នៅ​ថ្ងៃ​ចន្ទ ទី​១០កញ្ញានេះ រដ្ឋបាល​អាមេរិក​របស់​លោក ដូណាល់​ ត្រាំ បា​នសម្រេច​បិទ​ការិយាល័យ​តំណាង​អាជ្ញាធរ​ប៉ាឡេស្ទីន ប្រចាំ​នៅក្រុង​វ៉ាស៊ីនតោន។ ដំណឹង​នេះ បាន​ត្រូវ​ឲ្យដឹង​តាមរយៈ​ថ្នាក់​ដឹកនាំជាន់​ខ្ពស់​ប៉ាឡេស្ទីន។ ថ្នាក់​ដឹកនាំ​ប៉ាឡេស្ទីន យល់ថា ការ​សម្រេច​ចិត្ត​របស់​អាមេរិ​កនេះ គឺ​ជាការ​បង្កគ្រោះថ្នាក់​កាន់​តែ​ខ្លាំង។

Loading...

ទំនាក់​ទំនង​អាមេរិក​និង​ប៉ាឡេស្ទីន បាន​​តាន​តឹង​ខ្លាំង និង​ធ្លាក់​ដុន​ដាប​ជាបន្តបន្ទាប់ គឺ​រាប់​ចាប់​តាំង​ពី​ការ​ឡើង​កាន់អំណាច​របស់លោកប្រធានាធិបតី​​ ដូណាល់ ត្រាំ។ កាលពីខែធ្នូឆ្នាំទៅមិញ លោក ត្រាំ បាន​​សម្រេច​ចិត្ត​ជា​ឯកតោភាគី ​ទទួល​ស្គាល់​ ក្រុង​ Jérusalem ជា​រដ្ឋធានី​របស់​ អ៊ីស្រាអែល ហើយ​ខែ​មេសា​ឆ្នាំ២០១៨នេះ រដ្ឋាបាល​អាមេរិក​បាន​សម្រេច​លើក​ស្ថានទូតរបស់​ខ្លួន​ ទៅ​តាំង​ទីនៅ​ក្រុង ​ Jérusalem តែម្តង​​។ ការ​សម្រេចចិត្ត​របស់​ប្រមុខ​រដ្ឋ​អាមេរិកនេះ គឺ​បណ្តាល​​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន ជាច្រើន​នាក់​ ស្លាប់នៅក្នុង​ថ្លុក​ឈាម ដោយសារតែ​ការ​ប៉ះទង្គិច​គ្នា នៅតំបន់​កាហ្សា ព្រំដែនអ៊ីស្រាអែលនិង​ប៉ាឡេស្ទីន។

អាមេរិក ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល ដែល​ជា​សត្រូវ​សួរពូជ​របស់​ប៉ាឡេស្ទីន។ ដើម្បី​បំពេញ​ចិត្ត​អ៊ីស្រាអែល អាមេរិក​របស់​លោក ​ត្រាំ ​បាន​បិទ​ច្រក​ដង្ហើម​របស់​ប៉ាឡេស្ទីន ជាបន្តបន្ទាប់។ កាលពី​ដើម​ខែ​មិថុនា អាមេរិក បាន​ប្រើ​សិទ្ធ​វេតូ ច្រាល​ចោល​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ក្នុង​គម្រោង​មួយ ដែល​ការពារ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន។ នៅ​ខែចុង​ខែ​សីហាកន្លងទៅនេះ អាមេរិក​បាន​ប្រកាស​ផ្តាច់​ជំនួយ​ ចំពោះ​ទីភ្នាក់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​។ ទឹកប្រាក់​ ជាង​២០០លាន​ដុល្លារ បាន​ត្រូវ​កាត់​ផ្តាច់​។ នៅ​ក្នុង​ខែ​កញ្ញានេះ អាមេរិក​ ក៏​បាន​លុប​ចោល​ជំនួយ​ ២៥លាន​ដុល្លារ​ផ្សេងទៀត ដែល​ជា​ជំនួយ​មនុស្ស​ធម៌ ទៅ​ដល់​មន្ទីរពេទ្យ​ប៉ាឡេស្ទីន នៅ​ ក្រុង​ Jérusalem ខាង​កើត។

ជា​ការ​ឆ្លើយ​តប​ អាជ្ញាធរ​ប៉ាឡេស្ទីន ចាត់ទុកថា ​សេចក្តី​សម្រេច​ថ្មី​របស់​អាមេរិក គឺ​ជាការ​បង្កើន​គ្រោះថ្នាក់ខ្លាំង​។ នៅពេល​នេះ ថ្នាក់​ដឹកនាំ​អាជ្ញាធរ​ប៉ាឡេស្ទីន កំពុងតែជំរុញ​ការ​ប្តឹងផ្តល់​អ៊ីស្រាអែល​​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ជុំវិញ​បទឧក្រិដ្ឋសង្គ្រាម​ និង​ប្រល័យពូជសាសន៍​។ ប៉ុន្តែ​អ្វីដែល​ជា​ចំណោទ គឺ​​នៅត្រង់​ថា អ៊ីស្រាអែល ពុំ​មែន​ជា​សមាជិក​របស់ ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នោះទេ៕​ ប្រភព៖ RFI