​ភ្នំពេញ​៖ ក្រោយពេល​មាន​ភ្លៀង​ធ្លាក់​មួយ​ធំ បាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង ហើយ​បាន​ហូរ​ទឹក​ដោយ​នាំ​ទាំង ដី​ចេញពី​ការដ្ឋាន​នានា ក្នុង​ក្រុង​ព្រះសីហនុ ចូលទៅ​ក្នុង​ទឹកសមុទ្រ បាន​បង្កឲ្យឡើង​ជា​ល្អក់កក ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឆ្នេរ​ដ៏​ស្រស់ស្អាត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​។​

Loading...

​ប្រជាពលរដ្ឋ បាន​និយាយ​រិះគន់ តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា លទ្ធផល​ដែល​បណ្តាល​មកពី​ការដ្ឋាន​សំណង់​មួយចំនួន មិន​បាន​រៀបចំ​ប្រពន្ធ័​ការពារ​បរិស្ថាន​ត្រឹមត្រូវ ទើប​ពេល​មាន​ភ្លៀង​ខ្លាំង ទឹក​ហូរ​នាំយក​ទាំង​ដីល្បាប់ ចូលទៅ​ក្នុង​ឆ្នេរសមុទ្រ​។ ករណី​នេះ​កន្លងមក ឃើញ​មាន​មន្ត្រី​តំណាង​អជ្ញាធរ​ពាក់ព័ន្ធ​ចុះទៅ​ត្រួតពិនិត្យ និង​បាន​អប់រំ​ឬក៏​ធ្វើ​កិច្ចសន្យា ឲ្យ​ម្ចាស់​ការដ្ឋាន​សំណង់ ដែល​ពាក់ព័ន្ធ ធ្វើ​ការកែប្រែ​ដែរ ប៉ុន្តែ​បើ​ផ្អែក​តាម​រូបភាព​នេះ អាច​បញ្ជាក់បាន​ថា ការធ្វើ​កិច្ចសន្យា​នោះ​មិន​ទទួលបាន​ជោគជ័យ​ទេ ហើយ​បញ្ហា​នេះ កន្លងមក​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់ ក៏ដូចជា ផ្នែក​ឯកជន ចូលរួម​ដោះស្រាយ​ការងារ និង​ធ្វើ​កិច្ចការ​ប្រកបដោយ​តម្លាភាព ។​

​ករណីនេះ ក្រសួង​បរិស្ថាន​បាន​អះអាងថា ស្ថានភាព​ល្អក់កករ​ទឹក​នៅ​តាម​ឆ្នេរសមុទ្រ​មួយចំនួន រួម​ទាំង​ឆ្នេរ​ព្រែកត្រែង​ផង​នោះ មិន​បង្ក​ជា​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​នោះឡើយ​។ ការ​ល្អក់កករ​នេះ ដោយសារ​តែ​សកម្មភាព​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ កំពុង​មាន​ច្រើន ហើយ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហូរ​នាំ​យក​ដី​ចូលទៅ​ក្នុង​សមុទ្រ ទើប​នាំឲ្យមាន​បញ្ហា​ទាំង​នេះ​តែម្តង​។​

​ប្រជាពលរដ្ឋ​ឃើញ​ទឹកសមុទ្រ​នៅ​ប៉ុន្មាន​ថ្ងៃនេះ បាន​ប្រែជា​ល្អក់កករ​ដោយសារតែ​ដី​ហូរ​ចូល ជាពិសេស​នៅ​ឆ្នេរ​ព្រែកត្រែង​តែម្តង​។ បងប្អូន​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ខ្លាំង​ខ្លាច​ស្ថានភាព​នេះ​នាំ​ឲ្យ​ខូច​ទឹក និង​ឆ្នេរសមុទ្រ​របស់​ខ្មែរ ដែល​ជាប់​ជា​ឆ្នេរ​ស្អាត​នៅលើ​ពិភពលោក​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បាន​ប្រាប់ថា សមុទ្រ​មាន​ទឹក​ល្អក់​នៅ​តំបន់​ខ្លះ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ គឺ​នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​ច្រើន​ថ្ងៃ ដែល​បាន​ច្រោះ​ដី​មួយចំនួន ចេញពី​ការដ្ឋាន​សាងសង់​នានា​ទៅ​ជាមួយ ហើយ​ហូរ​ចូលទៅ​ក្នុង​អូរ និង​ប្រឡាយ នាំ​យក​ចូល​ទៅក្នុង​សមុទ្រ​។ ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ននេះ​មាន​ការអភិវឌ្ឍ និង​មាន​ការដ្ឋាន​សាងសង់ បុកគ្រឹះ​ជាច្រើន​ដែល​ជា​ហេតុ ពេល​ភ្លៀង​ខ្លាំង​នាំឱ្យ​មាន​ការ​ច្រោះ​ដី​ទៅ​ជាមួយ​ខ្លះ​។ បញ្ហា​នេះ​មិន មាន​អ្វី​ដែល​ព្រួយបារម្ភ​និង​ប៉ះពាល់​ដល់​ទឹកសមុទ្រ​ទេ​។​

​ដោយសារ​តែ​កំណើននៃ​ការវិនិយោគ​កំពុងមា​ន​សន្ទុះ​ខ្លាំង​នោះ ការអភិវឌ្ឍន៍​នៅក្នុង​ខេត្ត​ព្រះសីហនុ ក៏​កំពុងតែ​មាន​សន្ទុះ​ខ្លាំង​ណាស់​ផងដែរ​។ មួយ​រយៈ​នេះ​ប្រជាពលរដ្ឋ ក៏​បាន​ប្រតិកម្ម​ផងដែរ រឿង​ក្រុមហ៊ុន​វិនិយោគ​មួយ​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង ហើយ​ដី​នេះ​ក៏​បាន​ហូរ​ចូល​ទៅ​សមុទ្រ​ផងដែរ​។​

​ឆ្នេរសមុទ្រ​ខ្មែរ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ នាពេល​បច្ចុប្បន្ន​កំពុង​តែ​ល្បាញ​ល្បី និង​ជាទី​ចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដោយសារតែ​ភាពស្រស់ស្អាត​នៃ​ឆ្នេរ ដ៏​សក្បុស​នោះ និង​ទឹកសមុទ្រ​ដ៏​ថ្លា​។ ដើម្បី​បន្ត​រក្សា​បាន​នូវ​ភាពស្រស់ស្អាត​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ មាន​ចំណាត់ការ​ឲ្យបាន​ខ្ពស់បំផុត ក្នុង​ការថែរក្សា​ឆ្នេរសមុទ្រ​ទាំងនោះ គួរ​រក​វិធី​ទប់ស្កាត់​កុំ​ឲ្យ​ដី​ហូរ​ធ្លាក់​ទៅ​ចូល​ទឹកសមុទ្រ ពួក​គេ​ជឿ​ថា នៅពេល​ដី​ហូ​ចូល​សមុទ្រ​កាន់តែ​ច្រើន​នឹង​នាំ​ឲ្យ​ឆ្នេរលែង​ស្អាត ហើយ​ទឹកសមុទ្រ​ក៏​នឹង​មិន​ថ្លា​ល្អ​ដូច​ពេល​មុន​ដែរ​។​

​យុវជន​មួយ​ក្រុម​បាន​រូបភាព​បង្ហាញ​ពី​សកម្មភាព​ចាក់​ដី​លុបឆ្នេ​ខ្សាច់មួយ​កន្លែង​ដែល​គេ​អះអាង​ថា ជា​ឆ្នេរ​ព្រែកត្រែង ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ចែកចាយ​យ៉ាង​ច្រើន​នៅលើ​បណ្ដាញ​សង្គម​។ ពលរដ្ឋ​បាន​សម្ដែង​ការ​មិន​ពេញចិត្ត ចំពោះ​ការចាក់ដី​លុប​លើ​ឆ្នេរ​ខ្សាច់ ដោយ​លើកឡើង​ថា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​សម្រស់​តំបន់​ទេសចរណ៍​មួយ​នេះ​។ វីដេអូ​ឃ្លី​បបាន​បង្ហាញ​ថា ដី​នេះ​ជា​ដី​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ គ្មាន​ជា​កម្ម​សិទ្ធ​របស់​ឯកជ​ន​ណា​ទេ​។ គេ​ចាក់​លុប​នេះ​មិន​ដឹង​ថា​តើ​គេ​លុប​តាមរបៀប​ណា លុប​តាមរបៀប​រដ្ឋ ឬ​ឯកជន​។​

​ឆ្នេរ​ព្រែកត្រែង​គឺជា​តំបន់​ទេសចរណ៍​ពេញនិយម​មួយ ក្នុងចំណោម​ឆ្នេរ​ដទៃទៀត​ក្នុង​ខេត្ត​ព្រះសីហនុ ដូចជា​ឆ្នេរ​អូ​ឈើទាល ឆ្នេ​ព្រែកចាក និង​ឆ្នេរ​អូ​ត្រេះ​ជាដើម​។ កាលពីដើមឆ្នាំ​២០១៨ ឆ្នេរ​អូ​ឈើទាល ត្រូវ​បាន​វិនិយោគ​ទៅឲ្យ​ក្រុមហ៊ុន​ចិន ដោយឡែក​អាជីវករ​ខ្មែរ​ដែល​លក់ដូរ​នៅ​ទីនោះ ត្រូវ​បង្ខំចិត្ត​រុះរើ​តូប​ឈប់​លក់ដូរ ក្រោយ​បញ្ចប់​កិច្ចសន្យា​ជួល ជា​ហេតុ​ធ្វើឲ្យ​ឆ្នេ​រមួយ​នេះ​ក្លាយជា​កន្លែង​ស្ងប់ស្ងាត់​ខុស​ពី​សព្វដង​។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នកវិនិយោគ​ចិន បាន​សម្រុក​ទៅ​វិនិយោគ និង​រកស៊ី​នៅ​ក្នុង​ខេត្ត​ជាប់​មាត់សមុទ្រ​របស់​កម្ពុជា ដែល​រាប់​ចាប់តាំងពី​ការវិនិយោគ​ខ្នាត​ធំ​ដូចជា កាស៊ីណូ សណ្ធាគារ ភោជនីយដ្ឋាន រហូត​ដល់​មុខរបរ​តូចតាច​ផងដែរ​។ បើទោះបីជា​អាជ្ញាធរ​បាន​អះអាងថា ការកើនឡើង​នៃ​វត្ត​មាន​ជនជាតិ​ចិន​ទាំងនោះ បាន​ផ្ដល់​ផល​វិជ្ជមាន​ចំពោះ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​កម្ពុជា​នៅតែ​សម្ដែង​ការព្រួយបារម្ភ ខណៈ​មានព័ត៌ថា​ជនជាតិ​ចិន ប្រព្រឹត្តបទល្មើស​ស្ទើរ​មិន​លោះ​ថ្ងៃ​៕