នៅ​ថ្ងៃ​អង្គារ ទី១៨ កញ្ញា ក្រុម​អ្នកស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កម្រាស់ ៤៤៤ ទំព័រ​ស្តីពី​ស្ថានភាព​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។ នៅ​ក្នុង​របាយការណ៍ ក្រុម​អ្នកស៊ើបអង្កេត​បាន​ស្នើ​​ឲ្យ​កងទ័ព​ភូមា​ដក​ខ្លួន​ចេញ​ពី​ឆាកនយោបាយ និង​ទាមទារ​ឲ្យ​មាន​ការ​ព្យួរជើង​ក្រុមមេទ័ព​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្រល័យពូជសាសន៍​លើ​ពួក​រ៉ូហ៊ីងយ៉ា ពិសេស​មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ​មីន អ៊ុងឡាង។ តាម​របាយការណ៍​ដដែល ក្រុម​អ្នកស៊ើបអង្កេត​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ផ្តើម​នីតិវីធី​ធ្វើ​វិសោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ។

ទោះ​បី​ជា​ភូមា​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​តាំង​ពី​ឆ្នាំ ២០១៦ ក៏​ដោយ ក៏​កងទ័ព​កំពុង​មាន​ឥទ្ធិពល និង​កំពុង​បន្ត​ដើរតួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ឆាកនយោបាយ​ភូមា។ មាន​ក្រសួង​សំខាន់​ចំនួន ៣ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព គឺ​ក្រសួង​ការពារជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន។ ចំណែក​នៅ​ក្នុង​សភា អសនៈ​ចំនួន ១ភាគ៤ ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កងទ័ព​ជា​ស្វ័យប្រវត្តិ​ដោយ​មិន​បាច់​ឆ្លង​កាត់​ការ​បោះឆ្នោត​ទេ។ ចំនួន​អសនៈ ១ភាគ៤ នៅ​សភា​នេះ​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​បោះឆ្នោត​ប្រឆាំង​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ។

នៅ​ក្នុង​របាយការណ៍​កម្រាស់ ៤៤៤ទំព័រ​របស់​ខ្លួន ក្រុម​អ្នកស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ភូមា​ផ្តើម​នីតិវិធី​ដក​កងទ័ព​ចេញ​ពី​ជីវិតនយោបាយ និង​ផ្តើម​នីតិវិធី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន។ ទន្ទឹម​នឹង​ការ​ចង់​បាន​ឲ្យ​កងទ័ព​ស្ថិត​ឆ្ងាយ​ពី​ឆាកនយោបាយ ក្រុម​អ្នកស៊ើបអង្កេត​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ព្យួរជើង​ក្រុមមេទ័ព​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ដែរ ពិសេស​អូស ក មេបញ្ជាការ​កងទ័ព​ឧត្តមសេនីយ​មីន អ៊ុងឡាង រួម​ទាំង​មន្រ្តីយោធាជាន់​ខ្ពស់​ចំនួន ៥រូប​ផ្សេង​ទៀត​ទៅ​កាត់ទោស​ក្នុង​បទ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្មសង្រ្គាម។

នៅ​ក្នុង​ន័យ​នេះ ក្រុម​អ្នកស៊ើបអង្កេត​បាន​ស្នើ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​ប្តឹង​សំណុំរឿង​មួយ​នេះ​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្រុង​ឡាអេ ឬ​មួយ​ក៏​បង្កើត​ឲ្យ​មាន​តុលាការពិសេស​មួយ។ តាម​របាយការណ៍ ក្រុម​អ្នកស៊ើបអង្កេត​បាន​ស្នើ​រដ្ឋអំណាច​ភូមា​ឲ្យ​សហការណ៍​ជាមួយ​រដ្ឋអំណាច​បង់ក្លាដែស និង​កាកបាទក្រហម​ដើម្បី​រក​អត្តសញ្ញាណ​ចំនួន​មនុស្ស​ស្លាប់ ឬ​បាត់ខ្លួន​ពិត​ប្រាកដ។ តួលេខ​ផ្តល់​ដោយ​អង្គការ​គ្រូពេទ្យ​គ្មានព្រំដែន​ឲ្យ​ដឹង​ថា មាន​ស្លាប់​ប្រមាណ ១០ ០០០នាក់។ គួរ​រម្លឹក​ថា របាយការណ៍​របស់​ក្រុម​អ្នកស៊ើបអង្កេត​អង្គការសហប្រជាជាតិ​ជា​លទ្ធផល​បាន​មក​ពី​ការ​សួរចម្លើយ​លើ​ជនរងគ្រោះ និង​សាក្សី​សរុប​ជាង ៨០០នាក់ រួម​ទាំង​ភស្តុតាង​ជា​រូបភាព​បាន​ពី​ផ្កាយរណប៕ ប្រភព៖ RFI