​ភ្នំពេញ ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹង​កិច្ចការ​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿង​ស្រវឹង និង​ការអនុវត្ត​ច្បាប់​ចរាចណ៍​ផ្លូវគោក ឱ្យ​បាន​ជាប់​ជាប្រចាំ និង​ជំរុញ​ការងារ​អត្រានុកូលដ្ឋាន ការ​ផ្ដល់​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​សៀវភៅ​ស្នាក់នៅ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​ជាដើម និង​ប្រកាស​តែងតាំង​មន្ត្រី​រាជការ ក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​។​

​លោក​ឃួង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ចាត់​មន្ត្រី​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ រាល់​សំណង់​ផ្សេងៗ ដែល​កំពុង​សាងសង់ សំណង់​ខុសច្បាប់ ឬ​សំណង់​ដែល​សង់​ខុស​កិច្ចសន្យា និង​គ្មាន​គុណភាព ការសង់​រោងបុណ្យ រោង​ការបិទផ្លូវ ដើម្បី​ជម្រុញ​ឲ្យ​ពួកគាត់​គោរព​ច្បាប់ និង​ការណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​ការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​

លោក​អភិបាល បាន​រំលឹក​ផងដែរ ទៅលើ​ការណែនាំ​ចំពោះ​រថយន្ត​បាញ់​បេតុង ដែល​ចត ឈប់​ធ្វើឲ្យប៉ះពាល់​ដល់​ចរាចរ តាម​ដងផ្លូវ ដូច​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​បាន​ជូនដំណឹង​រួចមកហើយ​។ ជាមួយគ្នានេះ​ក៏​ត្រូវ​ពិនិត្យ​ផង​ដែរ ចំពោះ​ការសង់​រោងបុណ្យ រោងការ​ដោយ​មិន​ត្រូវ​ឲ្យ​បិទ​ផ្លូវ​ទាំង​ស្រុង ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​អ្នកធ្វើដំណើរ និង​ស្ទះ​ចរាចរ ដែល​ប្រជាពលរដ្ឋ​តែង​បង្ហាញ​ការ​ថ្នាំងថ្នាក់ នា​ពេលកន្លងមក​។ ម្ចាស់​រោងបុណ្យ ឬ​រោងការ​គួរក​ទីតាំង សមស្រប​ដែល​មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ ដូចជា ទី​អារាម ឬ​តាម​ភោជនី​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​សមរម្យ​។​

​លោក​ឃួង ស្រេង បាន​បន្ត​ក្រើនរំលឹក​ដល់​អាជ្ញាធរ និង​ស្ថាបន័​ពាក់ព័ន្ធ​ឲ្យ​បង្កើន​ប្រសិទ្ធភាព ការងារ​ទ្វេដង​ថែម​ទៀត លើ​ការបម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឲ្យ​សក្តិសម​ទៅ​នឹង​ទំនុកចិត្ត របស់​ប្រជាពលរដ្ឋ ដែល​បាន​បោះឆ្នោត​ឲ្យ​យើង​។​

​លោក​ឃួង ស្រេង បាន​បន្តថា ការងារ​ជាច្រើន​កំពុង​រង់ចាំ​យើង ទៅធ្វើ ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ សាធារណៈ ក្នុង​ទីក្រុង ដោយ​ផ្តោត​ទៅលើ​ការអនុវត្ត​ច្បាប់​ចរាច​រណ៍ បន្ត​ឆែកឆេរ​អាវុធជាតិផ្ទុះ ត្រួតពិនិត្យ កន្លែង​សប្បាយភាព ក្លិប​កម្សាន្ត ក្លិប​រាត្រី​ផ្សេងៗ ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន បើ​ទោះបី​យើង​មិន​អាច​លប់បំបាត់​នៅ​ចំពោះមុខ តែ​ក៏​អាចឈាន​ទៅ​កាត់បន្ថយ បទល្មើស​គ្រឿងញៀន បាន​មួយកំរិត​៕ ​