នៅ​ថ្ងៃ​ពុធ ទី១២ កញ្ញា សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​ក្នុង​សម្លេង​ភាគច្រើន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ហុងគ្រី​ដោយ​ប្រើ​មាត្រាទី៧ នៃ​សន្ធិសញ្ញា​ទីក្រុង​លីសបោន។ នីតិវិធី​ដ៏កម្រ​មួយ​នេះ​ត្រូវ​បាន​សហភាព​អឺរ៉ុប​ប្រើ​លើកទី១ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៧ កន្លង​ទៅ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ប៉ូឡូញ។ នីតិវិធី​នៃ​ការ​ប្រើ​មាត្រាទី៧ នឹង​អាច​ឈាន​ទៅ​ព្យួរ​សិទ្ធិបោះឆ្នោត​របស់​ប្រទេស​សមាជិក​នៅ​ក្រុមប្រឹក្សា​អឺរ៉ុប។

Loading...

យ៉ាង​ណា​ក៏​ដោយ ប្រទេស​ហុងគ្រី​តាម​រយៈ​ប្រមុខ​ការទូត​បាន​ចាត់​ទុក​ការ​បោះឆ្នោត​របស់​សភា​អឺរ៉ុប​ថា ជា​ការ​សងសឹក​របស់​ក្រុម​អ្នកនយោបាយ​គាំទ្រ​ជនអន្តោប្រវេសន៍។

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​គំនិត​ផ្តួចផ្តើម​របស់​ក្រុម​សមាជិកសភា​អឺរ៉ុប​ដែល​នា​ដំណាច់​ឆ្នាំ ២០១៧ បាន​ស្នើ​ដល់​គណៈកម្មការ​សេរីភាពស៊ីវិល​របស់​អឺរ៉ុប​ឲ្យ​ធ្វើ​របាយការណ៍​មួយ​ស្តីពី​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​ហុងគ្រី។ តាម​សំណើ​នោះ លោកស្រី Judith Sargentini ដែល​ជា​អ្នកតំណាងរាស្រ្ត​អឺរ៉ុប​នៃ​ប្រទេស​ហូឡង់​ត្រូវ​បាន​គេ​ចាត់​តាំង​ឲ្យ​រៀបចំ​ធ្វើ​របាយការណ៍​នោះ ហើយ​ក៏​បាន​ធ្វើ​រួច​រាល់​នា​រដូវ​ស្លឹកឈើជ្រុះ​កន្លង​មក។ របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៨ បាន​បញ្ជាក់​ច្បាស់ៗ​ពី​ការ​រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​របស់​ប្រមុខ​រដ្ឋាភិបាល រដ្ឋាភិបាល​ហុងគ្រី​របស់​លោក Viktor Orban លើ​តម្លៃ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​សហភាពអឺរ៉ុប។

របាយការណ៍​របស់​លោកស្រី Sargentini ឬ​ហៅ​របាយការណ៍ Sargentini បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន រំលោភបំពាន​លើ​ឯករាជភាព​របស់​ប្រព័ន្ធ​តុលាការ ការ​វាយប្រហារ​សឹង​គ្រប់​ពេល​លើ​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល កំណើន​នៃ​ការ​ប្រឆាំង​លើ​ពួក​ជ្វីហ្វ រួម​នឹង​ការ​រំលោភបំពាន​លើ​ច្បាប់សង្គម​ជា​ច្រើន​ទៀត។ ធ្ងន់ធ្ងរ​ជាង​គេ របាយការណ៍ Sargentini បាន​បរិហារ​លើ​នយោបាយ​អន្តោប្រវេសន៍​របស់​លោក Orban ដែល​បដិសេធ​មិន​ទទួល​យក​គោលការណ៍​មនុស្សធម៌ និង​សាមគ្គីភាព​របស់​អឺរ៉ុប។

គួរ​រម្លឹក​ជូន​ថា ក្នុង​ពេល​ដែល​អឺរ៉ុប​ជួប​វិបត្តិ​លំហូរ​ជនអន្តោប្រវេសន៍ លោក Orban បាន​សម្រេច​តាំង​ពី​ឆ្នាំ ២០១៥ មិន​ទទួល​យក​ផែនការ​របស់​អឺរ៉ុប​ដែល​ចែក​គ្នា​ទទួល​យក​ជនអន្តោប្រវេសន៍​រវាង​ប្រទេស​សមាជិក។ ដោយ​ផ្អែក​លើ​របាយការណ៍ Sargentini សភា​អឺរ៉ុប​បាន​យល់​ឃើញ​ថា ហុងគ្រី​បាន​រំលោភបំពាន​លើ​មាត្រាទី២ នៃ​សន្ធិសញ្ញា​អឺរ៉ុប​ដែល​ចែង​ពី​ការ​គោរព​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស សេរីភាព ប្រជាធិបតេយ្យ សមភាព និង​នីតិរដ្ឋ។ គឺ​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ​ដែល​បាន​ជំរុញ​សភាអឺរ៉ុប​ឲ្យ​បោះឆ្នោត​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​មាត្រាទី៧ នៃ​សន្ធិសញ្ញា​ក្រុងលីសបោន​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​ហុងគ្រី​ពេល​នេះ។

ហុងគ្រី​អាច​នឹង​ព្យួរ​សិទ្ធិ​បោះឆ្នោត​នៅ​ក្រុមប្រឹក្សាអឺរ៉ុប

មាត្រាទី៧ នៃ​សន្ធិសញ្ញា​ក្រុងលីសបោន​ជា​មាត្រា​មួយ​ដែល​អឺរ៉ុប​មិន​សូវ​ប្រើ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ខ្លួន​ទេ។ នេះ​ជា​លើកទី២ នៅ​ក្នុង​ប្រវត្តិ​សហភាពអឺរ៉ុប​ដែល​មាត្រាទី៧​ត្រូវ​បាន​សភា​អឺរ៉ុប​បោះឆ្នោត​អនុម័ត​ឲ្យ​ប្រើប្រាស់។ លើកទី១ ត្រូវ​បាន​ប្រើ​ចំពោះ​ប្រទេស​ប៉ូឡូញ​ក្នុង​ឆ្នាំ ២០១៧ កន្លង​ទៅ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​លើ​គោលការណ៍​ជា​មូលដ្ឋាន​របស់​អឺរ៉ុប​ដូច​ករណី​ប្រទេស​ហុងគ្រី។ សូម​ជម្រាប​ជូន​ថា មាត្រាទី៧ នេះ​ត្រូវ​បាន​គេ​ប្រៀប​ទៅ​នឹង​អាវុធ​នុយក្លេអ៊ែរ និង​ជា​អាវុធ​ចុងក្រោយ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ណា​ដែល​មិន​គោរព​ច្បាប់​ផ្ទៃក្នុង។ ជា​ទូទៅ ការ​អនុម័ត​លើ​នីតិវិធី​ឲ្យ​ប្រើ​មាត្រា​មួយ​នេះ​មាន​ការ​ប្រទាញប្រទង់​គ្នា​យ៉ាង​ខ្លាំង​នៅ​ផ្ទៃក្នុង​សភា​អឺរ៉ុប ហើយ​ដើម្បី​អាច​អនុម័ត​បាន គេ​ត្រូវ​ការ​សម្លេង​គាំទ្រ​យ៉ាង​តិច​បំផុត ២ភាគ៣។

ម្យ៉ាង​ទៀត មុន​នឹង​ឈាន​ដល់​នីតិវិធី​នៃ​ការ​អនុម័ត​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​សមាជិក​ដោយ​ប្រើ​មាត្រាទី៧ ដែល​ជា​ដំណាក់កាលទី៣ អឺរ៉ុប​បាន​ផ្តើម​នីតិវិធី​ចំនួន​ពីរ​ជា​មុន​សិន ទី១ សុំ​ការ​ពន្យល់ បំភ្លឺ​ពី​ប្រទេស​ពាក់ព័ន្ធ​លើ​គម្រោង​កំណែទម្រង់​មួយ​ចំនួន និង​នីតិវិធី​ទី២ អឺរ៉ុប​អាច​ស្នើ​ដល់​ប្រទេស​នោះ​ឲ្យ​បញ្ឈប់​លើ​គម្រោងកំណែទម្រង់​ដែល​អឺរ៉ុប​យល់​ថា​ជា​ការ​រំលោភបំពាន​លើ​គោលការណ៍​ជា​សាវន្ត​របស់​អឺរ៉ុប។ បើ​គ្មាន​ចម្លើយ ឬ​គ្មាន​ការ​ពន្យល់​ណា​មួយ​ពី​ប្រទេស​នោះ​ទេ ទើប​អឺរ៉ុប​ផ្តើម​គិតគូរ​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ដោយ​ប្រើ​មាត្រាទី៧ នៃ​សន្ធិសញ្ញា​ក្រុង​លីសបោន។

ចំណែក​ទណ្ឌកម្ម គឺ​ឈាន​ទៅ​ព្យួរ​សិទ្ធិ​បោះឆ្នោត​របស់​ប្រទេស​សមាជិក​នៅ​ក្រុមប្រឹក្សាអឺរ៉ុប ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា ដាក់​ប្រទេស​សមាជិក​នោះ​ឲ្យ​នៅ​ក្រៅ​វង់ល្បែង​អឺរ៉ុប​ដោយ​មិន​បញ្ចប់​សមាជិកភាព​ទេ។

​ព្រមាន​ជាង​ការ​អាច​អនុវត្តន៍​ជាក់ស្តែង

ទ្រឹស្តី​ជា​រឿង​មួយ រីឯ​ការ​អនុវត្តន៍​ជាក់ស្តែង​ជា​រឿង​មួយ​ផ្សេង​ទៀត ព្រោះ​ដើម្បី​អាច​អនុវត្ត​មាត្រាទី៧ បាន គេ​ត្រូវ​ឆ្លង​កាត់​នីតិវិធី​មួយ​ចំនួន​ទៀត ពោល​មិន​មែន​បញ្ចប់​ត្រឹម​ការ​បោះឆ្នោត​អនុម័ត​របស់​សភា​អឺរ៉ុប​មួយ​ទេ។ ដើម្បី​អាច​ឈាន​ដល់​ដំណាក់កាល​ដាក់​ទណ្ឌកម្ម​បាន គេ​ត្រូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ពី​ប្រមុខរដ្ឋ និង​ប្រមុខរដ្ឋាភិបាល​ទាំង​អស់​របស់​ប្រទេស​សមាជិក​អឺរ៉ុប។ តែ​នៅ​ចំពោះ​មុខ សេណារីយ៉ូ​មួយ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រឿង​មិន​អាច​ទៅ​រួច។ ប៉ូឡូញ និង​ហុងគ្រី​ដែល​កំពុង​ទទួល​រង​ពំនូង​ដូច​គ្នា​បាន​បញ្ជាក់​ច្បាស់ៗ​ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ ទៅ​មក។

ហុងគ្រី​មិន​បោះឆ្នោត​ប្រឆាំង​ប៉ូឡូញ ហើយ​ប៉ូឡូញ​ក៏​មិន​បោះឆ្នោត​ប្រឆាំង​ហុងគ្រី​វិញ​ដែរ។ ដូច្នេះ​ឃើញ​ថា ការ​បោះឆ្នោត​របស់​សភា​អឺរ៉ុប​អាច​បន្ត​ស្ថិត​ជា​ទង្វើ​និមិត្តរូប។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទង្វើ​និមិត្តរូប​មួយ​នេះ​ជា​សញ្ញា​ព្រមាន​ចាស់​ដៃ​មួយ​ចំពោះ​សមាជិក​ណា​ដែល​មិន​គោរព​តម្លៃ និង​គោលការណ៍​ជា​មូលដ្ឋាន​របស់​សហភាព​អឺរ៉ុប៕ ប្រភព៖ RFI