​ខេត្ត​ស្វាយរៀង ៖ បុរស​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​ស្វាយរៀង​ធ្វើការកសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ពី​បទ​បាន​យក​ទឹក​ក្ដៅ​ទៅ​ស្រោច​លើ​ម្រាមដៃ​ជនជាតិ​ចិន​ដូចគ្នា បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ឡើង​រលេះរលួយ​។​

​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បាន​ឲ្យ​ក្រុម​អ្នក​សារព័ត៍មាន​ដឹងថាៈ កាលពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង​២៖៣០​នាទី​រសៀល អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត បានទទួល​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ហ្វួ ធី​ង​នុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​កាស៊ីណូ​ក្រោន ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​/​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង​​មាន​ទីលំនៅ​ខេត្ត​ស៊ី​ឈន ប្រទេស​ចិន កាន់​លិខិតឆ្លងដែន​លេខ​E95464297 ថា កាលពី​ម៉ោង​ជាង​៧​យប់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​ក្នុង​បន្ទប់​បរិវេណ​កាស៊ីណូ​ម៉ុក​បាយ ស្ថិតក្នុង​ភូមិ​បាវិត​កណ្តាល សង្កាត់​/​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មាន​មនុស្ស​​៧​នាក់ បាន​យក​ទឹក​ក្តៅ​មក​ស្រោច​នៅ​លើ​ដៃ​ទាំងពីរ​របស់​គេ បណ្ដាលឲ្យ​របួស​ជា​ទម្ងន់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពន្លឺ​បូ​ពារ៍ ក្រុង​បាវិត​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថាៈ​ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួច សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រហូតដល់​ម៉ោង​៥​ល្ងាច​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​សមត្ថកិច្ច​បានរ​ក​ឃើញ​ជនសង្ស័យ​ម្នាក់ ឈ្មោះ ចាង ហោ​ធាន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ខណ្ឌ​យុង​ចូ​វ ខេត្ត​ហូ​ណា​ម ប្រទេស​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ភីង​អាន​លិខិតឆ្លងដែន​(​យក​ទៅ​ពន្យា​ទិ​ដ្ឋការ​) យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​។

ចំណែក​ជនសង្ស័យ​៦​នាក់​ទៀត សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​មក​ផ្តន្ទាទោស​តាមច្បាប់​៕