វ៉ាស៊ីនតោន —តុលាការ​បានដោះលែង​លោក ​កឹម សុខា​ ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ក្រោយពីរដ្ឋា ភិបាលថ្មី​មួយបាន​កើតឡើង​បន្ទាប់ពី​ការបោះឆ្នោត​ ដែលរងការ​រិះគន់​ពី​សហគមន៍ អន្តរជាតិ​ ជាពិសេស​ប្រទេស​លោក​ខាងលិច​យ៉ាងខ្លាំង​ តែ​សមាជិកសភា​អាមេរិក​មួយ​ចំនួន​អះអាង​ថា​ការ​ដោះលែង​នេះ​ មិនគ្រប់គ្រាន់​នឹងធ្វើឲ្យ​សហគមន៍​អន្តរជាតិ​និង ស.រ.អា.​ស្ងប់ចិត្ត​ទេ។​

Loading...

យោងតាម​ការអះអាង​របស់​លោក ​Alan Lowenthal ​សមាជិក​សភា​អាមេរិក​ និងជា សហ​ប្រធាន​គណៈកម្មាធិការ​សភា​ដើម្បី​ពិនិត្យ​តាមដាន​ស្ថានការណ៍​នៅកម្ពុជា (Congressional Cambodia Caucus)​ បាន​និយាយថា​ ការដោះលែង​លោក​កឹម សុខា អតីត​មេដឹកនាំ​គណបក្ស​ជំទាស់​នៅកម្ពុជា ​ហើយបន្ត​ការឃុំខ្លួន​ក្នុងផ្ទះ​គឺ​មិនមាន​ភាព​គ្រប់គ្រាន់​ដើម្បី​ទាក់ទាញ​ដល់អ្នក​រិះគន់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​ឲ្យ​ស្ងប់ចិត្ត​នោះទេ។

លោក​កឹម សុខា​ត្រូវតុលាការ​សម្រេច​ដោះលែង​ពីគុក​ដោយឈរ​នៅ​លើ​មូលដ្ឋាន សុខភាព​នៅសប្តាហ៍​នេះ​ បន្ទាប់ពី​មានការ​ឃុំឃាំង​បណ្តោះអាសន្ន​អស់រយៈ​ពេលជាង មួយឆ្នាំ​ ក្រោម​បទចោទ​ប្រកាន់​ពីបទក្បត់​ជាតិ។ ​ឥឡូវនេះ​លោកកំពុង​ត្រូវបាន​ឃុំខ្លួន ក្នុងផ្ទះ​ ហើយគេ​មិនអនុញ្ញាត​ឲ្យ​មាន​ការចូល​ជួបពី​សំណាក់​ អតីត​សហសេវិក​របស់ លោក ​មកពី​គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវ​បានរំលាយ​កាលពី​ឆ្នាំទៅ ​មុនការ​បោះ ឆ្នោត​នោះ​ឡើយ។

មាន​ប្រសាសន៍​ប្រាប់​ VOA ​តាមរយៈសារ​អេឡិចត្រូនិច ​Email ​លោក ​Alan Lowenthal បាន​បញ្ជាក់​តាមខ្លឹមសារ​ដើមថា៖

«ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ដែល​លោក​កឹម សុខា​ត្រូវបាន​ដោះលែង។ ​ខ្ញុំសូម​ជូនពរ អោយ​គាត់ទទួល​បាន​សេចក្តី​សុខ​ ហើយ​សង្ឃឹមថា​ សុខភាព​របស់គាត់​នឹង​ប្រសើរ ឡើង​យ៉ាង​ឆាប់​រហ័ស។​ សំណុំរឿង​ប្រឆាំង​លោក​កឹម សុខា​គឺជា​ ឧទាហរណ៍​មួយ​ទៀត នៃ​ការ​រំលោភ​អំណាច​ដោយរបប​ផ្តាច់ការ​របស់លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ដើម្បី រារាំង​ក្រុមប្រឆាំង​នយោបាយ​ណាមួយ​នៅមុន​ពេលការ​បោះឆ្នោត​ជាតិ​ថ្មីៗ​នេះ‍»។

រូបឯកសារ៖ លោកកឹម សុខា​អតីតមេដឹកនាំគណបក្ស​សង្រ្គោះជាតិ

លោក​ បានបន្ថែម​ថា៖

«ឥឡូវនេះ​លោក​ហ៊ុន សែន​បានទទួល​ជ័យជម្នះ​ពីការ​បោះឆ្នោត​ក្លែងក្លាយ​មួយ ​ដែល គាត់​បាន​បង្កើត ​ហើយគាត់​ជឿថា​សហគមន៍​អន្តរជាតិ​នឹងផ្តល់​រង្វាន់​ដល់​រូបគាត់​ដែល ហាក់ដូច​ជា​បាន​ធ្វើអំពើល្អ ​បន្ទាប់ពីនោះ។​ យើង​នឹង​មិនផ្តល់​ទេ។​ យើងនឹង​បន្ត​ធ្វើការ តស៊ូមតិ​ ដើម្បីការ​បោះឆ្នោត​ដោយសេរី​ និងយុត្តិធម៌​ដែល​ប្រជាជន​កម្ពុជា​មាន​សង្ឃឹម ថា​ ទទួល​បាននោះ ​ហើយយើង​នឹងធ្វើ​ឱ្យរដ្ឋាភិបាល​លោក​ហ៊ុន សែន​ទទួល​ខុសត្រូវ ចំពោះ​ការវាយ​ប្រហារ​របស់ខ្លួន​លើលទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា‍»។

លោក ​Alan Lowenthal ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏បាន​សង្កត់​ធ្ងន់ថា៖

«ជាងនេះ​ទៅទៀត​ច្បាប់​ប្រជាធិបតេយ្យ​កម្ពុជា​ដែលដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល លោក ​ហ៊ុន សែន ​ហើយ​ដែល​បានអនុម័ត​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែកក្កដា​ត្រូវតែ លើកឡើង​ និង​អនុម័ត​ភ្លាមៗ​ នៅក្នុង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក‍» ។

លោក ​Steve Chabot ​តំណាង​រាស្ត្រ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋអូហៃអូ (Ohio) បានបន្ទរ​តាមការ​កត់សម្គាល់​របស់​លោក​ Alan Lowenthal​ នៅពេល​ថ្លែងប្រាប់ ​VOA តាមរយៈសារ​អេឡិច​ត្រូនិច​ Email ៖

«ចាប់តាំងពី​លោក​ហ៊ុន សែន​ចាប់ផ្តើម​ការរំលោភ​បំពាន​នៅជុំថ្មីៗ​របស់​គាត់​ ខ្ញុំបាន អំពាវ​នាវ​ឱ្យមាន​ការឆ្លើយ​តប​យ៉ាង​ខ្លាំង។​ ជាការពិត​ខ្ញុំមាន​សេចក្តី​រីករាយ​ ដែល​លោក​កឹម សុខា​ត្រូវបាន​ដោះលែង​ ប៉ុន្តែការ​ចោទប្រកាន់​ក្លែងក្លាយ​ប្រឆាំងនឹង​រូបលោក​ កឹម សុខា ​មិនត្រូវ​បានទម្លាក់ទេ​ ហើយគាត់​មានសេរីភាព​ក្នុងការ​ធ្វើចលនា​តិចតួច។ ​បើ​គ្មានការ​ផ្លាស់ប្តូរ​ពិតប្រាកដទេ​នោះមិន​មែនជា​ជំហាន​ឆ្ពោះទៅ​រកលទ្ធិ​ប្រជាធិបតេយ្យ ទេ ​តែជាកល​ល្បិច​ ក្នុងវិធីសាស្ត្រ​ជន​ផ្តាច់ការ‍»។

រូបឯកសារ៖ សមាជិក​សភា​លោក Steve Chabot នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Ohio (ស្រេង លក្ខិណា/VOA)

លោក​កឹម សុខា​គឺជាឥស្សរជន​ខ្ពស់បំផុត​ក្នុងចំណោម​សកម្មជន​ជាង​២០នាក់​ មាន​អ្នក សារព័ត៌មាន ​និងអ្នកតស៊ូមតិ ​ដែលត្រូវ​បានជាប់​គុក​នៅមុន​ការបោះ​ឆ្នោត​នៅខែ​កក្កដា។ ​ភាគច្រើន​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្នឬ​ត្រូវបាន​លើក លែងទោស​ក្នុងរយៈ​ពេលប៉ុន្មាន​សប្តាហ៍ថ្មីៗ​នេះ ​បន្ទាប់ពី​គណបក្សកាន់​អំណាច​ឈ្នះ ឆ្នោត​និង​ទទួល​បានអាសនៈ​ទាំងអស់​ចំនួន១២៥ ​នៅក្នុង​រដ្ឋសភា។

លោក​ អៀ សុផល​ជាសាស្ត្រាចារ្យរង​ផ្នែកកិច្ចការ​ការទូត​ និងកិច្ចការ​ពិភពលោក​នៅ មហាវិទ្យាល័យ ​Occidental ​នៅទីក្រុង​ឡូសអេនជឺលេស​ រដ្ឋ ​California​បាន​និយាយ ថា​ការដោះ​លែងលោក​កឹម សុខា​ឲ្យជាប់ឃុំ​ក្នុងផ្ទះ​គឺជាសញ្ញា​មួយ​ដ៏ល្អ។

«នេះ​ជា​ការវិវត​វិជ្ជមានមួយ​ ជាពិសេស​ដោយសារ​ វាហាក់​ដូចជាគាត់​ត្រូវ​គេ​ឃុំឃាំង​ដោយ​បំពាន​រយៈពេល ​៦ ខែ​ទៅមុខ​ទៀត។ ​ខ្ញុំជឿជាក់​ថា ស្ថានភាព​សុខភាព របស់គាត់​អាចបន្ត​ក្នុងស្ថានភាព​ប្រសើរ។​ ការបន្ត​ឃុំខ្លួន​ដូច្នេះ​អាចនាំ​ឲ្យមាន​បញ្ហា ធ្ងន់ធ្ងរ​ ហើយករណី​ដែលអាក្រក់​បំផុត​គឺបើមាន​រឿងអ្វីកើត​ឡើង​ចំពោះគាត់​ក្នុងពេល​ជាប់​ឃុំឃាំង‍»។

លោក ​អៀ សុផល​ ដែលជា​អ្នកនិពន្ធ​សៀវភៅ ​«ការពឹងផ្អែក​លើជំនួយ​របស់​កម្ពុជា៖ ជំនួយ​បរទេស​ធ្វើឱ្យខូចខាត​ដល់ប្រជាធិបតេយ្យ»​និង​«រឿងនាគ​ស្រេក​ឃ្លាន៖ ​ការស្វែង រកធនធាន​របស់​ប្រទេស​ចិនកំពុង​ផ្លាស់ប្តូរ​ពិភពលោក» ​បាននិយាយ​ថា សមាជិក​ព្រឹទ្ធសភា​ ស.រ.អា.​ នឹងបន្ត​ពិចារណា ​ច្បាប់ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

រូបឯកសារ៖ លោក​ អៀ សុផល​ សាស្ត្រាចារ្យរង​ផ្នែកកិច្ចការ​ការទូត​ និងកិច្ចការ​ពិភពលោក​នៅ មហាវិទ្យាល័យ ​Occidental ​នៅទីក្រុង​ឡូសអេនជឺលេស​ រដ្ឋ ​California

នៅក្នុង​របាយការណ៍​ដែលបាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​កន្លងទៅ ​អង្គការ​ឃ្លាំមើល សិទិ្ធមនុស្ស ​Human Rights Watch ​បាននិយាយថា​ រដ្ឋាភិបាល​កម្ពុជា​គួរតែ​ដោះលែង អ្នកដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ ដោយសារតែ​ការប្រើប្រាស​សិទ្ធិសេរីភាព​តវ៉ារបស់​ពួកគេ ដោយ​អហិង្សានោះ ​ជាបន្ទាន់​ និង​ឥតលក្ខខណ្ឌ។

លោក​ Brad Adams ​នាយក ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​និយាយ​តាមខ្លឹមសារ​ដើមថា៖

«ប្រទេស​កម្ពុជា​បានចាប់​ឃុំខ្លួន ​អ្នករិះគន់​ដ៏លេចធ្លោ​ដែល​ហ៊ានប្រឆាំង​នឹង​ លោក ហ៊ុន សែន ​និង​គណបក្សកាន់​អំណាច​របស់​គាត់។​ រដ្ឋាភិបាល​គួរដោះលែង​អ្នក​ទោស នយោបាយ​ទាំងអស់​ភ្លាមៗ ​និង​ទម្លាក់​បទចោទ​ប្រកាន់​ទាំងអស់​ រួមទាំង​បទចោទ ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ជំទាស់​គឺលោក​កឹម​ សុខា។​ លោកហ៊ុន សែន​គួរ​ប្តេជ្ញា បញ្ចប់ការ​ចាប់ខ្លួន​អ្នករិះគន់​ ដែលជា​ វិធីលោក​បន្តប្រើ​ ដើម្បី​ទ្រទ្រង់​ការគ្រប់​គ្រង​បែប ផ្ដាច់ការ​របស់​លោក‍»។

ទោះ​យ៉ាងណា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក​ផៃ ស៊ីផាន​បានសរសេរ​នៅលើ ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ក្រោយពេល​មានប្រតិកម្ម​ពីមន្ត្រីការទូត​បរទេស​និង​អង្គការ​នានា ​ចុងក្រោយនេះ​ ដោយលោក​ផៃ ស៊ីផាន​អះអាង​ថា ការ​ដោះលែង​លោក​កឹម សុខា​ និងអ្នក​ដទៃទៀត​គឺជា រឿង​តុលាការ​កម្ពុជា ។

«រាជ​រដ្ឋាភិបាល​កម្ពុជា​ មិនមាន​ឥរិយាបថ​ និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​គំរាម​កំហែង ចាប់ចង​ ដូចប្រទេស​ ដទៃ​នោះឡើយ។​ តុលាការ​អនុវត្ត​ដែន​សមត្ថកិច្ច​យុត្តិធម៌​របស់​ខ្លួន»។

លោកក៏​បានស្នើសុំ​ដល់អ្នក​ការទូត ​និងអង្គការ​នានា​ដែលបាន​រិះគន់នោះ​ឲ្យគិត​ថា​ ​ការ​ដោះលែង​ថ្មីៗនេះ​ជាការងារ​ផ្តាច់មុខ​របស់តុលាការ៕ ប្រភព៖ VOA