រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump គ្រោង​នឹង​គំរាម​ដាក់​ទណ្ឌកម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ ប្រសិនបើ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ទាហាន និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិកាំង​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

Loading...

សេចក្ដី​ព្រាង​សុន្ទរកថា​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton គ្រោង​នឹង​ថ្លែង​នៅ​ពី​មុខ​អង្គការ Federalist Society នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នេះ មាន​គោល​ជំហរ​តឹងតែង​ប្រឆាំង​នឹង​តុលាការ ICC។ សេចក្ដី​ព្រាង​នោះ​បាន​បញ្ជាក់​ថា តុលាការ ICC គ្មាន​យុត្តាធិការ​លើ​បុគ្គល​ដែល​មក​ពី​សហរដ្ឋ​អាមេរិក ឬ​ក៏​ប្រទេស​ណា​ដែល​មិន​បាន​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ដែល​បង្កើត​តុលាការ​នេះ​ឡើង​នោះ​ទេ។

តុលាការ ICC បាន​ចាប់ផ្ដើម​ប្រតិបត្តិការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ ២០០២ និង​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​នាម​ជា​ស្ថាប័ន​អចិន្ត្រៃយ៍ និង​ឯករាជ្យ​ពី​រដ្ឋាភិបាល​ផ្សេងៗ នៅ​ពេល​ដែល​តុលាការ​នេះ​ស៊ើប​អង្កេត​លើ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ និង​អំពើ​ប្រល័យ​ពូជសាសន៍។

សេចក្ដី​ព្រាង​របស់​លោក Bolton នេះ បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​សហការ​ជាមួយ​នឹង​តុលាការ ICC នោះ​ទេ ហើយ​ប្រសិនបើ​តុលាការ ICC ស៊ើប​អង្កេត​លើ​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន នោះ​រដ្ឋបាល​របស់​លោក Trump នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​ហាមប្រាម​ការ​ធ្វើ​ដំណើរ បង្កក​ទ្រព្យ​សម្បត្តិ និង​អាច​កាត់​ទោស​ចៅក្រម និង​រដ្ឋអាជ្ញា​ណា​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​នេះ​នៅ​ក្នុង​តុលាការ​នៅ​សហរដ្ឋ​អាមេរិក។

កាល​ពី​ឆ្នាំ​មុន លោក Fatou Bensouda រដ្ឋអាជ្ញា​តុលាការ ICC បាន​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​សិទ្ធិ​ផ្នែក​តុលាការ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ទាហាន​អាមេរិកាំង និង​មន្ត្រី​ទីភ្នាក់ងារ CIA បាន​ប្រព្រឹត្តិ​ខុស​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕ ប្រភព៖ VOA