ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In និង​ក្រុម​គណៈប្រតិភូ​របស់​លោក​ដែល​មាន​សមាជិក​ជិត ២ រយ​នាក់ បាន​បញ្ចប់​ការ​ពិភាក្សា​ថ្ងៃ​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Yoon Young Chan អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​បញ្ជាក់​ថា ទោះបីជា​នេះ​គឺ​ជា​លើក​ទី ៣ នៃ​ការ​ពិភាក្សា​ទល់​មុខ​គ្នា​រវាង​លោក Moon Jae In និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ក៏​ដោយ ក៏​ជំនួប​លើក​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណុច​មួយ​ចំនួន​ដែល​ធ្វើ​ឡើង​ជា​លើក​ដំបូង​ផង​ដែរ។

លោក Yoon Young Chan បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ជំនួប​នៅ​ថ្ងៃ​អង្គារ​នេះ​គឺ​ជា​ជំនួប​លើក​ដំបូង​ហើយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ លោក​បាន​បន្ថែម​ថា ក្រុម​តន្ត្រី​យោធា​បាន​ស្វាគមន៍​គណៈប្រតិភូ​កូរ៉េ​ខាង​ត្បូង​ដោយ​ការ​សម្ដែង​តន្ត្រី​ដែល​ជា​ទូទៅ​ទុក​សម្រាប់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។

វា​ក៏​លើក​ដំបូង​ផង​ដែរ ដែល​លោក Moon Jae In និង​លោក Kim Jong Un ដើរ​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​នៅ​ឯ​ប្រលាន​យន្តហោះ​អន្តរជាតិ Sunan ក្នុង​ទីក្រុង​ព្យុងយ៉ាង ហើយ​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ដើរ​ត្រួត​ពល​ទាហាន​កូរ៉េ​ខាង​ជើង។

គោល​បំណង​ចម្បង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Moon Jae In លើក​នេះ គឺ​ដើម្បី​ស្វែងរក​វិធី​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៅ​លើ​ឧបទ្វីប​កូរ៉េ និង​ដើម្បី​ជៀសវាង​មិន​ឲ្យ​មាន​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ។

គោល​បំណង​អាទិភាព​ទី​ពីរ​របស់​លោក គឺ​ដើម្បី «សម្របសម្រួល​កិច្ច​ពិភាក្សា​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​ដើម្បី​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ» លើ​ឧបទ្វីប​កូរ៉េ។ លោក Moon Jae In បញ្ជាក់​ថា ការ​លុប​បំបាត់​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​មិន​អាច​សម្រេច​បាន​ដោយ​គ្មាន​ការ​ពិភាក្សា​ដោយ​ផ្ទាល់​រវាង​លោក Kim Jong Un និង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump នោះ​ទេ៕ ប្រភព៖ VOA