​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​បាន​ចេញ​សេចក្តីជូនដំណឹង ទៅកាន់​អគ្គនាយក នៃ​នាយកដ្ឋាន​ពន្ធនាគារ​ត្រពាំង​ផ្លុង លើ​សំណុំរឿង លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បើក​សវនាការ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

Loading...

​លោក អ៊ឹម សុផាន អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍ បាន​ចេញ​ដីកា កាលពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ បានឲ្យដឹងថា តប​តាម​កម្មវត្ថុ សំណើ​សុំ​ចាត់​ឲ្យ​នាំ​ជន​ត្រូវ​ចោទ​មក​សវនាការ លើ​សំណុំរឿង ស៊ើបសួរ​លេខ​២៤៩/០៣. ៩.២០១៧ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ សន្និដ្ឋិភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​កន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញត​មាត្រា ៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​យោង​តាម​ដីកា​បាន​ឲ្យ​លោក កឹម សុខា ជា​ជន​ត្រូវ​ចោទ​ទៅកាន់ សាលាឧទ្ធរណ៍​នៅពេល​បើក​សវន​កា​ជំនុំជម្រះ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា វេលា​ម៉ោង​២​រសៀល នៅ​បន្ទាប់​សវនាការ​ទី​៣ ដោយ​មាន​ក្រុមប្រឹក្សា​ចំនួន​បី​រូប គឺ​លោក ឃុន លា​ម៉េង ប្រធាន​ក្រុមប្រឹក្សា លោក យូ ប៊ុន​ណា ចៅក្រម​ប្រឹក្សា លោក សួស សំអាត ចៅក្រម​ប្រឹក្សា ចំណែក​លោក​ស្រី ប៉េស រី​ណា ជា​ក្រឡា បញ្ជី​សវនាការ​។ ដីកា​បានឲ្យដឹង​ទៀត​ថា នៅពេល​ចប់​សវនាការ​ហើយ​ត្រូវ​នាំ​ជន​ត្រូវ​ចោទ​ត្រឡប់​ទៅ ពន្ធនាគារ​វិញ ដើម្បី​បន្ត​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​ពី​មុន​មក បើ​គ្មាន​សេចក្តីសម្រេច​ថ្មី​ទៀត​ទេ​។​

​លោក កឹម សុខា ត្រូវបាន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច ដោះ​លែងឲ្យ​មាន សេរីភាព​បណ្តោះអាសន្ន កាលពី​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​។ លោក កឹម សុខា ត្រូវបាន​ឃុំខ្លួន​បន្ត នៅក្នុង​គេហដ្ឋាន​របស់​លោក ស្ថិតនៅ​ផ្ទះ​លេខ​៩៧ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទូល​គោក រាជធានី​ភ្នំពេញ​។ លោក កឹម សុខា មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ចេញបរិ​វេ​ណ​ផ្ទះ ជាពិសេស​ការជួប​ជាមួយ​សកម្មជន ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជនបរទេស ជាដើម​។​ល​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា ការដោះលែង​លោក កឹម​សុខា ជា​បណ្តោះអាសន្ន​នេះ​ដោយសារ​តែ​បញ្ហា​សុខភាព មិនមែន​បញ្ហា​នយោបាយ​នោះ​ទេ​៕