានផ្តល់​ហិរញ្ញវត្ថុតាម​រយៈ​ការ​វិនិយោគ​ទុន​ដោយ​ផ្ទាល់​ដោយ​ចិនឬ​ដោយ​ជំនួយ​របស់​ចិន។​ លោក​ក៏​បាន​ច្រាន​ចោល​ការ​ព្រួយ​កង្វល់​អំពី​តម្លាភាព​របស់​គម្រោង​របៀង​សេដ្ឋកិច្ច​ចិន​ និង​ប៉ាគីស្ថាន​ នោះ៕ ប្រភព៖ VOA