​កណ្តាល ​៖ ឧត្តមសេនីយ៍ឯក ហ៊ុន​ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ គម្រប់​ឆ្នាំ​ទី​១០ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ថ្លែងថា ការ​ការពារជាតិ​មិនមែនជា​ភារកិច្ច​របស់​មនុស្ស​ជំនាន់​ណា​មួយ​នោះទេ គឺជា​ភារកិច្ច​របស់​យើង​ទាំងអស់​គ្នា​គ្រប់​ជំនាន់​។ ដូច្នេះ ភារកិច្ច​ពី​មួយ​ជំនាន់​ទៅមួយ​ជំនាន់​យើង​ត្រូវ​រួមគ្នា បី​ដូច​ជា​យើង​ជិះទូក គឺ​ត្រូវ​ទៅ​មុខ​ជា​និច្ច ហើយ​លឿន​ជាង​មុន​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា យើង​ត្រូវការ​នាយទាហាន​ជំនាន់​មុន​ជួយ​ប្រាប់ ជួយ​តម្រង់ទិស ដើម្បី​ដើរ​តាម​ទិសដៅ នៃ​កំណែទម្រង់​ក្នុង​ការពង្រឹង​កងទ័ព ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​។ ដើម្បី​សម្រេចបាន​ជោគជ័យ​យើង​ត្រូវការ​ចូលរួម ព្រោះ​ការចូលរួម​នេះ គឺ​សំខាន់​ណាស់​មនុស្ស​គ្រប់​ជំនាន់ ធ្វើ​យ៉ាងណា​ដើម្បី ឲ្យ​កងទ័ព​របស់​យើង​កាន់តែ​ខ្លាំង​។​

​លោក​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន្ត​ថា ប្រទេសជាតិ​មួយ​ខ្លាំង​គឺ​ខ្លាំង​ដោយសារ​កងទ័ព កងទ័ព​សម័យ​នេះ គឺ​មិន​ខុស​ពី​កងទ័ព​សម័យ​មុន គឺ​ខុស​តែ​អាយុ​ខុស​តែ​សមីការ​ប៉ុណ្ណោះ ប៉ុន្តែ​ភារកិច្ច និង​កាតព្វកិច្ច​របស់​យើង​មិន​ខុស​គ្នា​ទេ​។ តួនាទី​ភារកិច្ច និង​កាតព្វកិច្ច​របស់​កងទ័ព គឺ​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រាជរដ្ឋាភិបាល​ស្រុក​ច្បាប់ ការពារ​ទឹកដី និង​ថែរក្សា​សុខ​សន្តិ​ភាព​​ជូន​មាតុភូមិ និង​ប្រជាជន​។ ទោះបី​ប្រទេស​កម្ពុជា គឺជា​ប្រទេស​តូច​កងទ័ព​យើង មិនទាន់​មាន​សព្វាវុធ​ទំនើប ដូច​ប្រទេស​មហា​អំណាច ឬ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍​រួច ក៏ដោយ​ប៉ុន្តែ​កម្ពុជា មាន​កងទ័ព​ដ៏​ស្មោះត្រង់​មាន​ស្មារតី និង​ឆន្ទៈ​ស្នេហា​ជាតិ​។ កងទ័ព​កម្ពុជា​យើង បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ជាច្រើន ទាំង​ការខិតខំ​ស្វែងរក​សុខ សន្តិភាព ការកសាង ស្ថេរភាព​ជាតិ ឯកភាព​ជាតិ និង​រហូត​ឈានដល់​ដំណាក់កាល​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃនេះ គឺ​ពិត​ណាស់​មិន​អាច​ខ្វះ វត្ត​មាន​កងទ័ព​បាន​ឡើយ ដែល​ជា​តួអង្គ​ប្រតិបត្តិ​ករ​ដ៏​សំខាន់​របស់​មាតុភូមិ និង​ប្រជាជន​។​

​លោក​ឧត្តមសេនីយ៍ឯក បាន​បន្ថែមទៀតថា ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រេចបាន​ជោគជ័យ ដ៏​ត្រចះត្រចង់​បំផុត ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។ តាមរយៈ​លទ្ធផល នៃ​ការបោះឆ្នោត​ថ្មីៗ​នេះ សម្តេច​តេជោ ត្រូវបាន​ជ្រើសរើស ដោយ​ប្រជាពលរដ្ឋ​តាម​បែប​លទ្ធិប្រជាធិបតេយ្យ និង​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​រាជរដ្ឋាភិបាល​អណត្តិ​ទី​៦​ទៀត​។ ខឿន​ការពារជាតិ​របស់​ប្រជាជន និង​ខឿន​សន្តិសុខ​ជាតិ​កាន់តែ​បាន​ពង្រឹង ដែល​បាន​ធានា​ដល់​កិច្ចការពារ បូរណភាព​ទឹកដី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សន្តិសុខ​សង្គម និង​ការរស់នៅ​ដ៏​សុខសាន្ត របស់​ប្រជាជន​ព្រមទាំង​បង្ក​លក្ខណៈ​អំណោយផល​គ្រប់បែបយ៉ាង ដល់​ដំណើរការ នៃ​ការគ្រប់គ្រង​ស្ថាប័ន​សង្គម ទាំង​ស្ថាប័ន​សាធារណៈ​ស្ថាប័នឯកជន​ក៏ដូចជា​៖ អង្គការក្រៅរដ្ឋាភិបាល​នានា​នៃ​សង្គម​ស៊ីវិល​។​

​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា កំណែទម្រង់​ផ្អែកលើ​ស្មារតី​តែ​មួយគត់​គឺ​ជាតិនិយម​។ បើ​កងទ័ព​មិនមែន​ដើម្បី​ជាតិ ដើម្បី​ប្រជាជន គឺ​ដើម្បី​អី្វ​? ហើយ​កងទ័ព​ខ្មែរ បើ​មិន​ដើម្បី​ជាតិ​ខ្មែរ ដើម្បី​ប្រជាជន​ខ្មែរ គឺ​ដើម្បី​អី្វ​? នេះ​គឺជា​កំណែទម្រង់​និង​ចក្ខុ​វិស័យ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ដែល​ត្រូវ​ធ្វើឱ្យ​កងទ័ព​យើង​ខ្លាំង និង​មាន​ប្រសិទ្ធិភាព​។ នេះ​គឺជា​អ្វី​ដែល​យើង ទាំងអស់គ្នា​ត្រូវ​ទទួលស្គាល់​។ កងទ័ព​ជាមួយនិង​កិត្យានុភាព​របស់​ប្រទេស គឺ​ដើរ​ទន្ទឹម​គ្នា​។ កងទ័ព​នា​សម័យ​មហានគរ​ខ្លាំង​ធ្វើឱ្យ​យើង​ខ្លាំង បន្ទាប់​មក​ខ្មែរ​បែកបាក់​គ្នា ធ្វើឲ្យ​យើង​ចុះខ្សោយ ហើយ​នៅ​ឆ្នាំ​១៩៩៨ យើង​ខិតខំ​កសាង និង​រូប​រួម​គ្នា​គឺ​យើង​ធ្វើ​ឱ្យទ័ព​យើង​ខ្លាំង ហើយ​ស្នាដៃ​របស់​នាយទាហាន​ជំនាន់​មុន គឺ​បាន​កសាង​កងទ័ព​របស់​យើង បាន​មក​ដល់​ប៉ុណ្ណេះ គឺ​ធំធេង​ណាស់​សម្រាប់​ជាតិ​មាតុភូមិ​របស់​យើង​។ ហើយ​យើង​បន្ត​ទៅមុខ​ទៀត​ពង្រឹង និង​រក្សា​បន្ថែម​កងទ័ព​របស់​យើង​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​លោក​បាន​បញ្ជាក់ថា ទ័ព​បច្ចុប្បន្ន​ត្រូវ​ខិតខំ​យក​គំរូ​វីរភាព​កងទ័ព​ជំនាន់​មុន រក្សាទុក​នូវ​អ្វី​ដែល​ល្អៗ អ្វី​ដែល​យើង​មិនទាន់​បាន​ត្រូវ​ខិតខំ​ធ្វើកំណែទម្រង់ តាម​បទដ្ឋាន​គតិយុត្ត រួម​គ្នា​គិត រួមគ្នា​ធ្វើ រួម​គ្នា​អនុវត្ត រួម​គ្នា​ទទួលខុសត្រូវ​ចំពោះ ជាតិ​របស់​យើង​ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​។ “​សម្រាប់​ខ្ញុំ​ការទទួល​ភារកិច្ច មិនមែន​ជា​ការបំពាក់​ឋានន្តរ​សក្កិ ឬ​មាន​សិទ្ធិ​នោះ​ទេ ប៉ុន្តែ​វា​គឺជា​កាតព្វកិច្ច​និង​ការ​ទទួលខុសត្រូវ នៅក្នុង​ការអនុវត្ត​បទ​បញ្ជា និង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​ជាតិ របស់​ក្រសួង​ការពារជាតិ​។ ហើយ​ខ្ញុំ​យល់​​ថា កងទ័ព​គ្រប់​ជំនាន់​មាន​សុទិដ្ឋិនិយម ផ្អែក​លើ​ស្មារតី​ជាតិនិយម ទ័ព​ខ្មែរ​គឺ​ដើម្បី​ខ្មែរ​។ យើង​មានកា​ប្តេជ្ញាចិត្ត និង​គោលការណ៍​បែបនេះ គ្មាន​នរណា​ធ្វើ​ខ្មែរ​យើង​បែក​នោះទេ​”​។ លោក​ឧត្តមសេនីយឯក បញ្ជាក់បន្ថែម​ដូច្នេះ​៕ ​