ចាប់​តាំង​ពី​កម្ពុជា​មាន​គណៈរដ្ឋ​មន្ដ្រី​ថ្មី​អាណត្តិ​ទី​៦មក មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក បាន​បន្ត​គ្នា​ផ្ញើ​សារ​អបអរ​សាទរ​ដល់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន។ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឲ្យ​បន្ត​ធ្វើ​ជា​នាយករដ្ឋ​មន្ដ្រី​ដឹក​នាំ​ប្រទេស​កម្ពុជាមួយ​អាណត្តិ​ទៀត​​។ ចុង​ក្រោយ​នេះ នាយករដ្ឋ​មន្ដ្រី​បារាំង លោក អេឌូអាដ ហ្វីលីព Edouard Philippe បាន​ផ្ញើ​សារ​មួយ​ជូន​សមភាគី​កម្ពុជា​ដែរ ដោយ​ក្នុង​សារ​នោះ លោក​​អះអាង​ថា បារាំង​ត្រៀម​ខ្លួន​ឈរ​ជើង​កៀក​កម្ពុជា ដើម្បី​ជួយ​កសាង​កម្ពុជា​ឲ្យ​មាន​ប្រជាធិបតេយ្យ សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​។

ក្រៅ​ពី​បន្ត​បញ្ជាក់​ជំហរ​របស់​បារាំង​ក្នុង​ការ​ជួយ​ជំរុញ​ការ​កសាង​កម្ពុជា លោក​នាយករដ្ឋ​មន្ដ្រី​បារាំង អេឌូអាដ ហ្វីលីព ក៏បានលើក​ឡើង​បន្ថែម​អំពី​ការ​តាំង​ចិត្ត​របស់​បារាំង ជួយ​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​បន្ត​កិច្ច​សន្ទនា​ដោយ​បើក​ចំហ​និង​ស្ថាបនា​ជាមួយ​តួ​អង្គ​ផ្សេង​ៗ​នៃ​មជ្ឈដ្ឋាន​នយោបាយ សង្គម ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ដើម​។

នៅ​ក្នុង​សារ​លិខិត​ដដែល ក៏​មាន​កត់​សម្គាល់​ផង​ដែរ អំពី​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី លោក​ស្រី ទេព វន្នី, អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់, អ្នក​ការពារ​សិទ្ធិ​មនុស្ស លោក មឿង តុលា, អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​មេ​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង លោក កឹម សុខា​។ លោក​នាយករដ្ឋ​មន្ដ្រី​បារាំង បានសម្ដែង​ការ​​ស្វាគមន៍​ចំពោះការ​វិវត្ត​ជា​វិជ្ជមាន​នេះ និង​សង្ឃឹម​ថា កាយវិការ​របៀប​នេះ នឹង​មាន​បន្ត​បន្ទាប់ទៀត​។

ជា​ការ​កត់​សម្គាល់ ចាប់​តាំង​ពី​កម្ពុជា​មាន​គណៈរដ្ឋ​មន្ដ្រី​ថ្មី​អាណត្តិ​ទី​៦មក មេ​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក បាន​បន្ត​គ្នា​ផ្ញើ​សារ​អបអរ​សាទរ​ដល់​លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន។

ពី​ប្រទេស​អាឡឺម៉ង់ លោកស្រី​អធិការបតី​ ​Angela Merkel ​ បាន​សរសេរ​លិខិត​ជូនពរ​ លោក​ ហ៊ុន សែន ដោយ​បាន​បញ្ជាក់បន្ថែមអំពី​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​ ដែល​ត្រូវ​បាន​ឆ្លុះបញ្ចាំង​ជា​ពិសេស​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ឈរ​លើ​មូលដ្ឋាន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​ដែល​ចែង​ពី​ការ​គោរព​សិទ្ធិ​មនុស្ស ​នីតិរដ្ឋ និង​គោលការណ៍​ប្រជាធិបតេយ្យ​ ព្រមទាំង​ការ​បោះឆ្នោត​ដោយ ​សេរី​និង​យុត្តិធម៌​។ និង​ថា លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន ​អាច​ពឹង​ផ្អែកលើ​អាល្លឺម៉ង់​បាន​ ​ចំពោះ​កិច្ច​ការ​ពង្រឹង​ប្រជាធិបតេយ្យ​និង​ការ​ចូលរួម​តាមរយៈ​កិច្ច​សន្ទនា​នយោបាយ​ដោយ​បើក​ចំហរ​នៅ​កម្ពុជា​ ។

ពី​ប្រទេស​ជប៉ុន​វិញ​។ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ​ស៊ីន​ហ្សូ អា​បេ ឲ្យ​ដឹង​ថា ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព ​និង​ស្ថិរភាព​ក្នុង​រយៈពេល​២៥​ឆ្នាំ ​កន្លង​ទៅ​នេះ ​ក្រោយ​ការ​បោះឆ្នោត​រៀបចំ​ដោយ ​អ៊ុនតាក់​។ លោក​ សង្ឃឹម​ថា ​ក្រោម​ការ​ដឹកនាំ​របស់​លោក ​ហ៊ុន សែន ​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​រួបរួមគ្នា និង​សម្រេច​បាន​ការ​អភិវឌ្ឍ​ខ្លាំងក្លា​បន្ថែមទៀត​ តាមរយៈ​ការ​បន្ត​លើក​កម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ក្រៅ​ពី​បារាំង អាឡឺម៉ង់ និងជប៉ុន, ​ចិន​និង​រុស្ស៊ី ​ដែលជា​ប្រទេស​មហា​អំណាច ​ក៏​បាន​សម្តែង​ការ​អបអរ ​និង​ជូនពរ​ដល់​ប្រមុខ​រដ្ឋាភិបាល​ថ្មី​កម្ពុជា​ដែរ​​។ ​សារ​ជូន​ពរ​ក៏​មាន​ដែរពី​​ប្រទេស​​កូរ៉េខាងត្បូង អ៊ុយ​ក្រែ​ន ​ឥណ្ឌា ​ទួ​ក​គី ​ប៉ា​ឡេ​ស្ទី​ន ​និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​​ជា​ដើម​៕ ប្រភព៖ RFI