​​ខេត្ត​ព្រះសីហនុ ៖ មតិ​ប្រជាពលរដ្ឋ​មួយចំនួន​ទាក់ទង សកម្មភាព​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង នា​ខេត្ត​ព្រះសីហនុ​។​

​ប្រជាពលរដ្ឋ​ខ្លះ​បង្ហាញ​មតិ​ថា “​ឃើញ​រឿង ព្រែកត្រែង ចេះ​តែ​នឹកឃើញ​ដល់​ជំនាន់ អតីត​អភិបាលខេត្ត​ព្រះសីហនុ គឺ​លោក ស្បោង សារ៉ាត់ បានអនុញ្ញាត​ឲ្យ​សាងសង់ ឬ​ធ្វើ​សំណង់​លើ​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ សណ្ឋាគារ ៧​ជាន់ ..​។ កាលណោះ​ក្រោយ​សំណង់​ចេញ​ជា​រូបរាង​ហើយ ទើប​អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​នានា​នាំ​គ្នា​ភ្ញាក់ផ្អើល ហើយ​ក៏​ផ្អាក និង​បញ្ឈប់​សកម្មភាព​សាងសង់ ប៉ុន្តែ​ក្រោយមក​គឺ​…​។​

​ប្រជាពលរដ្ឋ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា ឥឡូវនេះ ដល់​វេន​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មានទ្រព្យ​បាន​ដឹក​ដី​ចាក់​លុប​ឆ្នេរសមុទ្រ នៃ​ឆ្នេរ​ព្រែកត្រែង​ទៀតហើយ​…​។​

ពេលនេះ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ក៏​បាន​តម្រូវអោយ​អ្នកចាក់ដី​លុប​ឆ្នេរសមុទ្រ​ព្រែកត្រែង ឈួសឆាយ​កើប​អាចម៌ដីយក​ចេញពី​ឆ្នេ​រវិញ បន្ទាប់ពី​បាន​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ខាងលើ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​តើ​នៅ​ថ្ងៃ​អនាគត ឆ្នេរ​ព្រែកត្រែង ក៏​មាន​វាសនា​ដូចគ្នា​នឹង​ឆ្នេរ​ឯករាជ្យ ឬ​ឆ្នេរ​សណ្ឋាគារ ៧​ជាន់​ដែរឬទេ​? ។​

​មតិ​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​មើលឃើញថា រាល់ថ្ងៃនេះ អ្នកមាន​លុយ និង​អ្នកមានអំណាច បាន​ក្លាយ​ជា​មិត្ត​ភក្ត​គូកន និង​បក្សពួក​ជាមួយគ្នា​ហើយ គឺ​កន្លែង​ណា​ក៏​ច្នៃ​ចេញ​ជា​លុយ​ដែរ ពីព្រោះ​ពួកគេ​ដឹង​ផែនការ​មុន​ជា​និច្ច​។​

​ពលរដ្ឋ​ឲ្យដឹង​ទៀតថា កន្លងមក​សម្តេច​ហ៊ុន សែន បាន​បញ្ជូន​ក្រុម​និស្សិត​អោយ​ចុះ​កាត់​ឆ្វៀល​ដី​បែងចែក​ជូន​ប្រជាជន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​កន្លែង​ខ្លះ​បាន​ធ្វើ​ប្លង់​ទាន់ ក៏​រួច​ពី​ទុក្ខភ័យ​ពី​ការរំលោភ​យក​ពី​សំណាក់​មន្ត្រី​មានអំណាច និង​ឈ្មួញ​មានទ្រព្យ​មួយចំនួន ហើយ​កន្លែង​ខ្លះ ដែល​មិនទាន់​បានធ្វើ​ប្លង់ និង​ខ្លះ​មិន​ទាន់​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ ក៏​ត្រូវ​ទទួល​រង​ទុក្ខភ័យ ហើយ​ត្រូវ​គេ​ប្រើ​ប្រព័ន្ធ​តុលារ ប្តឹង​ចាប់​ពលរដ្ឋ​ដាក់គុក​ច្រ​វ៉ាក់​…​។​

​សង្ឃឹមថា រាជរដ្ឋាភិបាល​អណត្តិ​ទី​៦ ដែល​ចាប់ផ្តើម​ពី​កណ្តាប់ដៃ​ដែក​ក្នុងករណី​ចាក់ដី​លុប​ព្រែកត្រែង នឹង​បន្តរ​សម្អាត​សំណល់​បញ្ហា​នា​អតីតកាល​កន្លងមក​ផង ដើម្បី​ឲ្យ​ខេត្តព្រះសីហនុ​ស័ក្តិសម​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​នាំមុខ ដល់​ការរីកចម្រើន​ជា​រួម​របស់​ព្រះរាជាណា ចក្រ​កម្ពុជា ៕