​ភ្នំពេញ ​៖ ខណៈ​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន​នា​ពេល​ថ្មីៗ​នេះ បាន​ទទួលរង​នូវ​ការកាប់​ទន្ទ្រាន​យក​ដី និង​ពង្រីក​ដីចំការ​មាន​ស្រាប់ ទៅលើ​តំបន់​ហាមឃាត់ នៅក្នុង​តំបន់​ការពារ ពី​សំណាក់​ប្រជាពលរដ្ឋ​មួយចំនួន និង​ក្រោម​ការ​ញុះញង់​របស់​ក្រុម​ឈ្មួញ​រកស៊ី​ទិញ​ដីធ្លី​។ នៅក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ ក្រសួង​បរិស្ថាន​បាន​បង្ក្រាប​ការទន្ទ្រាន កាន់កាប់​ដី​រដ្ឋ ដោយ​ខុសច្បាប់​នៅក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង ក្បាល​ឆាយ ខេត្ត​ព្រះសីហនុ ដែល​ពលរដ្ឋ​មួយចំនួន​បាន​ទន្ទ្រាន​កាន់កាប់​ដោយ​ខុសច្បាប់ និង​បង្ក្រាប ការទន្ទ្រាន កាន់កាប់​ដី​នៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ និង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ និង​បាត់ដំបង​ជាដើម​។ នេះ​បើ​តាម​ការផ្សាយ​របស់​ក្រសួង​បរិស្ថាន កាលពី​ថ្ងៃ​ទី​១៧​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា ការទន្ទ្រាន រុករាន​កាន់កាប់​ដី​ដោយ​ខុសច្បាប់ របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការ​បំផុស ពី​ឈ្មួញ​រកស៊ី​ដីធ្លី ដែល​ពួកគេ​បាន​ញុះញង់ ឱ្យ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​រំលោភបំពាន​ច្បាប់ និង​ប​ផ្លាញ​ធនធានធម្មជាតិ ក្រោម​ច្រើន​រូបភាព ដូចជា ការ​ដាំ​ដំណាំ​ចេក ស្វាយ ខ្លុរ អាកាស្យា​… ជាដើម ដើម្បី​បន្លំ​ថា​ជា​ដី និង​ដំណាំ​ដែល​ខ្លួន​បាន​កាន់កាប់ និង​អាស្រ័យ​ផល​ជា​កម្មសិទ្ធិ ឬ​ខ្លួន​បាន​គ្រប់គ្រង​ជា​យូរ​មក​ហើយ​។​

​លោក នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​បន្តថា ល្បិចកល​ក្នុង​ការបំផ្លាញ​ធនធានធម្មជាតិ​ខ្លះ ដែល​ជនខិលខូច​ខ្លះ​បាន​ធ្វើ​ក្នុងការ​ទន្ត្រា​ន​កាន់កាប់​ដី​ព្រៃ​ខុសច្បាប់​នោះ គឺ​ដូចជា​ការបោះ​ព្រំដី ការ​ត្រាយ​ព្រៃតូចៗ​ឱ្យ​ងាប់ រួច​ដុត​សម្អាត សម្រាប់​ដាំ​ដំណាំ​តាម​រដូវ ដូចជា ពោត ដំឡូង សណ្តែក បន្លែ ។​ល​។ ក្នុង​រូបភាព​អាស្រ័យ​ផល និង​ឈាន​ទៅ​ដាក់​ស្នើ​សុំ​ការវាស់វែង ផ្តល់​កម្ម​សិទ្ឋិ​ជូន​ពួកគាត់​ទៅ អាជ្ញាធរ​ដែនដី ស្ថាប័ន​ជំនាញ​ពាក់ព័ន្ឋ ជាពិសេស​ស្នើ​ទៅ​រដ្ឋាភិបាល​ជា​បន្តបន្ទាប់​។​

​លោក​បន្តថា ពេល​ខ្លះ​ក្នុង​ករណី​មាន​ការបង្ក្រាប ឬ​បដិសេធ​ការផ្តល់​កម្មសិទ្ធិ ក្រុម​ឈ្មួញ​បាន​ញុះញង់​ឱ្យមាន​ការតវ៉ា និង​ពេលខ្លះ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បំពង​សំឡេង ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​មួយចំនួន​ថា ជា​ការរំលោភ​បំពាន​លើ​សិទ្ធិមនុស្ស និង​សិទ្ធិ​លំនៅដ្ឋាន​ជាដើម​។ តាមពិត នេះ​គឺជា​ការរំលោភច្បាប់​យ៉ាងច្បាស់​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ជា​ទូទៅ​នៅ​តាម​តំបន់ការពារធម្មជាតិ​នី​មួយៗ មន្ត្រី​ឧទ្យានុ​រ​ក្ស​មិនមានកា​ររឹតបន្តឹ​ង ឬ​ហាមឃាត់ ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ ដែល​ប្រកប​របរ​ចិញ្ចឹមជីវិត អាស្រ័យ​លើ​ការប្រមូល​អនុផល ព្រៃឈើ មានដូចជា រក​ផ្តៅ វ​ល្លិ៍ ឫស្សី បន្លែ ផ្លែឈើ ឬ​អុស​សម្រាប់​ដុត​ប្រចាំ​ថ្ងៃ​នោះ​ទេ​។ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួង​បរិស្ថាន បាន​គិតគូរ និង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ ការពារ​ធម្មជាតិ​នានា តាមរយៈ​ការជួយ​បង្កើត​មុខរបរ បង្កើត​ប្រភព​ចំណូល បង្កើន​ចំណូល​សម្រាប់​អភិវឌ្ឍ​ជីវភាព​គ្រួសារ​បងប្អូន​។​

​លោក នេត្រ ភ​ក្ត្រា បានឱ្យដឹងថា កន្លងមក រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​បទ​បញ្ចារ​លេខ ០១ បប ចុះ​ថ្ងៃ​ទី​៧ ខែ ឧសភា ឆ្នាំ​២០១២ ស្តីពី វិធានការ​ពង្រឹង និង​បង្កើន​ប្រសិទ្ឋភាព នៃ​ការគ្រប់គ្រង សម្បទាន​ដី​សេដ្ឋកិច្ច និង​បាន​បើក​យុទ្ឋនាការ វាស់វែង​ចេញ​កម្ម​សិទ្ឋិ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ និង​ដាំ​ដុះ​ជាក់ស្តែង​ក្រោម​បេសកកម្ម គោលនយោបាយ​ចាស់ សកម្មភាព​ថ្មី​។ ចំពោះ​ករណី ប្រជាពលរដ្ឋ ដែល​ចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ថ្មៗ ក្រោយ​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០១២ មិន​អាច​យក​ដោះស្រាយ​បាន​ឡើយ​។​
​ដើម្បី​ទប់ស្កាត់​នូវ​រូបភាព​ការទន្ទ្រាន​កាន់កាប់​ដីធ្លី ក្នុង​តំបន់ការពារធម្មជាតិ ក្រសួង​បរិស្ថាន​ដោយ​សហការ ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ឋ ចាត់​វិធានការ​យ៉ាង​ម៉ឹងម៉ាត់ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​រាល់​សកម្មភាព​ល្មើស ដូច​បាន​រៀបរាប់​ខាងលើ ដោយ​ផ្អែក​លើ​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​ជាមួយគ្នានេះ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់ថា ការយក​ប្រជាពលរដ្ឋ​មក​ធ្វើជា​លេស​ដើម្បី​ទន្ទ្រាន កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​នេះ​ជា​រឿង​ហួស​សម័យ​ហើយ​។ ក្នុង​ការការពា​រធន​ធាន​ធម្មជាតិ​ឱ្យបាន​ល្អ ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​មូលដ្ឋាន ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ការពារ ហើយ​ក្រសួង​ក៏​បាន​ឆ្វៀល​ដី​ដែល​មាន ផលប៉ះពាល់​ជូន​ដល់​ប្រជាពលរដ្ឋ​រួច​ហើយ​ដែរ​។ លោក​បាន​បញ្ជាក់ថា អ្នក​ដែល​មក​ទន្ទ្រាន រុក រាន​ដីព្រៃ​ភាគច្រើន​ជា​ពលរដ្ឋ​ចំណាកស្រុក​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភ​ក្ត្រា បាន​ថ្លែង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​ប្រទេស​កម្ពុជា មាន​ដើម្បី​ទុក​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​។ លោក​បាន​បន្ថែមថា ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ខ្វះ​ដី​ពិតប្រាកដ សូម​ដាក់​សំណើសុំ​ដី​សម្បទាន​សង្គមកិច្ច​ពី​អាជ្ញាធរ មិនគួរ​ទន្ទ្រាន រុករាន​កាប់ឆ្ការ​ព្រៃ កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ឡើយ​។ ជន​ទាំងឡាយ​ដែល​បំពាន​នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់​៕ ​