​សៀមរាប​ ៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​គ​របាល​ក្រុង​សៀមរាប កាលពី​ថ្ងៃ​ទី​១៤ កញ្ញា បានឲ្យដឹងថា ដោយ​សង្កេតឃើញ​ថា ប៉ុន្មាន​ថ្ងៃនេះ មាន​ការ​យក​រូបថត សព​យុវតី​ម្នាក់ ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង ភ្ជាប់​សាច់រឿង​ជាមួយ ការប្រឡង​បាក់​ឌុប​ធ្លាក់ និង​កំហុស​បច្ចេកទេស របស់​ក្រសួង​អបរំ ។​

Loading...

​នគរបាល​ព្រហ្មទណ្ឌ បានបញ្ជាក់​ថា ដើម្បី​បញ្ចៀស​ការយល់ច្រឡំ នគរបាល ព្រហ្មទណ្ឌ​ក្រុង​សៀមរាប យើងខ្ញុំ​សូម​ធ្វើការ បំភ្លឺ បញ្ជាក់​ជូន​មហាជន​ឲ្យបាន​ដឹង​ថា យុវតី​ដែល​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ ឈ្មោះ​ចិត្រ ម៉ា​ឡា ភេទ​ស្រី អាយុ​១៥​ឆ្នាំ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត ចង​ក​ដោយ​ក្រ​ម៉ា នៅក្នុង​បន្ទប់​របស់​ខ្លួន កាល​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២​ថ្ងៃត្រង់ មក​ម្លេះ នៅក្នុង​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយសារ​មាន​បញ្ហា នៅក្នុង​គ្រួសារ​បន្តិចបន្តួច (​ទំនាស់​ពាក្យសំដី​) ហើយ​ក៏​សម្រេចចិត្ត​យក​ក្រមា ចង​ក​សម្លាប់​ខ្លួនឯង ដោយ​គ្មាន​ក្រុមគ្រួសារ​ណា​ម្នាក់​ដឹង​ឡើយ ។ លុះ​ដល់​ប្អូនប្រុស​បង្កើត របស់​ជនរងគ្រោះ ទៅ​ហៅ​ជនរងគ្រោះ ឲ្យចេញ​មក​ហូបបាយ តែ​ជនរងគ្រោះ​មិន​ឆ្លើយ ដោយ​មាន​ការសង្ស័យ ប្អូនប្រុស​បង្កើត​រូបនោះ ក៏​បាន​រុញ​ទ្វារ​ហើយ​ឃើញ បងស្រី​របស់​ខ្លួន បាន​ធ្វើ​អត្តឃាត ស្លាប់បាត់​ទៅ ហើយ​ប្អូនប្រុស​ជនរងគ្រោះ​ក៏​រត់​មក​ស្រែក ហៅ​ម្តាយ​ឲ្យទៅ​មើល​ពេលទៅដល់ ម្តាយ​ជនរងគ្រោះ​ក៏​ឃើញ​កូនស្រី​របស់​គាត់ បាន​ស្លាប់បាត់​ទៅ​ហើយ​ផងដែរ​។​

​នគរបាល​ក្រុង​សៀមរាប បាន​បន្ថែមថា ការយក​សាច់​រឿង​នេះ មក​បង្ហាញ​ជូន​ជា​ថ្មី​ម្តងទៀត ក៏​ព្រោះតែ​ប៉ុន្មាន​ថ្ងៃ​មកនេះ ឃើញ​មាន​ការ​យក​រូបថត​សព​យុវតី​ខាងលើ មក​ផ្សព្វផ្សាយ ដោយ​ភ្ជាប់ សាច់​រឿង​ជាមួយ ការប្រឡង​ធ្លាក់ និង​កំហុស​បច្ចេកទេស របស់​ក្រសួង​អបរំ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​តែប៉ុណ្ណោះ​។ អាស្រ័យហេតុនេះ នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប យើងខ្ញុំ សូមបញ្ជាក់​ថា ករណីនេះ មិនមែន​ជា​ការធ្វើអត្តឃាត ដោយសារ តែ​លទ្ធផល​ប្រឡង​ធ្លាក់​បាក់​ឌុប ឆ្នាំ​២០១៨​នេះ នោះឡើយ គឺជា​សាច់រឿង​ផ្សេង​ពី​គ្នា និង​សូមជ្រាប​ជា​ព័ត៌មាន​៕