​ភ្នំពេញ​ ៖ នៅ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា​បាន អញ្ជើញ​​ចូលរួម​ក្នុង សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល​ឆ្នាំ​២០១៨ នៅ​សាធារណរដ្ឋ​កូរ៉េ​។ សន្និសីទ​នេះ សហការ​រៀបចំ​ឡើង​ដោយ​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ និង​សមាគម​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​អន្តរជាតិ​នៃ​ប្រទេស​កូរ៉េ (ICAK) ។​

Loading...

​លោក Lee Kun-Ki អនុ​រដ្ឋមន្ត្រីក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន​(MOLIT) និង​ជា ប្រធាន​សមាគម​ICAK បាន​សម្តែង​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការគាំទ្រ​ដល់​សន្និសីទ​នេះ ពីព្រោះ ICAK គឺ​ស្ពាន​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​រវាង​ក្រុមហ៊ុន​ជា​សមាជិក​ក្នុង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​កូរ៉េ​។​

​ក្នុងនាម​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន លោក​អនុរដ្ឋមន្ត្រី Son Byeong Suk បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់​នៃ​ការ​តភ្ជាប់​​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ការបង្កើត​ការងារ​ធ្វើ និង​ឱកាស អភិវឌ្ឍ​ធនធាន​ឱ្យ​មាន​សក្ដានុពល​ពេញលេញ​។​

​លើសពីនេះ​ទៀត ការប្រើប្រាស់​បច្ចេកវិទ្យា​កម្រិត ខ្ពស់​នឹង​ជួយ​ប្រទេស​ក្នុង​ការកសាង “​ទីក្រុង​ឆ្លាត​វៃ​” ។​

ដោយ​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្ដម​អនុ​រដ្ឋមន្ត្រី​បានចង្អុលបង្ហាញថា​ ៖ សាធារណរដ្ឋ​កូរ៉េ​បច្ចុប្បន្ន​មាន​ផ្លូវ​ល្បឿន​លឿន​ប្រមាណ​ជាង​១០.០០០ គីឡូម៉ែត្រ នៅពេលដែល ប្រទេស​នេះ​បាន​ឈាន​ចូល​ដំណាក់កាល​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ។​

​ប្រទេស​កូរ៉េ​បាន​សម្តែង​ការប្តេជ្ញាចិត្ត​របស់​ខ្លួន ក្នុង​ការ​បន្ត​រួម​ចំណែក ដល់​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ក្រៅប្រទេស ដែល​អាច​ផ្តល់​អត្ថប្រយោជន៍ ដល់​មនុស្ស​គ្រប់រូប នៅក្នុង​តំបន់ និង​ពិភពលោក​។​

​នៅក្នុង​អង្គ​សន្និសីទ​នេះ​ដែរ គណៈប្រតិភូ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កម្ពុជា បាន​ចូលរួម​យ៉ាង សកម្ម​នៅក្នុង​សិក្ខាសាលា ស្តីពី​គម្រោង​ជាច្រើន រួមទាំង​៖​សិក្ខាសាលា​ស្តីពី ​៖ ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង ទីក្រុង​កម្ពុជា ផងដែរ​។​

​សន្និសីទ​ស្តីពី​កិច្ចសហប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​សាកល ត្រូវបាន​បង្កើតឡើង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង ដល់​ការតភ្ជាប់​អាស៊ាន តាមរយៈ​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​វិស័យ​ក្នុង​តំបន់ ដែល​បាន រៀបចំឡើង​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ​។​

សន្និសីទ​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធ រវាង​រាជរដ្ឋាភិបាល អតិថិជន​ក្រៅ​ប្រទេស​​សំខាន់ៗ ធនាគារ​អភិវឌ្ឍន៍​ពហុភាគី ក្រុមហ៊ុន​សំណង់​និង​វិស្វកម្ម និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​ទៀត​៕