តៃប៉ិ —ប្រទេស​ចិន បន្ត​ដាក់ឧបករណ៍​យោធា​នៅ​ក្នុង​សមុទ្រ​ដែល​មាន​ជម្លោះ ​ហើយ​កំពុង​រឹតត្បិត​នាវា ​យន្តហោះ​របស់​ប្រទេស​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​ការណ៍​មិនអាច​ទទួល​យក​បាន។

Loading...

​តំបន់ការពារ​ដែនអាកាស​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ឬការខំ​ប្រឹង​ប្រែង​ណាមួយ​ដើម្បី​បញ្ឈប់​ចរាចរណ៍​កប៉ាល់​ស៊ីវិល ​នឹង​បង្កើន​ភាព​គ្រោះ​ថ្នាក់​នៃ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិនខាង​ត្បូង​ដែល​មាន​ជម្លោះ​បន្ទាប់​ពី​ការ​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមកហើយ​ ពីព្រោះ​ចំណាត់​ការណា​មួយ​អាចធ្វើ​ឲ្យ​មាន​ពិបាក​ដល់​កិច្ច​ប្រតិបត្តិការពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ នេះ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​ដែលតាម​ដាន​ស្ថាន​ភាព​ក្នុង​តំបន់។

ប្រទេស​ទាមទារ ៥​ទៀត​ ដែល​មាន​យោធា​ទន់​ខ្សោយ​បានក្រឡេក​មើល​ដោយ​គ្មាន​ការ​តវ៉ា​ធំដុំ​ទេ​នៅពេល​ដែល​ចិនធ្វើ​ការ​សាកល្បង​យន្តហោះ​ទម្លាក់​គ្រាប់​បែក ​ធ្វើ​សមយុទ្ធ​នាវា​និង​ពិចារណា​បង្កើតស្ថានីយ​ថាម​ពល​នុយក្លែអ៊ែ​នៅ​ក្នុង​សមុទ្រនេះ​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រការេ។​ កាល​ពី​សប្តាហ៍មុន​បណ្តាញ​ព័ត៌​មាន​ចិន​បាន​រាយការណ៍​ពីការ​សាកល្បង​យន្តហោះ​ចុះ​ក្នុង​សមុទ្រ​ផលិត​ដោយ​ប្រទេស​ចិនជាលើក​ដំបូង​សម្រាប់​ប្រើ​ប្រាស់​ក្នុងផ្ទៃ​ទឹក​មាន​ជម្លោះ​នេះ។

លោក Alexander Huang ជាសាស្រ្តាចារ្យ​ខាង​ការ​សិក្សា​យុទ្ធសាស្រ្ត​នៅឯ​សា​កល​វិទ្យា​ល័យ Tamkang នៅ​កោះ​តៃវ៉ាន់​និយាយ​ថា រដ្ឋាភិបាល​ផ្សេង​ៗ​ទៀត​ដូច​ជា ប៊្រុយ​ណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន កោះ​តៃវ៉ាន់​ និង​ប្រទេស​វៀត​ណាម​ ​នឹង​បង្កើន​ការ​តវ៉ា​ប្រឆាំងរបស់ខ្លួន ប្រសិន​បើ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រកាស​តំបន់​អត្ត​សញ្ញាណការពារ​ដែន​អាកាស​ ឬ​ចាប់​ផ្តើមបង្វែ​ដោយ​បង្ខំការ​ធ្វើ​ចរា​ចរណ៍​កប៉ាល់​ឯកជន​ជា​ច្រើន​ដែលឆ្លង​កាត់​សមុទ្រ​នោះ។

លោក​បាន​និយាយទៀត​ថា៖ «ការណ៍​នេះ​នឹង​ក្លាយ​ជាការ​ប្រឈម​មុខ​ដាក់​គ្នា​ត្រង់​ៗទៅនឹង​គោលការណ៍​នៃ​ការ​ធ្វើ​នាវា​ចរណ៍​ដោយ​សេរី។​ រហូត​មក​ទល់​ពេល​នេះ ​គោល​ជំហរ​របស់​ចិន​គឺ​ថា ខ្ញុំ​កំពុង​ត្រួតត្រាចំណុច​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ​ក៏​ប៉ុន្តែ ​ចិន​មិន​ដែលឆាឆៅបង្អាក់​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍ខាង​យោធា​និង​ស៊ីវិល​ទេ​រហូត​មក​ទល់​ពេលនេះ»។

ប្រទេស​ដែល​ប្រកួត​ប្រជែងទាម​ទារឥឡូវនេះបាន​អនុញ្ញាតិ​ឲ្យ​ប្រទេស​មួយ​ទៀត​ប្រើ​ផ្ទៃ​សមុទ្រ​ដរាប​ណា​កប៉ាល់មក​ពី​ប្រទេស​នោះ​បើកបញ្ចៀស​ប្រជុំកោះតូចៗ​ដែល​កាន់​កាប់​ដោយ​ប្រទេស​ផ្សេង​ទៀត។ យន្តហោះ​ពាណិជ្ជកម្មហោះ​កាត់​សមុទ្រ​នោះ​២៤​ម៉ោង ​ហើយការ​ដឹក​ជញ្ជូនតាម​កប៉ាល់​យ៉ាងហោច​ណាស់​ក៏​១​ភាគ៣​ដែរ​របស់​ពិភព​លោក​បាន​កាត់​តាម​សមុទ្រ​នោះ ​ដែល​រួម​ទាំងទូក​នេ​សាទ​ចំនួន​១លាន​៦សែន​ផង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​បាន​ប្រកាស​តំបន់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស(ADIZ) ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ ក៏ប៉ុន្តែ ​ប្រទេស​ផ្សេង​ៗ​ទៀត​មានការ​ព្រួយ​បារម្ភ ​ពីព្រោះ​តែ​កាល​ពី​ឆ្នាំ​២០១៣ ​ចិន​បាន​បង្កើត​តំបន់​នោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ដែល​មាន​ជម្លោះ។ ចិន​បាន​និយាយ​ថា ការ​ប្រកាស​នោះ​បាន​ផ្តល់​អំ​ណាចឲ្យ​ខ្លួន​ដើម្បី​បង្វែ​ចរា ចរណ៍ដែនអាកាស​លើ​ផ្លូវ​ទឹក​ដែល​បាន​ទាម​ទារ​មួយ​ផ្នែក​ដោយ​ជប៉ុន​និង​កោះ​តៃវ៉ាន់ ក៏ប៉ុន្តែ ​ពួក​អ្នក​វិភាគ​និយាយថា ​ចិន​មិនបាន​អនុវត្តការ​ហាមមិនឲ្យ​ប្រទេស​ឯ​ទៀត​ហោះហើរ​លើដែនអាកាស​នៅ​សមុទ្រ​ចិនខាង​ត្បូងនោះ​ទេ​។

លោកស្រី Yun Sun ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​របស់​កម្មវិធី​តំបន់​អាស៊ី​ខាង​កើត​នៅឯ​អង្គការ​ស្រាវជ្រាវ Stimsonក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា ចំ​ណាត់​ការ​ដែល​មនុស្ស​ជឿ​ថា នឹងក្លាយ​ជារឿងសំខាន់នោះ​គឺ តំបន់​អត្ត​សញ្ញាណការ​ពារដែន​អាកាស(ADIZ) សម្រាប់សមុទ្រចិនខាង​ត្បូង។ នៅពេល​ដែល​តំបន់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​ (ADIZ) បាន​ត្រូវ​ប្រកាស​ជា​លើក​ដំបូង​សម្រាប់​សមុទ្រ​ចិន​ខាង​កើត ​មនុស្ស​បាន​ដេញ​តាម​ចិនដើម្បី​សួរ​អំពី​សំណួរ​នេះ»។

​លោកស្រី Sunបាន​និយាយ​ទៀត​ថា ​ចិន​អាចពន្យា​ពេល​ការ​បង្កើត​តំបន់​ការពារ​ដែន​អាកាសនៅ​សមុទ្រ​ចិន​ខាង​ត្បូង​រហូតទាល់​ខ្លួន​អាច​បង្កើត​តំបន់​ការពារ​នេះ​បាន។ ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក​ដែល​ជា​រឿយៗនាវា​បើកកាត់តាម​សមុទ្រ​ចិន​ខាង​ត្បូងដោយ​ ពោល​អះអាង​ថា​ សេរីភាព​នៃការ​ធ្វើ​នាវាចរណ៍របស់​ខ្លួន​នោះ ក៏​អាច​ធ្វើ​ឲ្យ​ចិន​មាន​បំណង​រក្សា​ផែនការ​តំបន់​អត្តសញ្ញាណ​ការ​ពារដែន​អាកាស​ (ADIZ)ដែរ។ មហា​អំណាច​ទាំង​២​បាន​ជាប់គាំង​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម។

លោក Huang និយាយ​ថា ​តំបន់សមុទ្រ​ចិនខាង​កើត​មាន​លក្ខណៈ​នយោបាយ​ និងនិមិត្តរូប​ច្រើន​ជាង។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រហែល​ ៩០ភាគរយ​ជា​របស់​ខ្លួន ​ដោយ​យោង​លើកំណត់​ត្រា​ប្រវត្តិសាស្រ្ត​ដល់​ការទាម​ទារ​របស់​ខ្លួន។ សមុទ្រ​នោះ​លាត​សន្ធឹង​ពី​កោះ​តៃវ៉ាន់​ដល់​ប្រទេស​សិង្ហបូរី ដែល​សម្បូរ​ដោយត្រី ​ផ្លូវ​នាវាចរណ៍​ប្រេង​និង​ឧស្ម័ន។

​ចិន​បាន​ទាម​ទារ​ដី​នៅ​ក្នុង​ប្រជុំ​កោះ Paracel និងSpratly ហើយ​បាន​បញ្ជូន​អង្គ​ភាពយោធា​ទៅកាន់​ប្រជុំ​កោះ​សិប្បនិមិត្ត​ខ្លះ​ ដែល​ទើប​បាន​បង្កើត​នៅពេល​ថ្មី​ៗ​នេះ។​ ប្រទេស​ទាម​ទារផ្សេង​ទៀត​បាន​និយាយ​បន្តិ​ច​បន្តួច​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ​នៅពេល​ដែល​ចិន​បាន​បង្កើន​ការ​វិនិយោគទុន ​និង​ជំនួយ​សេដ្ឋ​កិច្ច​ដល់​ប្រទេស​ជិត​ខាង​របស់​ខ្លួន។ ​ចិន​និង​ប្រទេសនៅ​តំបន់​អាស៊ី​អាគ្នេយ៍ដែល​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ ​កំពុង​ធ្វើការ​ងារ​លើ​ក្រម​ប្រតិបត្តិ​នៅ​ឆ្នាំ​នេះដើម្បី​លប់បំបាត់គ្រោះ​ថ្នាក់​ដោយ​ចៃ​ដន្យ។

ក្រុម​អ្នក​វិភាគបាននិយាយ​ថា ចិន​មាន​ប្រព័ន្ធ​រ៉ាដា​និង​កងនាវា​ដើម្បី​ត្រួតពិនិត្យ​ចលនា​របស់​កប៉ាល់​ឯកជន​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ ​ក៏ប៉ុន្តែ ការ​រឹតត្បិត​ណាមួយ​បែប​នេះ ​នឹង​ធ្វើ​ឲ្យ​ប្រទេសផ្សេង​ទៀត​ខឹងសម្បារ​ដោយការធ្វើ​ឲ្យ​ប៉ះពាល់​ប្រាក់​ចំ​ណូល​មក​ពីការ​នេសាទ ​ការ​ដឹក​ជញ្ជូន ​និងការ​រុករក​ឧស្ម័ន​នៅ​ក្រោម​បាត​សមុទ្រ។ ចិន​មិនបាន​ប្រកាស​អំពី​បញ្ហា​នេះ​ទេ។

ការ​កើន​ឡើង​នូវ​សកម្មភាព​នាវា​យោធាចិន ​អាច​ធ្វើ​ឲ្យមានការ​រកាំចិត្ត​ដល់​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ឧទាហរណ៍ ​នៅពេល​ដែលលោក Rodrigo Duterte ប្រធានាធិប តី​នៃ​ប្រទេស​មាន​ការនេសាទ​ដ៏ធំ​ព្យាយាម​ធ្វើការ​ជាមួយ​ចិន ក៏​ប៉ុន្តែ ​ប្រឈមការ​មន្ទិល​សង្ស័យ​អំពីការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន។

លោកស្រី Maria Ela Atienza ជា​សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​ឯ​សា​កល​វិទ្យាល័យ​ Diliman នៃ​ប្រទេស​ហ្វីលីពីន ​បាន​និយាយ​ថា៖ «ពួកគេ​កំពុង​ព្យា​យាម​ធានា​រ៉ាប់រង​សាធារណជន​ថា រដ្ឋាភិបាល​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ ​ហើយ​បញ្ហា​មួយ​នៃ​បញ្ហា​នានា​ថាតើ​រដ្ឋាភិបាល​ដោះ​ស្រាយ​ជាមួយ​ចិន​យ៉ាង​ដូចម្តេច។ ពលរដ្ឋ​នឹង​មាន​ប្រតិបត្តិកម្ម​កាន់​តែ​ខ្លាំង​ឡើង​នៅពេល​ដែល​ពួកគេ​ឃើញ​កប៉ាល់​យោធា​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ»។

លោកAlan Chongជា​សាស្រ្តាចារ្យ​រង​នៅឯ​សាលា S. Rajaratnam សម្រាប់​ការ​សិក្សា​អន្តរជាតិ​ក្នុង​ប្រទេស​សឹង្ហបូរី​បាន​និយាយ​ថា ចិន​ប្រហែល​នឹង​បញ្ចៀសចំណាត់​ការ​ថ្មីខាង​យោធាដូចជា កា​របញ្ជូន​កងនាវា​ផ្ទុក​យន្តហោះ បញ្ចៀស​ការ​ «ជំរុញ​សមាគម​អាស៊ាន​ចូលទៅ​ក្នុង​ដៃ​របស់​សហរដ្ឋ​អាមេរិក»។ ប្រទេស​ប៊ុ្រយ​ណេ ម៉ាឡេស៊ី វៀត ណាម ​និង​ប្រទេស​ហ្វីលីពីនស្ថិត​នៅ​ក្នុង​សមាគម​អាស៊ាន។

ក៏​ប៉ុន្តែ លោក Chong បាន​និយាយ​ទៀត​ថា នាវា​នេសាទ​ដែល​មិន​មែន​នាវានេសាទ​របស់​ចិន អាច​ប្រឈម​ការរំខាន​មកពី​សមភាគី​ចិនឬមក​ពីកប៉ាល់រុករក ​និង​ជួយ​សង្គ្រោះ​ដោយ​មានការ​គាំទ្រ​ពី​រដ្ឋាភិបាល។ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ខ្លះ ​បាន​ហៅកងនាវា​ទាំង​នោះ​ ដែល​កងនាវាខ្លះ​មានការគាំទ្រ​ពី​នាវាការ​ដែន​សមុទ្រ​ថា «ជា​កង​ជីវពល»។

លោក Chong បាន​និយាយ​ថា៖ «ក្រុម​កប៉ាល់​នេសាទ កប៉ាល់​ផ្តល់​ជំនួយ​មនុស្ស​ធម៌ កប៉ាល់​ទាំង​នោះ​ដែល​កំពុង​ជំរុញការ​ទាម​ទារ​របស់​ចិន។សកម្មភាព​យោ​ធា​ទាំងនោះ​កំពុង​កើត​មាន​ឡើង ប៉ុន្តែ ​គេ​មិនអាច​ហៅថា សកម្មភាព​យោធា​ទេ»៕ ប្រភព៖ VOA