​ភ្នំពេញ ​៖ អង្គការ LICADHO / លីកាដូ កាលពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០១៨​បាន​ផ្សាយ​លើ​ផេ​ក​របស់​ខ្លួន​ថា បុគ្គលិក​ចំនួន​បួន​រូប​នៃ​អង្គការ​សិទិ្ធមនុស្ស និង​អគ្គលេខាធិការរង​មួយរូប នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជំនុំជម្រះ ពី​បទ​សូកប៉ាន់​សាក្សី ដែល​ជាប់​ទាក់ទង​នឹង​ករណី​មួយ ដែល​ត្រូវបាន​ចោទប្រកាន់​មកលើ មេដឹកនាំ​អតីត​គណបក្សជំទាស់ លោក កឹម សុខា​។​

​បុគ្គលិក​នៃ​សមាគម​ការពារ​សិទិ្ធ​មនុស្សនិ​ង​អភិវឌ្ឍន៍​នៅ​កម្ពុជា (​អាដហុក​) ដែល​រួមមាន អ្នកស្រី លីម មុនី្ន លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វង់​ដា ហើយ​និង​អគ្គលេខាធិការរង នៃ​គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត លោក នី ចរិយា ត្រូវបាន​ចៅក្រម​សាកសួរ​អំពី​របៀប ដែល​អ្នក​ទាំងនោះ ទទួល និង​ចាត់ចែង​ពាក្យបណ្តឹង ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​កញ្ញា ខុម ចាន់​តារា​ទី នៅពេលដែល​នាង​បាន​ប្តឹង​ទៅ​អង្គការសិទិ្ធមនុស្ស​មួយនេះ និង​របៀប​ដែល​ដើមចោទ​ត្រូវបាន​អ្នក​ទាំងនោះ​ផ្តល់ជំនួយ​ផ្នែក​ថវិកា​។​

​កញ្ញា ចាន់​តារា​ទី ដែល​ជា​សាក្សី​ចំបង​នៅ​ក្នុង​សវនាការ​នេះ មិន​មាន​វត្តមាន នៅក្នុង​បន្ទប់​សវនាការ​ទេ​នា​ព្រឹក​នេះ​។

សេចក្ដីថ្លែងការណ៍​របស់​សាក្សី​ពីរ​រូប​ផ្សេងទៀត ក្នុងចំណោម​សាក្សី​ប្រាំពីរ​ទៀត ដែល​អវត្តមាន ត្រូវ​បាន​អាន​ដោយ​ក្រឡាបញ្ជី ដែលធ្វើ​ឲ្យ​ពិបាក ក្នុងការ​សួរ​ឆ្លង​របស់​មេធាវី ហើយក៏​មិន​មាន​ភស្តុតាង គួរឲ្យ​ជឿ​ទុកចិត្ត​ណាមួយ ត្រូវបាន​បង្ហាញ​ដោយ​ព្រះរាជអាជ្ញា​ដែរ​។​

​បុគ្គលិក​សមាគម​អាដហុក​ទាំង​បួន ត្រូវបាន​ចោទប្រកាន់​តាម​មាត្រា ៥៤៨ នៃ​ក្រម​ព្រហ្មទណ្ឌ ស្តីពី “​អំពើ​សូកប៉ាន់​សាក្សី​”​។

អគ្គលេខាធិកា​រង នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ជា​អតីត​បុគ្គលិក អង្គការ​សមាគម​អាដហុក លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពី​បទ​សមគំនិត នៅក្នុង​បទល្មើស​ខាងលើ យោងតាម​មាត្រា ៥៤៨ និង ២៩ នៃ​ក្រម​នេះ​។​

​អ្នកការពារ​សិទិ្ធមនុ​ស្ស​ទាំង​ប្រាំ​នាក់ ដែល​ធ្លាប់​បាន​ជាប់​ឃុំឃាំង​បណ្តោះអាសន្ន អស់​រយៈពេល ១៤​ខែ នៅក្នុង​ពន្ធនាគារ​នៅ​រាជធានី​ភ្នំពេញ មុនពេល​មាន​ការដោះលែង ឲ្យនៅ​ក្រៅ​ឃុំ​កាលពី​ខែមិថុនា ឆ្នាំ ២០១៧ (​ការឃុំខ្លួន​នេះ ត្រូវបាន​ក្រុម​ការងារ​នៃ​អង្គការ​សហប្រជាជាតិ ស្តី​ពី​ការឃុំ​ខ្លួន​តាម​ទំនើងចិត្ត ចាត់ទុកថា ជា​ការឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​)​។ យោង​តាម​មតិ​ជាតិ និង​អន្តរជាតិ ការចាប់ខ្លួន​អ្នក​ទាំងនោះ គឺជា​ផ្នែក​មួយ​នៃ​ការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរ និង​កំពុងតែ​កើតមានឡើង មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​អ្នកការពារ​សិទិ្ធមនុ​ស្ស​មួយ​ចំនួន​។​

​ប្រសិនបើ​អ្នក​ទាំង​ប្រាំ ត្រូវបាន​តុលាការ​ផ្តន្ទាទោស នោះ​អ្នក​ទាំងនោះ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់ពន្ធនាគារ​ពី ៥ ទៅ ១០ ឆ្នាំ​។​

​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ២ និង​៣០ រសៀល​៕