មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុងអ៊ុន ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​លោក​ប្រធានាធិបតីកូរ៉េខាង​ត្បូង ​Moon Jae-in ​នៅ​ពេល​ដែល​មេដឹកនាំ​ទាំង​ពីរ​រូប​នេះ​ជួប​គ្នា​សម្រាប់​ជំនួប​កំពូល​អន្តរកូរ៉េ​លើក​ទី​បី​របស់​អស់​លោក​ពី​ថ្ងៃ​ទី​១៨​ ដល់ថ្ងៃ​ទី​២០​ ខែ​កញ្ញា នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង។

Loading...

ជំនួប​កំពូល​នេះ​នឹង​មាន​ធ្វើ​នៅ​ក្រោយ​ព្រឹត្តិការណ៍​ពីរ​ទៀត​នៅ​លើ​ឧបទ្វីប​កូរ៉េ​ក្នុង​សប្តាហ៍​នេះ​ គឺ​កិច្ច​ចរចា​ខាង​យោធា​កម្រិត​ធ្វើ​ការងារ​និង​ការ​បើក​ការិយាល័យ​សម្ព័ន្ធការ​រួម​គ្នា​មួយ​ដែល​ជា​លទ្ធផល​នៃ​ជំនួប​កំពូល​អន្តរកូរ៉េ​លើក​ដំបូង។​

នៅ​ថ្ងៃព្រហស្បតិ៍​នេះ លោក ​Moon Chung-in ​ទី​ប្រឹក្សា​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ខាង​ការ​បង្រួប​បង្រួម​ប្រទេស​ជាតិ, កិច្ចការ​បរទេស​និង​សន្តិសុខ​ជាតិ​ បាន​និយាយ​ប្រាប់​ពួក​អ្នក​កាសែត​ថា ​លោក​មាន​ជំនឿ​ផ្ទាល់​ខ្លួន​ថា​ ជំនួប​នេះ​ជា​ការ​បន្ត​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ដែល​ជា​លទ្ធផល​នៃ​សេចក្តី​ប្រកាស​នៅភូមិ​សន្តិភាព​ Panmunjom។

លោក ​Moon Chung-in ​ដែល​បាន​ថ្លែង​ថា​ លោក​និយាយ​ក្នុង​ឋានៈ​ជា​អ្នក​ជំនាញ​ម្នាក់​ហើយ​មិន​មែន​និយាយ​ក្នុង​នាម​នៃ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ទេ​នោះ​ បាន​និយាយ​ថា​ លោក​រំពឹង​ថា​លោក​ប្រធានាធិបតី​កូរ៉េខាង​ត្បូង​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​លើ​ការ​ធ្វើ​មិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​និង ​បំពេញ​មុខ​នាទី​ជា​អ្នក​សម្រួល​ឬ​ជា​អ្នក​សម្រប​សម្រួល​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ឧបត្ថម្ភផ្ចុង​ផ្តើម​ការ​សន្ទនា​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ផង​ដែរ។

លោក ​Moon Chung-in ​បាន​មាន​ប្រសាសន៍​ថា​ លោក​ប្រធានាធិបតី Moon Jae-in ​មាន​ជំនឿ​ថា​ ទំនាក់​ទំនង​អន្តរកូរ៉េ​ដែល​ល្អ​ប្រសើរ​ជាង​មុនមាន​មុខ​នាទី​ខ្លះ​ក្នុង​ការ​សម្រួល​កិច្ច​ចរចា​រវាង​ស.រ.អា.​និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជា​មានិត​កូរ៉េ​ និង​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ថែម​ទៀត​ផង៕ ប្រភព៖ VOA