​ភ្នំពេញ ​៖ ស្របពេល​ដែល​នៅ​ខេត្ត​ព្រះសីហនុ ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​បទល្មើស គ្រប់​ប្រភេទ​បាន​កើតឡើង ​ជាពិសេស​ក្រុម​ជនជាតិ​ចិន បាន​បង្ក​ភាពអនាធិបតេយ្យ អុកឡុក យ៉ាងខ្លាំង​នោះ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ​បាន​បញ្ជា​ដល់​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួង​មហាផ្ទៃ ឲ្យ​បង្កើត​ក្រុម​ប្រតិបត្តិការ ចុះ​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ស្រាវជ្រាវ ​និង​ជួយ​បង្ក្រាប​បទល្មើស​។​

Loading...

​សម្តេច​ក្រឡាហោម ស ខេង នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨ ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង រដ្ឋលេខាធិការអនុរដ្ឋលេខាធិការ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ថ្លែងថា អង្គភាព​ចំនួន​៤​នោះ របស់​ក្រសួង​មហាផ្ទៃ រួមមាន អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​រ​បាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុម​អ្នកច្បាប់​របស់​ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម បាន​ថ្លែងថា នៅ​ខេត្ត​ព្រះសីហនុ កំពុងតែ​មាន​សកម្មភាព​ជួញដូរ ការអភិវឌ្ឍ ហើយក៏​មាន​ភ្ញៀវទេសចរ ​ច្រើន​នៅ​ទីនោះ​ដែរ ដែល​មក​យ៉ាងគំហុក​គួរឲ្យកត់សម្គាល់​។ រយៈពេល​ខ្លី​ចុងក្រោយ​នេះ ភ្ញៀវទេសចរ​ជនជាតិ​ចិន បាន​សម្រុក​ទៅលេង​ខេត្ត​ព្រះសីហនុ​យ៉ាងច្រើន​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា “​ធម្មតា​ទេ​ថា​ជនជាតិ​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ វា​តែងតែ​មាន​អ្នក​ល្អ អ្នក​អាក្រក់ ហើយ​ក្នុង​ពេល​ដែល​ស្ថានភាព​នៅ​ទីនោះ មិនទាន់​បាន​រៀបចំ​ស្រួល ឲ្យបាន​សមស្រប​នៅឡើយ​ទេ អញ្ចឹង​បង្កើត​នូវ​បញ្ហា​មួយចំនួន ដូច​ជា​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន បញ្ហា​បរិស្ថាន​អនាម័យ​។ យើង​ដឹង​ហើយ​ថា ទឹកសមុទ្រ​ដែល​ជាទី​ពេញ​និយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ ប្រសិនបើ​យើង​មិន​បាន​យកចិត្តទុកដាក់ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាច​ធ្វើឲ្យ​ទឹកសមុទ្រ​ក្លាយ​ជា​សមុទ្រ​ដល់​ប្រើ​មិន​កើត​។ ក្រសួងមហាផ្ទៃ ដែល​មាន​ការទទួលខុសត្រូវ​ច្រើន អញ្ចឹង​ស្នើថា យើង​នឹង​រៀបចំ​ក្រុមការងារ​ខ្លា​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​ក្នុងនោះ ខ្ញុំ​គិតថា​មាន​អគ្គនាយកដ្ឋាន​៤ ដែល​ដើរតួ អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុមអ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬក៏​ក្រុមគាំទ្រ​។ ប៉ុន្តែ​មិនមែន​ថា​ក្រុមគាំទ្រ​ទៅ​ធ្វើ​ជំនួស​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ទេ ក៏​ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ទាំងឡាយណា​ដែល​ខេត្ត​មិន​មាន​លទ្ធភាព រាល់​ទាំង​ការបង្ក្រាប​បទល្មើស ។​

​សូមបញ្ជាក់​ថា ក្រោយពី​មាន​បញ្ហា​អសន្តិសុខ កើតឡើង​ស្ទើ​រាល់ថ្ងៃ នៅ​ខេត្ត​ព្រះសីហនុ ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន ធ្វើឲ្យ​ពលរដ្ឋ​ខ្មែរ ​និង​អ្នក​ទេសចរណ សម្តែង​ក្តីព្រួយបារម្ភ ពី​ការរស់នៅ និង​រក​ទទួល​នៅ​ទីនោះ លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨ ​បាន​ចាត់​បញ្ជូន​ក្រុម​ការងារ​ចំនួន​១១​រូប ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​ដឹកនាំ ពង្រឹង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយ​សង្គម នៅក្នុង​ខេត្ត​នេះ​។​

លោក នេ​ត សាវឿន បានបញ្ជាក់​ថា ក្រុម​ការងារ​នេះ មាន​ភារកិច្ច​ដូច​ជា​៖ ពិនិត្យ វាយតម្លៃ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តើម​ស្នើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដាក់ចេញ​វិធានការ​ដឹកនាំ​ស្រប​តាម​ការ​វិវឌ្ឍន៍​រីកចម្រើន​ថ្មី​។ ពិនិត្យ ណែនាំ​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ រៀបចំ​ផែនការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម ឆ្លើយតប​នឹង​សភាពការណ៍​ជាក់ស្តែង និង​ស្រប​តាម​គោលការណ៍ ផែនការ ទិសដៅ​នានា របស់​ក្រសួង​មហាផ្ទៃ និង​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​បាន​ដាក់ចេញ​។ តាមដាន​ការអនុវត្តន៍ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ និង​ស្នើសុំ​ការអនុញ្ញាត​ប្រើ​កម្លាំង​អន្តរាគមន៍ ​ដោះស្រាយ​សភាពការណ៍​ចាំបាច់​មួយ​ចំនួន ពី​លោក​អគ្គស្នងការ​។​ដឹកនាំ​ប្រជុំ​បូក​សរុប ដក​ពិសោធ​ការងារ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ​និង​សុវត្ថិភាព​សង្គម នៅ​ខេត្ត​ព្រះសីហនុ ប្រចាំ​ឆមាស ឆ្នាំ និង​តាម​ការចាំបាច់​។ ធ្វើ​របាយការណ៍​បូកសរុប​លទ្ធផល ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕ ​