​ភ្នំពេញ ​៖ លោក​កេត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា បាន​ថ្លែងថា ស្ថាន​តំណាង​កម្ពុជា​នៅ​ក្រៅប្រទេស ធ្វើ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្មែរ​ចំនួន​៥៥​នាក់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ថ្លែងថា ១.​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ចិន បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់ ចិន ធ្វើ​អន្តរាគមន៍​ជួយសង្គ្រោះ និង​រៀបចំ​មាតុភូមិនិវត្តន៍​ស្ត្រី​ខ្មែរ​ចំនួន​២​នាក់ មកពី​ខេត្ត​កំពង់ចាម និង​ត្បូងឃ្មុំ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​នាំ​ទៅ​រៀបការ​ដោយ​ខុសច្បាប់​ជាមួយ​បុរស​ជនជាតិ​ចិន​នៅក្នុង​ប្រទេស​ចិន​។ ស្ត្រី​ទាំង​ពីរ​នាក់ បាន​ត្រលប់​មក​ដល់​កម្ពុជា​វិញ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

២.​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​របស់​ម៉ាឡេស៊ី រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​-​ពល​ការិនី​ខ្មែរ​ចំនួន​២២​នាក់ មកពី​ខេត្ត​កំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និង​ខេត្ត​ស្វាយរៀង ដែល​បាន​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​មាន​បំណង​ត្រលប់​មក​កម្ពុជា​វិញ​។ ពលករ​-​ពល​ការិនី​ទាំង​២២​នាក់ បាន​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

៣.​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ចំនួន​៣១​នាក់​(​ក្នុងនោះ​មាន​កុមារ​២៣​នាក់​) មកពី​ខេត្ត​ស្វាយរៀង ដែល​ចូល​ទៅ​ស្នាក់នៅ​និង​ប្រកប​របរ​លក់​ឆ្នោត​ដោយ​ខុសច្បាប់​នៅក្នុង​ប្រទេស​វៀតណាម​។ ស្ថាន​អគ្គ​កុងស៊ុល បាន​ជូន​ពលរដ្ឋ​ទាំង​៣១​នាក់​នោះ មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ដើម្បី​ប្រគល់​ជូន​អាជ្ញាធរ​កម្ពុជា ចាត់ចែង​បញ្ជូនបន្ត​ទៅ​ស្រុកកំណើត ៕