ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈនៅ​ថ្ងៃ​ទី​១៧​កញ្ញា​ម្សិល​មិញ បាន​សម្រេច​ដាក់​ពិន័យ តារា​សម្ដែង​ម្នាក់​ឈ្មោះ សេង សូណា មិន​ឲ្យ​មាន​សកម្មភាព​សិល្បៈ​គ្រប់​រូប​ភាព​រយៈ​ពេល​១​ឆ្នាំ​។ មូល​ហេតុ​ដោយ​សារ​តែ កញ្ញា សេង សូណា នៅ​តែ​បន្ត​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ស៊ិច​ស៊ី​។ តែ​សម្រាប់​អ្នក​អភិរក្ស​វប្បធម៌ ផ្ដល់​យោបល់​ថា ភាគី​ទាំង​ពីរ​គួរ​ថយ​មួយ​ជំហ៊ាន​លើ​ចំណុច​នេះ​។

ជា​ថ្មី​ម្តង​​ទៀត តារា​សម្ដែង កញ្ញា សេង សូណា ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ហាម​មិន​ឲ្យ​រូប​នាង មាន​សកម្មភាព​សម្ដែង​ពេញ​មួយ​ឆ្នាំ ចាប់​ពី​ថ្ងៃ​ទី​១៧​កញ្ញា ម្សិល​មិញ រហូត​ដល់​ថ្ងៃ​ទី​១៧​ខែ​កញ្ញា ឆ្នាំ​២០១៩​។ សកម្មភាព​ទាំង​នោះ​រួម​មាន​៖ ការ​សម្ដែង ការ​ថត​ខ្សែ​ភាពយន្ត ខារ៉ា​អូខេ ស្ពត និង​ចម្រៀង ​ដែល​បង្ហាញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ជា​ដើម​។

បើ​តាម​ក្រសួង​វប្បធម៌ ការ​ផ្អាក​សកម្មភាព​របស់​តារា​សម្ដែង សេង ​សូណា ក៏​ព្រោះ​តែ​នាង​នៅ​តែ​បន្ត​ប្រើ​ប្រាស់​សម្លៀក​បំពាក់ និង​ឥរិយាបថ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ទំនៀម​ទម្លាប់ ប្រពៃណី​ជាតិ​។ ជុំ​វិញ​បម្រាម​ជា​ថ្មី​នេះ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​កញ្ញា សេង សូណា នៅ​ឡើយ​ទេ​។ បើ​ទោះ​បី​ជា​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ក៏​ដោយ តែ​កន្លង​មក​គេ​តែង​ស្ដាប់​ពី​មូល​ហេតុ​នៃ​តារា​ចូល​ចិត្ត​បង្ហាញ​ភាព​ស៊ិច​ស៊ី​​មួយ​ចំនួន​​ថា មក​ពី​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន និង​ការ​ដើរ​ឲ្យ​ទាន់​សិល្បៈ​បែប​សម័យ​។

សូម​បញ្ជាក់​ថា វិធាន​ការ​ឆ្លើយ​តប​របស់​ក្រសួង​វប្បធម៌​ចំពោះ​តារា​សម្ដែង ដែល​មាន​ភាព​ស៊ិច​ស៊ី បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ដោយ​ក្នុង​នោះ​រួម​មាន តារា​​សម្ដែង​​ដេនី​ក្វាន់ លោក ​អេន​ឌី រួម​នឹង​កញ្ញា សេង សូណា ពេល​នេះ ជា​ដើម។

ដោយ​ឡែក អ្នក​សិក្សា​សង្គម និង​វប្បធម៌​ផ្សេង​ទៀត បាន​លើក​ទឹក​ចិត្ត​ដល់​ភាគី​ទាំង​ពីរ​គឺ​ក្រសួង​វប្បធម៌ និង​តារា ដែល​មាន​ភាព​ស៊ិច​ស៊ី គួរ​ថយ​មួយ​ជំហាន​ម្នាក់ ដើម្បី​វិស័យ​សិល្បៈ​របស់​​ខ្មែរ​។

លោក​បណ្ឌិត ឈត ប៊ុនថង មន្ដ្រី​ស្រាវ​ជ្រាវ​ផ្នែក​ទំនាក់​ទំនង ​វប្បធម៌ អប់រំ និង​ទេសចរណ៍​ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​លើក​ឡើង​ថា គ្រប់​តារា​សម្ដែង ​ដែល​ចូល​ចិត្ត​ភាព​ស៊ិច​ស៊ី គួរ​តែ​បែង​ចែក​ឲ្យ​ដាច់​រវាង​ចំណង់​ចំណូល​ចិត្ត និង​ការ​ហាម​ប្រាម​របស់​​ក្រសួង​ក្នុង​ការ​ស្លៀក​ពាក់​។ ដូច​គ្នា​ដែរ ​ក្រសួង មិន​គួរ​ណា​បិទ​សេរីភាព​​សម្រាប់​​ជីវិត​ឯកជន​​របស់​​សិល្បៈ​ករ ក្នុង​ការ​ស្លៀក​ពាក់​ឡើយ​។ នេះ​បើ​តាម​លោក ឈត ប៊ុន​ថង​៕ ប្រភព៖ RFI