ភ្នំពេញ —នៅ​ដើម​ខែ​កញ្ញា​នេះ កីឡាករ​កីឡាការិនី​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ពីររូប​បាន​ត្រឡប់​មក​មាតុ​ភូមិ​វិញ​ ដោយ​នាំ​យក​មេដាយ​មាស​ពីរ​ និង​មេដាយ​សំរឹទ្ធ​មួយ​ ​មក​ជូន​មាតុភូមិ​ក្រោយ​ការ​ប្រកួត​កីឡា​អាស៊ី​លើកទី​១៨ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។​

Loading...

កីឡា​ការិនី​ដែល​ទទួល​បាន​មេដាយ​មាស​ គឺ​ជា​កូន​ខ្មែរ​អាមេរិក​ឈ្មោះ​ ​ខាត់ ចេសា អាយុ​១៦ឆ្នាំ ​ដែល​ឈ្នះ​ក្នុង​ការប្រកួតកីឡា​បោក​ចំបាប់​និង​ក្លេ​ ​ជឺជីតស៊ូ​ ​(Ju Jitsu) គឺ​ចំបាប់​ជប៉ុន ចំណែកសាលី អូមើត វ័យ​២៦​ឆ្នាំ​ បាន​ឈ្នះ​មេដាយ​មាស​ និង​មេដាយ​សំរិទ្ធ​ក្នុង​វិញ្ញាសាម៉ូតូ​បើក​លើ​ទឹក (Jet Ski)។​

កាល​ពី​ថ្ងៃច័ន្ទ​ ទី៣ ខែកញ្ញា ឆ្នាំ២០១៨​ អ្នក​ទាំង​ពីរ​បាន​ទទួល​ស្វាគមន៍​ដោយ​ក្បួន​ដង្ហែ​ចូល​ក្នុង​វិមាន​សន្តិភាព​ដើម្បី​ទទួល​ការ​ស្វាគមន៍​ដោយ​នាយក​រដ្ឋមន្ត្រីហ៊ុន សែន រួម​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈ​រដ្ឋមន្ត្រី​ និង​កីឡាករ​កីឡាការិនី​ដទៃ​ទៀត។​

លោកវ៉ាត់ ចំរើន​ ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា​ ​ឆ្នាំ​នេះ​កម្ពុជា​ធ្វើ​បាន​ដ៏ល្អ​ខ្លាំង​ ពីព្រោះ​វាល្អ​ជាង​ការ​ប្រកួត​ពី​ពេល​កន្លងមក។

«ឆ្នាំ​នេះយើង​ធ្វើ​ល្អ​ ព្រោះ​យើង​បាន​បំបែក​ឯតទគ្គកម្ម​ពី​ឆ្នាំ​មុន។ ​បំបែក​ឯតទគ្គកម្ម​ពី​លើក​មុន​ ព្រោះ​លើក​មុន​យើង​បាន​មេដាយ​មាស​តែ​មួយ​ ​ឥឡូវ​យើង​បាន​មេដាយ​មាសពីរ​ ​មេដាយ​សំរិទ្ធ​មួយ»។​

ការ​ប្រកួត​កីឡា​អាស៊ីលើកទី​១៨​ ឆ្នាំ២០១៨​ ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​ទីក្រុង​ ​ហ្សាកាតា​និង​ប៉ាឡាមបាង​នៃ​ប្រទេស​ឥណ្ឌូនេ​ស៊ី​ ចាប់​ពី​ថ្ងៃទី​១៨ ខែ​សីហា​ដល់​ថ្ងៃ​ទី២​ ខែ​កញ្ញា។​ ​ក្នុង​ចំណោម​ប្រទេស​ដែល​ប្រកួត​ប្រជែង​ចំនួន​៣៧​ ​ប្រទេស​កម្ពុជា​នៅ​ស្ថិត​នៅ​លេខ​រៀង​ទី​២៤​ ដោយ​មាន​មេដាយ​មាស​ពីរ​និង​មេដាយ​សំរឹទ្ធ​មួយ។​ លើស​ពី​នេះ​ ​មាន​កីឡាករ​កម្ពុជា​៤៦​នាក់​ដែល​ចូលរួម​ប្រកួត​ក្នុង​វិញ្ញាសា​កីឡា​ចំនួន​១៣​នៃវិញ្ញាសាកីឡា​៥៨​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​នេះ។​

លោកវ៉ាត់ ចំរើន​ ក៏​បាន​ប្រាប់​ ​VOA​ ​ផង​ដែរ​ថា​ ​កត្តា​ដែល​បណ្តាល​ឲ្យកម្ពុជា​ធ្វើ​បាន​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ គឺ​មក​ពី​ការ​រក​ឃើញ​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​និង​ការ​រៀបចំ​និង​ហ្វឹកហាត់​បាន​ល្អ​របស់​ក្រុម​អ្នក​រៀបចំ។​

«សំខាន់​ជាង​គេ​គឺ​យើង​រក​ឃើញ​កីឡាករ ​កីឡាការិនី​យើង​ដែល​មាន​សមត្ថភាព​ខ្ពស់ ​ឬ​គុណផល​កីឡា​ខ្ពស់។​ ​កីឡាករ​ កីឡាការិនី​មាន​គ្រប់​ទិសទី​មាន​ក្នុង​និង​ ​ក្រៅ​ប្រទេស​ ឲ្យតែ​ឈាម​ជ័រ​ខ្មែរ»។

អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ​ក៏​បាន​បន្ថែម​ទៀត​ថា​ កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។​

«យើង​ត្រូវ​តែ​ការពារ​តំណែង​យើង​និង​បង្កើន​មេដាយ​បន្ថែម​ទៀត។​ ត្រូវ​តែ​ធ្វើ​អ៊ីចឹង ព្រោះ​កីឡា​វា​ Challenge ​វា​ប្រកួត​ប្រជែង។ អ៊ីចឹងមាន​លទ្ធផល​កើត​ឡើង​ វា​អាច​មាន​ការ​គាំទ្រ​កាន់​តែ​ខ្លាំង»។

កីឡា​ការិនីកូន​ខ្មែរ​អាមេរិក​ឈ្មោះ​ ​ខាត់ ចេសា អាយុ​១៦ឆ្នាំ ទទួល​បាន​មេដាយ​មាស​ ​ក្នុង​ការប្រកួតកីឡា​បោក​ចំបាប់​និង​ក្លេ​ ​ជឺជីតស៊ូ​ ​(Ju Jitsu) ក្នុងការ​ប្រកួត​កីឡា​អាស៊ី​លើកទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។

នេះ​គឺជា​លើក​ទី​ពីរ​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ ​ASIAN Games។​ ​កាល​ពី​ឆ្នាំ​២០១៤​ ​កីឡាការិនី​ខ្មែរ​មួយរូប​គឺ​កញ្ញា​ស៊ន សៀវម៉ី​ បាន​ឈ្នះ​វិញ្ញាសា​កីឡា​តៃ​ក្វាន់ដូ​ ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៧​ នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​២០១៤ ។ ក្នុង​ឆ្នាំ២០១៨​នេះ​ កម្ពុជា​ទទួល​បាន​មេដាយ​មាស​ពីរ​បន្ថែម​ទៀត​ពី​ការ​ប្រកួត​កីឡាថ្មី​ ដែល​ទើប​តែ​នឹង​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​កីឡា​ ​ASIAN Games​ ​ឆ្នាំ២០១៨​ ដែល​មាន​ប្រទេស​ជិត​៤០​ ក្នុង​ទ្វីបអាស៊ី​ចូលរួម។

គួរ​បញ្ជក់​ផង​ដែរ​ថា​ ជឺជីតស៊ូ​ (Ju Jitsu)​ គឺ​ចំបាប់​ជប៉ុនជា​កីឡា​ដែល​មិន​ប្រើ​ដៃ​ឬ​ជើង​ដើម្បី​ទាត់​ឬវ៉ៃទេ។ ​ការ​ប្រកួត​កីឡា​នេះ​ប្រព្រឹត្ត​នៅ​លើ​ដី​ ហើយ​កីឡាករ​អាច​ប្រើ​ក្បាច់​គុន​ផ្សេងៗ​ទៀត​ដូច​ជា​ចំបាប់​និង​ក្លេ។ ​កីឡាការិនី​ ចេសា​ ឲ្យ​ដឹង​ថា ​វា​ជា​វិធី​ជួយ​ថែ​រក្សា​រាង​កាយ​ និង​បង្កើន​ទំនុក​ចិត្ត​របស់​កីឡាករ។ ​ចំណែក​កីឡា​ម៉ូតូ​បើក​លើ​ទឹក​ហៅ​ថា ​Jet Ski ​គឺជា​ការ​ប្រណាំង​ម៉ូតូ​បើក​លើ​ទឹក​ជាមួយ​ដៃ​គូ​ប្រកួត​ ដើម្បី​ទៅ​ដល់​គោល​ដៅ​មុន ​ដោយ​មាន​ការ​កំណត់​នាទី​ច្បាស់​លាស់​ពី​គណ:​កម្មការ​ផង​ដែរ។​ កីឡា​ម៉ូតូ​បើក​លើ​ទឹក​នេះ​ក៏​មាន​ការ​ជិះ​ប្រណាំង​ឈរ​ផង​ដែរ។​

លោក​ខូវ វិវត្តិថានា​ ​ប្រធាន​សហ​ព័ន្ធ​កីឡាចំបាប់ចប៉ុន​គឺ​ជឺជីតស៊ូ​ (Ju Jitsu)កម្ពុជាបាន​លើក​ឡើង​ថា​ ក្រុម​ជម្រើស​ជាតិ​បាន​ហ្វឹកហាត់​កាយ​សម្បទា​និង​បញ្ញាស្មារតី​រយៈពេល៧​ខែ​កន្លង​មក។​ ​លោក​ក៏បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា​ ​ប្រទេស​កម្ពុជា​អាច​ធ្វើ​បាន​ល្អ​ដូច​ប្រទេស​ផ្សេង​ទៀត​នៅទ្វីប​អាស៊ី ​ឬ​អឺរ៉ុប។​ សហ​ព័ន្ធ​កីឡាចំបាប់ចប៉ុន​គឺ​ជឺជីតស៊ូ​ (Ju Jitsu)​កម្ពុជានេះទើប​តែ​បង្កើត​ឡើង​កាលពី​ឆ្នាំ​មុន ​ហើយ​សព្វថ្ងៃ​នេះក៏​មានគម្រោង​ជួយ​ក្មេងៗ​រៀនកីឡា​ជឺជីតស៊ូ​ផង​ដែរ។​

«ដោយ​សារ​លទ្ធផល​វិជ្ជមាន​របស់​កម្ពុជា​ក្នុង​កីឡា​ជឺជីតស៊ូ​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អាស៊ី ​យើង​មាន​សង្ឃឹម​ចំពោះ​សក្តានុពល​សម្រាប់​កីឡា​អូឡាំពិក»។​

កីឡា​ការិនី​ ចេសា​ ​(Jessa)​ ​ដែល​ជា​អ្នក​ឈ្នះ​មេដាយ​មាស​ ​បាន​ផ្តួលកីឡាការិនី​មក​ពី​ប្រទេស​អារ៉ាប់រួម​នៅ​ជុំនៅ​ចុង​ក្រោយ​នៃ​ការ​ប្រកួត។​ ​នាង​ក៏​បាន​និយាយ​ផង​ដែរ​ថា ​កីឡាការិនី​ក៏អាច​ធ្វើ​បាន​ល្អដូច​កីឡាករ​ដែរ។​

កីឡាការិនី​ ដែល​មាន​សញ្ជាតិ​ខ្មែរអាមេរិកាំង​រូបនេះ​ បាន​ថ្លែង​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ដូច្នេះ៖​

«ក្នុង​រយៈពេល​៥ឆ្នាំ ​ខ្ញុំ​ជំរុញ​និង​លើក​ទឹកចិត្ត​យុវជន​ខ្មែរ​យើង​ឲ្យចូលរួម​ជាមួយ​កីឡា​ជឺជីតស៊ូ​ឲ្យ​បាន​ច្រើន។ ​ខ្ញុំ​ផ្តល់​ឲ្យ​កម្ពុជា​វិញ​នៅ​អ្វី​ដែល​ខ្ញុំ​ពូកែ»។​

ក្នុង​នាម​ជា​ម្ចាស់​មេដាយ​មាស​តំណាង​ប្រទេស​កម្ពុជា​ ​លោក​សាលី អូមើត​ បាន​បង្ហាញ​សេចក្តី​សប្បាយ​រីករាយ​ចំពោះ​លទ្ធផល​នៃការ​ប្រកួត​ផង​ដែរ។ ​កីឡាករ​ វ័យ២៦​ឆ្នាំ​រូប​នេះ​បន្ត​ថា ​វា​គឺ​ជា​មោទនភាព​ធំធែង​សម្រាប់​ខ្លួន​គាត់​ផ្ទាល់​ ក្នុង​ការ​ដណ្តើម​មេដាយ​មាស​និង​សំរឹទ្ធ​ជូន​ប្រទេស​របស់​លោក។​

«នេះ​ជាលើក​ទីមួយ​ដែល​មាន​កីឡា​ម៉ូតូ​បើកលើទឹកក្នុង​ការប្រកួត​ ​ហើយ​ក៏ជា​លើក​ទីមួយ​ ដែល​ខ្ញុំ​បាន​ឈ្នះ​មេដាយ​មាស​ជូន​ប្រទេស​របស់​យើង។​ ​ទៅ​មុន​ទៀត​ ខ្ញុំ​យក​ជ័យ​ជម្នះ​មេដាយ​មាស​ជូន​ប្រទេស​កម្ពុជា​តទៅ​មុខ​ទៀត»។

​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​ជា​ព្រឹត្តិ​ការណ៍កីឡា​ ដែល​កើតឡើង​រៀង​រាល់​បួន​ឆ្នាំ​ម្តង។​ ​ហើយ​កម្ពុជា​បាន​ចូលរួម​ប្រកួត​លើក​ដំបូង​នៅ​ឆ្នាំ១៩៥៤។​ ​មក​ដល់​ពេល​នេះ​ ​កម្ពុជា​បាន​ទទួល​មេដាយ​មាស​បី​ និង​សំរឹទ្ធ​មួយពី​ការ​ប្រកួត​កីឡា​ក្នុង​ទ្វីប​អាស៊ី​នេះ។​

មេដាយ​មាស​ដំបូង​របស់​ប្រទេស​កម្ពុជាត្រូវ​បាន​ប្រកួត​ឈ្នះ​ដោយ​កីឡាការិនី​ ​ស៊ន សៀវម៉ី​ សម្រាប់​វិញ្ញាសា​កីឡា​តៃក្វាន់ដូ​ ក្នុង​ការ​ប្រកួត​កីឡា​ឆ្នាំ​២០១៤​ នៅ​ប្រទេស​កូរ៉េ​ខាងត្បួង​ ​ដែល​ពេល​នោះ​នាង​ទើប​មានវ័យ​១៩​ឆ្នាំប៉ុណ្ណោះ។

មេដាយ​មាស​ពីរ​ផ្សេង​ទៀត​និង​សំរឹទ្ធ​មួយត្រូវ​បាន​ទទួល​ក្នុង​ការប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៨​នេះ​ ដោយ​កីឡាការិនីខ្មែរ​អាមេរិកាំងឈ្មោះខាត់ ចេសា វ័យ​១៦​ឆ្នាំ​ ​និង​កីឡាករ​ ​សាលី អូមើត​ ​វ័យ​២៦​ឆ្នាំ៕ ប្រភព៖ VOA