ភ្នំពេញ —នៅ​ដើម​សប្តាហ៍​នេះ ​លោក​គី ឫទ្ធី​ ចៅក្រម​ស៊ើប​សួរ​ ​បាន​ចាប់​ផ្តើម​សាកសួរ​សាក្សី​ពីរ​នាក់​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រំលាយ​ចោល​តាម​បណ្តឹង​របស់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧។

លោក​កឹម សុខា​ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​កាលពី​ដើមខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​បាន​សង្ស័យ​ថា​ ​លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ​ដោយ​ការ​រួម​គំនិត​ជាមួយ​រដ្ឋបរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​នៅ​ប្រទេស​កម្ពុជា។ លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស។

នាថ្ងៃ​អង្គារ​នេះ អ្នកស្រី​ស ស៊ន​ សកម្ម​ជន​ធីធ្លី​នៅ​សហគមន៍​បុរីកីឡា​ ដែល​ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​ចូលរួម​ជា​ញឹកញាប់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​កាលពី​ឆ្នាំ​មុន​ ត្រូវ​បាន​លោក​គី ឫទ្ធី ​ចៅក្រម​ស៊ើប​សួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ​ សួរ​នាំ​អំពី​តួនាទី​របស់​អ្នកស្រី​ក្នុង​ការ​ចូលរួម​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដែល​តុលាការ​អះអាង​ថា​ មាន​ការ​ទំនុក​បម្រុង​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ រួមទាំង​សង្គម​ស៊ីវិល។​

ក្រោយ​ការ​សាកសួរ​ដែល​មាន​រយៈពេល​ប្រហែល​ពីរ​ម៉ោង​ អ្នកស្រី​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖​

‍«[តុលាការ]​សួរ​ហ្នឹង​ ភាគ​ច្រើន​គេ​ផ្តោត​លើ​មីង​ធ្វើ​យុទ្ធនាការ​ពណ៌​ខ្មៅ​អីចឹង​ ​ដូច​ជា​[តុលាការ]​ថា​ នៅ​សុខៗ​ មីង​ធ្វើ​ហ្នឹង​មិន​ធ្វើ​ខ្លួន​ឯង​ទេ។​ គេ​[តុលាការ]​ថា ​មាន​អ្នកធ្វើ​សេណារីយោច្រើន ​តាំងពី​សង្គម​ស៊ីវិល​ តាំងពី​ក្រៅ​ប្រទេស​អី​ ដូច​ថា​ មាន​ការ​ឧបត្ថម្ភ​ឲ្យ​មីង​ធ្វើ​ បាន​មីង​មាន​លទ្ធភាព​ធ្វើ។ គេ ​[តុលាការ]​មើល​មក​លទ្ធភាព​មីង​ហ្នឹង​គឺ​ថា​ គ្មាន​លទ្ធភាព​នឹង​ធ្វើ​ទេ ​ហើយ ​[តុលាការ​ថា] ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ហ្នឹង​ មីង​ធ្វើ​តាម​សង្គ្រោះ​ជាតិ​ឃោសនា​ឲ្យ​ធ្វើ​ ព្រោះអី​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​គេ​ពាក់​អាវខ្មៅ​ដែរ​ តំណាង​រាស្ត្រ។ ​អីចឹង​ មីង​ថា​ មីង​អត់​ដឹង​ថា​ សង្គ្រោះ​ជាតិ​អំពាវ​នាវ​ឲ្យ​ធ្វើ​ពេល​ណា​ផង!»​

អ្នកស្រី​ ស ស៊ន​ សកម្មជនដីធ្លីនៅសហគមន៍បុរីកីឡា​ ផ្តល់បទសម្ភាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​ VOA នៅមុខ​សាលាដំបូងរាជ​ធានី​ភ្នំពេញ កាលពីថ្ងៃ​ទី​១១ ខែកញ្ញា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

សកម្មជន​ដីធ្លី​រូប​នេះ​យល់​ថា​ ការ​ចោទ​សួរ​របស់​តុលាការ​មក​លើ​អ្នកស្រី​ហាក់​ដូចជា​ចង់​ដាក់​បន្ទុក​ទៅ​លើ​អ្នកស្រី​ថា អ្នកស្រី​មាន​តួនាទី​ណា​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ។​

អ្នកស្រី​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«មីង​យល់​ឃើញ​ថា​ ពួកគាត់​ សួរ​មីង​ហ្នឹង​ គាត់​ចង់​ផ្តោត​មីង​ថា មីង​ហ្នឹង​មាន​តួនាទី​អី​មួយ​នៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ។ អីចឹង​ មីង​ថា​ អត់មាន​ទេ។ មីង​អត់​មាន​តួនាទី​អី​ទេ។ ហើយ​[តុលាការ​សួរ​ថា] មីង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ យ៉ាង​ម៉េច​ខ្លះ? ចេះ​តែ​សួរ​ ទាញ​មីង​ទៅ​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង។ ​តែ​មីង​ថា​ អត់ ​ព្រោះ​មីង​អត់​មាន​តួនាទី​អី​ មីង​ធ្វើ​តែ​រឿង​ដីធ្លី ​ផ្ទះ​សម្បែង។ បើ​មាន​ផ្ទះ​បាន​សំណង​សមរម្យ​ មីង​ឈប់​ហើយ​ ហើយ​គាត់​[តុលាការ]​សួរ​ថា៖ ម៉េច​បាន​មីង​មិន​ទៅ​យក​សំណង ​បើគេ​ឲ្យ​ហើយ!។ គេ​ឲ្យ​ហ្នឹង ឲ្យ​ទិញ​ផ្ទះ​អត់​បាន​ សង​គេ​អត់​គ្រាន់»។

កាលពី​ថ្ងៃ​ច័ន្ទ​ ​សាក្សី​ម្នាក់ទៀត​គឺ​លោក​វន់ ពៅ​ ​មេដឹកនាំ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា ​IDEA​ ត្រូវ​បាន​លោក​គី ឫទ្ធី​ ​ចៅក្រម​ស៊ើបសួរ​ សាក​សួរ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា នេះ​ផង​ដែរ។​

លោក​វន់ ពៅ បាន​ប្រាប់​ VOA ​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ តុលាការ​បាន​សួរនាំ​លោក​ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​របស់​សមាគម​របស់​លោក​ជាមួយ​លោក​កឹម សុខា​ ដែល​ត្រូវ​បាន​តុលាការ​ភ្នំពេញ​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​កាល​ពីថ្ងៃ​ច័ន្ទ។

​លោក​និយាយ​ថា៖

«បាទ​ សួរនាំ​ពាក់​ព័ន្ធ​ទៅនឹង​ព្រឹត្តិ​ការណ៍​ចុង​ឆ្នាំ​២០១៣ ​និង​ដើម​ឆ្នាំ​២០១៤​ ហើយ​សួរនាំ​ទាក់​ទង​ទៅ​នឹង​ទំនាក់​ទំនង​រវាង​សមាគម​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​រវាង​ខ្ញុំ​ជាមួយ​ឯក​ឧត្តម​កឹម សុខា ចំណុច​សំខាន់ៗ»។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនេះ​បន្ត​ថា​ លោក​ក៏​មិន​យល់​ផង​ដែរ​ចំពោះ​ការ​ព្យាយាម​របស់​តុលាការ​ក្នុងការ​យក​ចម្លើយ​ពី​លោក​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​ ដែល​បាន​ទៅ​សួរសុខ​ទុក្ខ​លោក​វន់ ពៅ នៅ​ពេល​លោក​វន់ ពៅ ជាប់​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ក្រោយ​ព្រឹត្តិការណ៍​បាតុកម្ម​ទ្រង់ទ្រាយ​ធំមួយ​របស់​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​ កាលពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។

លោក វ៉ន ពៅ​ ប្រធានសមាគមន៍​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​និង​ប្រជាធិបតេយ្យ​ (IDEA)

«ចំណុច​នេះ​ ខ្ញុំ​ហាក់​ដូច​ជា​មិន​យល់​ដែរ​ ប្រហែល​ជា​តុលាការ​ គេ​យល់​ឃើញ​ថា​ កាលពី​ឆ្នាំ​២០១៤​ ពេល​ខ្ញុំ​ធ្វើ​ការ​តវ៉ា​បញ្ចុះ​តម្លៃ​សាំង​ គណបក្ស​សង្គ្រោះ​ជាតិ​ គេ​បាតុកម្ម​ផង​ដែរ​ ហើយ​គេ​[តុលាការ]​ប្រហែល​ជា​មើល​ឃើញ​សកម្មភាព​បាតុកម្ម​ តវ៉ា​រឿង​ថ្លៃ​សាំង​នេះ។ ចំណុច​មួយ​ទៀត​ ប្រហែល​គេ​ឃើញ​កាល​ខ្ញុំ​ជាប់​ពន្ធនាគារ​ ឯកឧត្តម​កឹម សុខា ​ទៅសួរ​សុខ​ទុក្ខ​អីចឹង​ទៅ​ណា៎។ ​ប្រហែល​ជា​ចំណុច​ហ្នឹង​ហើយ​ បាន​គេ​ភ្ជាប់​មើល​ទៅ!»​

កាល​ពី​ខែ​ឧសភា តុលាការ​ក្រុង​ភ្នំពេញ​បាន​កោះហៅ​សាក្សី​ចំនួន​៨​នាក់​ ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា​ នេះ។ ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំបី​នាក់​នោះ​ ​មាន​អ្នក​ស្រី​ចក់ សុភាព​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​និង​លោក​សៀ ភារម្យ​ ​ប្រធាន​អង្គការ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន។

លោកសៀ ភារម្យ កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​នៅ​ឯ​សហរដ្ឋ​អាមេរិក​ដើម្បី​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា។​ ​លោក​ជា​អ្នក​គាំទ្រ​ចលនា​សង្គ្រោះ​ជាតិ​ ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី​ ​ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន​ឯង​នៅ​ប្រទេស​បារាំង។​

មាន​សាក្សី​ជាច្រើន​រូប​ទៀត​ត្រូវ​បាន​តុលាការ​កោះហៅ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ ក្នុង​នោះ​មាន​លោក​ម៉ម សូណង់ដូ ​ប្រធាន​វិទ្យុសំបុក​ឃ្មុំ​ ដែល​ជា​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយរូប​ផង​ដែរ។

VOA ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ អំពី​ការ​សួរនាំ​សាក្សី​បន្ថែម​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា​ ដដែល​នេះ​ តែ​លោក​មិន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​បាន​ផ្ញើ​ទៅ​ទូរស័ព្ទ​ដៃ​របស់​លោក​នោះ​ទេ។

លោក​មាស នី​ ​អ្នក​សិក្សា​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​ ​បាន​ប្រាប់​ ​VOA​ ​កាល​ពីថ្ងៃ​ច័ន្ទ​ថា​ ​តុលាការ​ទំនង​ជា​ព្យាយាម​បំពេញ​ទៅតាម​នីតិវិធី​ ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​សំណុំ​រឿង​របស់​លោក​កឹម សុខា​ នៅ​ពេល​តុលាការ​បាន​ផ្តើម​សាកសួរ​សាក្សី​បន្ថែម ​ហើយ​លោក​កឹម សុខា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​នោះ។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា៖​

«ហើយ​នៅ​ក្នុង​ការ​ហៅ​អ្នក​ដែល​ពាក់​ព័ន្ធ​ទៅ​សួរនាំ​នេះ​ ខ្ញុំ​គិត​ថា​ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្កើន​ពន្លឿន​ ប៉ុន្តែ​គ្រាន់​តែ​ថា​ រឿង​មក​ដល់​លទ្ធផល​ចុង​ក្រោយ​ វា​នឹង​ទៅ​ជា​ស្អីៗ ​យើង​មិន​ទាន់​ដឹង​ទេ។ ​ប៉ុន្តែ​យើង​មើល​ទៅ​តុលាការ​ ដូចជា​បាន​បង្កើន​ល្បឿន​នៃការ​ស៊ើប​សួរ​ហ្នឹង​ច្រើន​ដែរ​ មុន​ពេល​ដោះ​លែង»។​

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​កឹម សុខា​ ដែល​ជា​គូ​ប្រជែង​នយោបាយ​សំខាន់​មួយ​រូប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​សម្រេច​ឲ្យ​ស្ថិត​នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ជំនួស​ការ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ បន្ទាប់​ពី​ប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​ឆ្នាំ​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្បែរ​ទល់ដែន​វៀតណាម។​

​យ៉ាងណា​ក៏​ដោយ​ លោក​កឹម សុខា​ ​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​អ្នក​គាំទ្រ ​ឬ​ចូលរួម​សកម្មភាព​នយោបាយ​អ្វី​នោះ​ទេ។

ការ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​ កើត​មាន​ឡើង​ក្រោយ​ពី​មាន​ការ​ទាមទារ​ពី​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបេតយ្យ​នៅ​បស្ចិម​លោក​ និង​សហរដ្ឋ​អាមេរិក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្តារ​ដំណើរ​ការ​ប្រជាធិបតេយ្យ​ឡើង​វិញ​ នៅ​ពេល​មាន​ការ​បង្ក្រាប​លើ​ក្រុម​អ្នក​នយោបាយ​ជំទាស់​ សារ​ព័ត៌មាន​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ី​វិល​នានា ​ដែល​មិន​រណប​នឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ។

សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​ព្រមាន​ជា​ញឹកញាប់​អំពី​ការ​ដាក់​គំនាប​ខាង​ការ​ធ្វើ​ដំណើរ​លក្ខណៈ​បុគ្គល​ និង​ពាណិជ្ជ​កម្ម​ ដោយ​សហរដ្ឋ​អាមេរិក​បាន​ពង្រីក​វិសាលភាព​នៃ​ការ​រឹតបន្តឹង​លើ​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​រូប​ណា​ ​ដែល​បាន​ធ្វើ​ឲ្យ​ខូច​ដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ចំណែក​ឯ​សហភាព​អឺរ៉ុប​ បាន​ព្រមាន​សើរើ​កម្មវិធី​អនុគ្រោះ​ពន្ធ​ ដែល​គេស្គាល់​ថា​ «អនុគ្រោះ​ពន្ធ​សម្រាប់​អ្វីៗ​ទាំង​អស់​វៀរលែង​តែ​អាវុធ» ​Everything But Arms​ មក​លើការ​នាំចេញ​ទំនិញ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប។​

លោក​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ ​និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បាន​ឃ្លាំ​មើល​ការ​សួរនាំ​សាក្សី​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា ​នេះ​ ​និយាយ​ថា​ ការ​បន្ត​សួរ​សាក្សី​នេះ​ជា​នីតិវិធី​របស់​តុលាការ​ក្រុងភ្នំពេញ​ ដែល​បាន​ចេញ​ដីកា​កោះហៅ​សាក្សី​មុន​ពេល​ដែល​លោក​កឹម សុខា​ ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឲ្យបាន​ស្ថិត​នៅ​ក្រៅ​ឃុំ។

យ៉ាងណា​ក៏​ដោយ លោកថា​ តុលាការ​គួរ​បញ្ឈប់​ការ​ហៅ​សាក្សី​បន្ថែម​ ​ហើយ​ដែល​មិន​ចាំបាច់​ ដើម្បី​ឈាន​ដល់​ការ​សន្និដ្ឋាន​រឿង​ក្តី​ក្បត់​ជាតិ​ដ៏​គួរ​ឲ្យ​សង្ស័យ​នេះ៕ ប្រភព៖ VOA