ខ្យល់ព្យុះសង្ឃរា​ Florence ​មាន​សភាពខ្សោយ​ជាង​មុន​នៅ​ពេល​វាជិត​បោក​បក់​មក​ដល់​ឆ្នេរ​សមុទ្រ​ខាង​កើត​នៃ​ស.រ.អា ក៏ប៉ុន្តែ​ពួក​អ្នកព្យាករណ៍​អាកាសបានព្រមាន​ថា ​ទំហំ​នៃខ្យល់ព្យុះនេះ​ និងសមត្ថភាព​វា​ក្នុងការ​ធ្វើ​ឲ្យ​មានភ្លៀង​ធ្លាក់ខ្លាំង​ជា ​ការ​គំរាម​កំហែង​ដល់ជីវិត​មនុស្ស​ដែល​ឋិត​នៅ​ក្នុង​កន្លែង​វា​បោកបក់​កាត់។

Loading...

ប្រជាជន​នៅ​ក្នុង​រដ្ឋ​ North Carolina និង​រដ្ឋ​ South Carolina មានពេល​វេលា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​បញ្ចប់ការប្រុងប្រៀបរបស់​ពួក​គេដើម្បីបើក​ឡាន​ចេញ​ពី​កន្លែង​ពួក​គេ​រស់​នៅ​ ឬ​មួយ​គេចពីកន្លែងមាន​ខ្យល់ព្យុះនេះ។

មជ្ឈមណ្ឌល​ខ្យល់​ព្យុះ​សង្ឃរា​ជាតិ​រំពឹង​ថា​ ​ខ្យល់ព្យុះ​នេះ​នឹង​បោក​បក់​មក​ដល់​ឆ្នេរ​សមុទ្រនៅ​ជិត​ព្រំដែន​នៃ​រដ្ឋទាំង​ពីរ​នេះ​នៅ​យប់ថ្ងៃព្រហស្បតិ៍ ឬព្រឹក​ថ្ងៃ​សុក្រ។​ ការ​ព្យាករណ៍​ធាតុអាកាស​បាន​ចែង​ថា​ខ្យល់ព្យុះ​នេះ​នឹងនៅ​វិលវល់នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រក្នុង​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍។

ល្បឿន​យឺត​នៃ​ខ្យល់ព្យុះ​សង្ឃរា​ Florence បានធ្វើ​ឱ្យ​ខ្យល់ព្យុះនេះមានពេល​វេលា​បង្អុរ​ភ្លៀង​ខ្លាំង​នៅ​ក្នុង​រដ្ឋ​ Carolina ទាំង​ពីរ​បណ្តាល​ឱ្យមាន​ «ទឹកជំនន់ភ្លាមៗនិង​ទឹក​ជន់ទន្លេ​និង​ស្ទឹង​ផងដែរ»។

នៅ​ពេល​ដែល​ខ្យល់ព្យុះនេះ​បោក​បក់ចេញពី​តំបន់នោះ​ ក្រុម​អ្នកព្យាករណ៍​អាកាស​រំពឹង​ថា ​នឹង​មានភ្លៀង​ធ្លាក់​ពី​៥០​ទៅ៧៥ស.ម.ក្នុង​តំបន់ឆ្នេរសមុទ្រ ហើយ​កន្លែង​ខ្លះអាចមានភ្លៀង​រហូត​ដល់ ១០០ស.ម.ផង​ដែរ។ នៅក្នុង​កន្លែង​ឆ្ងាយពី​ឆ្នេរសមុទ្រ អាចមានភ្លៀងរហូត​ដល់២៥​ស.ម.​ក្នុង​រដ្ឋ​ Carolinas ទាំង​ពីរ​និង​១៥ស.ម.​នៅ​ក្នុង​រដ្ឋជិតខាង៕ ប្រភព៖ VOA