វ៉ាស៊ីនតោន —បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ បន្ត​ទទួល​ប្រយោជន៍​ពី​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ដែល​កំពុង​ជះ​ឥទ្ធិពល​ដល់​ពិភពលោក​ទាំងមូល នេះបើ​យោង​តាម​វាគ្មិន​នៃ​កម្ម​វិធី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តីពី​អាស៊ាន ដែល​ទើប​តែ​បញ្ចប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

Loading...

វាគ្មិន​នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​ពី​អាស៊ាន បាន​ពិភាក្សា​អំពី​តួនាទី​របស់​អាស៊ាន​នៅ​ក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤ ដែល​សំដៅ​លើ​ស្វ័យ​ប្រវត្តិកម្ម​នៃ​ដំណើរការ​ឧស្សាហកម្ម និង​ភាពឈាន​មុខ​នៃ​បច្ចេក​វិទ្យា​កុំព្យូទ័រ។

លោក Rajan Anandan ដែល​ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ Google ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង បាន​និយាយ​ថា «សេដ្ឋកិច្ច​ឌីជីថល» គឺ​ជា​ចំណុច​ស្នូល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ថ្មី​នៅ​ក្នុង​តំបន់​នេះ។

លោក​បាន​ប្រាប់​ទៅ​អ្នក​ចូល​រួម​ថា៖

«នៅ​ពេល​ដែល​អ្នក​គិត​អំពី​អាស៊ាន​ដែល​មាន​ប្រទេស​ចំនួន​១០​នោះ សេដ្ឋកិច្ច​ឌីជីថល​នៅ​អាស៊ាន គឺ​មាន​ទំហំ​គួរ​សម ដែល​រីក​ចំរើន​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​វា​មាន​សក្តានុពល​យ៉ាង​ខ្លាំង»។

លោក Chu Ngoc Anh ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃ​ប្រទេស​វៀតណាម បាន​ថ្លែង​សុន្ទរកថា​បើក​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្តី​អំពី​អាស៊ាន​ថា កាវិវត្ត​បច្ចេកវិទ្យា​ថ្មី​នេះ គឺ​ជា​កម្លាំង​ជំរុញ​វិជ្ជមាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច។

លោក​បាន​ថ្លែង​ថា៖

«វា​នឹង​ផ្លាស់​ប្តូរ​សង្គម​យ៉ាង​ខ្លាំង និង​ផ្លាស់ប្តូរ​ប្រទេស​នានា និង​ផ្លាស់ប្តូរ​បណ្តា​ប្រទេស​អាស៊ាន»។

លោក Syed Deddig Syed Abdul Rahman ដែល​ជា​រដ្ឋមន្រ្តី​ក្រសួង​យុវជន និង​កីឡា​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី​ធ្វើការ​ដើម្បី​បង្កើត​តំបន់​បច្ចេកវិទ្យា «Silicon Valley សម្រាប់​ម៉ាឡេស៊ី» និង​ដើម្បី​ជួយ​ដល់​យុវជន​ម៉ាឡេស៊ី​ឲ្យ​ទទួល​បាន​ជំនាញ​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​តំបន់។

លោក​បាន​បន្ថែម​ថា ភាព​ជោគជ័យ​នៃ​បច្ចេកវិទ្យា​បង្កើត​ថ្មី ត្រូវការ​ការត្រៀម​ខ្លួន​រួច​ជាស្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​គោល​នយោបាយ​អប់រំ និង​ឧស្សាហកម្ម។

សហគ្រិន​កម្ពុជា​មួយ​ចំនួន រីករាយ​ចំពោះ​គោល​ដៅ​បច្ចេកវិទ្យា​ថ្មី​នេះ ​ដូច​ជា Internet of Things ឬ ដែល​មាន​ន័យ​ថា សម្ភារៈ​ទូទៅ​ដែល​ភ្ជាប់​អ៊ីនធឺណិត និង Cloud Computing ឬ ដែល​មាន​ន័យ​ថា កន្លែង​ផ្ទុក​ទិន្នន័យ​លើ​អ៊ីនធឺណិត។

លោក ស៊ីម ចាន់គិរីរត្ន ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​បញ្ជី ដែល​គ្រប់គ្រង​គណនេយ្យ​លើ​ប្រព័ន្ធ​អ៊ីធឺណិត បាន​ប្រាប់​ VOA តាម​អ៊ីម៉ែល​ថា បច្ចេកវិទ្យា​អនុញ្ញាត​ឲ្យ​សហគ្រិន​កម្ពុជា ​អាច​ទទួល​បាន​ប្រភព​ហិរញ្ញវត្ថុ និង​ទីផ្សា​ថ្មីៗ។

លោក​បាន​សរសេរ​ក្នុង​អ៊ីម៉ែល​ថា៖

«ការកែប្រែ​អាជីវកម្ម​ឲ្យ​ក្លាយជា​លក្ខណៈ​ឌីជីថល អាច​ជា​ឱកាស​និង​អាច​ជា​បញ្ហា​ប្រឈម។ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព និង​ប្រសិទ្ធិផល អាច​ទាញ​យក​ព័ត៌មាន​ពី​ហិរញ្ញវត្ថុ​និង​ទីផ្សា​បាន​ងាយ​ស្រួល​ជាង​មុន និង​លទ្ធភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម គឺ​ជា​ឱកាស​ដែល​បាន​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ឬ ក៏​ធ្វើ​ការ​ជា​ដៃគូ​ជាមួយ​នឹង​អាជីវកម្ម​ដែល​ផ្អែក​លើ​បច្ចេកវិទ្យា»។

បើ​យោង​តាមសៀវភៅ​គោលនយោបាយ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​កាល​ពី​ឆ្នាំ​២០១៧ ការ​ផ្លាស់ប្តូរ​ដែល​មក​ជាមួយ​បច្ចេក​ទេស​ឧហ្សាហកម្ម​ថ្មីៗ អាច​ផ្លាស់​ប្តូរ​ដំណើរការ​រោងចក្រ និង​ឧស្សាហកម្ម​ផ្នែក​សេវាកម្ម ជាពិសេស «ការងារ​ដែល​ប្រើ​ជំនាញ​តិចតួច ឬ គ្មាន​ជំនាញ» ដែល​ភាគ​ច្រើន​នៃ​ប្រទេស​អាស៊ាន​ពឹង​ផ្អែក​លើ​វិស័យ​នេះ។

កម្ពុជា​ មាន​មនុស្ស​វ័យ​ក្មេង​ប្រមាណ​៣​សែន​នាក់​ ដែល​ចូល​ក្នុង​ទីផ្សារ​ការងារ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ប្រជាជន​ប្រមាណ​៦សែន​នាក់​ កំពុង​ធ្វើ​ការ​ក្នុង​វិស័យ​កាត់​ដេរ។ ទាំង​នេះ​បាន​ចោទ​ជា​សំណួរ​ថា​តើ ប្រទេស​កម្ពុជា​នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្កើត​ការងារ​ដើម្បី​បំពេញ​ចន្លោះ​បច្ចេកវិទ្យា ឬ យ៉ាង​ណា។

លោកស្រី Pauline Temesis ដែល​ជា​អ្នក​តំណាង​អចិន្រ្តៃយ៍​នៃ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ថ្នាក់​ខ្ពស់​នៅ​ឯ​ទី​ក្រុង​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា កម្ពុជា​គួរ​តែ​ផ្តោត​លើ​បញ្ហា​ពីរ ដើម្បី​តាម​ទាន់​សមាជិក​អាស៊ាន​ផ្សេងៗ​ទៀត។

លោកស្រី​បាន​ថ្លែង​ថា៖

«ជំហាន​ដំបូង​គឺ​ត្រូវ​ធានា​ថា ​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​អាច​ទទួល​បាន​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​បច្ចេកវិទ្យា។…ទី​ពីរ​គឺ​កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​កម្លាំង​ពលកម្ម​ដែល​ទទួល​រង​ឥទ្ធិ​ពល​ពី​បដិវត្តន៍​ឧស្សាហកម្ម និង​លទ្ធភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា ដែល​នៅ​ពឹង​ផ្អែក​ខ្លាំង​លើ​ឧស្សាកម្ម​ដែល​ប្រើ​កំលាំង​ពលកម្ម​នៅ​ឡើយ»៕ ប្រភព៖ VOA