​ភ្នំពេញ ​៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ ពាក់ព័ន្ធ​បទល្មើស​ចោទប្រកាន់​ពីបទ​៖ ញុះញង់​ឲ្យ​ប្រព្រឹត្តបទ​ល្មើស ជាអាទិ៍​, បរិហាកេរ្តិ៍​ជា​សាធារណៈ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដែល​សំណុំរឿង​នេះ​ប្តឹង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅលើ​លោក គឹម សុខ​។​

​នៅក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួនរបស់​ចៅក្រម​ស៊ើបសួរ លាង សំ​ណាត់ ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា សម្រេច បញ្ជា​ដល់​កម្លាំង​សាធារណៈ ឲ្យ​ស្រាវជ្រាវ​រក​ចាប់ និង​ឲ្យ​នាំ​ខ្លួន​ឈ្មោះ គឹម សុខ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ទៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួង​មហាផ្ទៃ និង​បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ នៃ​ក្រសួង​មហាផ្ទៃ​ឲ្យទទួល និង​ឃុំខ្លួន​បុគ្គល​នោះ​។​

​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​ថា ករណី​ប្តឹង​លោក គឹម សុខ កាលពី​ឆ្នាំ​២០១៧​នេះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​នៅ​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​លោក គឹម សុខ ដោយសារ​លោក គឹម សុខ បាន​គេចវេស​មិន​ព្រម​ចូល​បំភ្លឺ​នៅ​តុលាការ កាលពី​ថ្ងៃ​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​ថ្មីៗ​នេះ​។​

​លោក គី តិច បានបញ្ជាក់​ថា សំណុំរឿង​នេះ​ពាក់ព័ន្ធ​នឹង​លោក គឹម សុខ បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​លើ​រាជរដ្ឋាភិបាល​ថា បាន​បង្កើត​ប្រព័ន្ធ​មួយ​សម្លាប់​មនុស្ស រួច​ហើយ​រកមុខ​ឃាតក​មិនឃើញ​។ ពាក្យបណ្តឹង​នេះ​ត្រូវបាន​ដាក់​ចូល​ទៅ​កាន់ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​កន្លងទៅ ហើយ​នៅពេលនេះ​ត្រូវបាន​ចៅក្រម​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ និង​ឃុំខ្លួន​តែម្តង​។​

​កាលពី​យប់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក គឹម សុខ បាន​និយាយ​ក្នុង​កិច្ចសម្ភាសន៍​មួយ​នៅ​វិទ្យុ​អាស៊ីសេរី ថា គេ​នេះ​គឺ​សំដៅ​ទៅលើ​ប្រព័ន្ធ​។ ប្រព័ន្ធ​មួយ​ក្រោម​ការ គ្រប់គ្រង នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន​ហ្នឹង វា​បណ្តោយ​ឲ្យមាន​ប្រព័ន្ធ​មួយ ដែល​មាន​ការសម្លាប់​ម​នុស្ស​ហើយ រួច​ហើយ​រកមុខ​ឃាតក​មិនឃើញ មិន​ត្រឹមតែ​លោក​បណ្ឌិត កែម ឡី ទេ អ្នក​តស៊ូ​មតិ​មុនៗ​។​

​សូមបញ្ជាក់​ថា នៅពេល​នេះ​លោក គឹម សុខ រួម​នឹង​កូនស្រី បាន​រត់​ភៀសខ្លួន ចេញពី​កម្ពុជា បាត់​ហើយ​៕