ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ស៊ុយអែត បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភា​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​អាច​ផ្លាស់ប្តូរ​កិត្តិនាម​ជា​ប្រទេស​សេរី​នៅ​ក្នុង​តំបន់ Scandinavia នេះ​បាន។ ​

អ្នក​ប្រជាធិបតេយ្យ​ស៊ុយអែត​ដែល​ប្រឆាំង​នឹង​អន្តោប្រវេសន៍ ដែល​ចង់​ឲ្យ​ប្រទេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ និង​បង្កក​ការ​ធ្វើ​អន្តោប្រវេសន៍ កំពុង​តែ​សង្ឃឹម​ថា នឹង​ក្លាយ​ជា​គណបក្ស​ដែល​មាន​អ្នក​គាំទ្រ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស។

មេដឹកនាំ​ប្រជាធិបតេយ្យ​ស៊ុយអែត លោក Jimmie Akesson បាន​ថ្លែង​ទៅ​កាន់​អ្នក​បោះឆ្នោត​កាល​ពី​ថ្ងៃ សៅរ៍​ ថា ចាំបាច់​ត្រូវ​មាន​គោលនយោបាយ​អន្តោប្រវេសន៍​ដ៏​តឹងរ៉ឹង​និង​មាន​ការ​ទទួល​ខុសត្រូវ​មួយ ដើម្បី​ជួយ​ដល់​ប្រទេស ស៊ុយអែត។

នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​សាធារណៈ​កាល​ពី​ថ្ងៃ សៅរ៍ លោក​នាយករដ្ឋមន្ត្រី Stefan Lofven បាន​ព្រមាន​ថា «អ្នក​ស្អប់ខ្ពើម​កំពុង​តែ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ប្រទេស ស៊ុយអែត ហើយ​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ប្រឆាំង​នឹង​មនុស្ស។ យើង​នឹង​ប្រឆាំង​នឹង​រឿង​នេះ។ យើង​នឹង​ក្រោក​ឈរ​ឡើង​ដើម្បី​សមភាព‍»។

ប្រទេស ស៊ុយអែត ក៏​ដូចជា​ប្រទេស​អឺរ៉ុប​ដទៃទៀត​ដែរ មាន​ការ​ហូរ​ចូល​អ្នក​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជាច្រើន ដែល​រត់ភៀស​ខ្លួន​ពី​ប្រទេស​កំណើត​របស់​ពួកគេ​ភាគច្រើន​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា អាស៊ី​ខាងត្បូង និង​អាហ្វ្រិក។

ការ​ហូរ​ចូល​ជនស្វែង​រក​សិទ្ធិជ្រកកោន​ចំនួន​១៦៣០០០​នាក់​ទៅ​ក្នុង​ប្រទេស​ស៊ុយអែត​កាល​ពី​ឆ្នាំ​២០១៥ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស៊ុយអែត​ដែល​ជា​ម្ចាស់​ឆ្នោត​បែកខ្ញែក​គ្នា​ជា​ពីរ​ក្រុម​ ទៅ​លើ​ការ​គាំទ្រ​ខាង​នយោបាយ​ដែល​ធ្លាប់​តែ​ស្រុះស្រួល​មតិ​គ្នា៕ ប្រភព៖ VOA