តំណាង​​អចិន្ត្រៃយ៍​​កម្ពុជា ​ប្រចាំ​​នៅ​​អង្គការ​សហប្រជាជាតិ ​បា​ន​​បញ្ចេញ​​ប្រតិកម្ម​​ចំពោះ​​គណៈប្រតិភូ​​សហភាព​​អឺរ៉ុប ​ដែល​​បាន​លើក​ឡើង​​ពី​​បញ្ហា​​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​​ប្រទេស​​កម្ពុជា ​នៅ​មុន​​ពេល​​កំណត់​​នៃ​​កិច្ច​ប្រជុំ​​លើក​​ទី​៣៩​របស់​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ ​នៅ​​ទីក្រុង​​សឺ​ណែវ ​ប្រទេស​​ស្វី​ស​។ ​សម្រាប់​​កម្ពុជា ​ការ​លើក​ឡើង​​របស់​​ប្រតិភូ​​សហភាព​​អឺរ៉ុប ​គឺ​ជា​​ការ​រំលោភ​បំពាន​​យ៉ាង​​ជាក់​ច្បាស់ ​ទៅ​លើ​​វិធាន​​ជា​​មូលដ្ឋាន ​និង​​ការ​អ​នុវត្ត​​ជា​ធរមាន ​របស់​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស ​ក្នុង​ន័យ​​បំបាក់​មុខ​​របស់​​កម្ពុជា​។

តាមពិតទៅ របៀបវារៈ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា នឹងត្រូវ​លើកយក​ទៅ​ពិភាក្សា​ជាទូទៅ នៅក្នុង​របៀបវារៈ​ទី១០ នៅ​ថ្ងៃទី ២៦ កញ្ញា សប្តាហ៍​ក្រោយ​ឯណោះ​ទេ។ ប៉ុន្តែ​ប្រតិភូ​សហភាព​អឺរ៉ុប តំណាង​ដោយ​ប្រទេស​អូទ្រីស បាន​ឡើង​ថ្លែង​រិះគន់​ពី​បញ្ហា​​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ចំពោះមុខ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​មុន​កាលកំណត់ ដើម្បី​បន្តុះបង្អាប់​កិត្តិយស​រាជរដ្ឋាភិបាល​កម្ពុជា។

នេះ​គឺជា​ប្រតិកម្ម​របស់លោក ណី សំអុល ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​មន្ទីរ​​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ឆ្លើយតប​ទៅនឹង​សេចក្តី​ថ្លែង​ការណ៍​​របស់​ប្រតិភូ​សហភាព​អឺរ៉ុប នៅក្នុង​កិច្ចប្រជុំ​លើក​ទី៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គកា​រ​សហប្រជាជាតិ កាលពី​ថ្ងៃទី ១៨ កញ្ញា។

សម្រាប់​កម្ពុជា ការលើកឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​របស់​កម្ពុជា នៅមុន​របៀបវារៈ​ដែល​បាន​កំណត់​រួចជាស្រេច​ហើយ​នោះ គឺ​ប្រៀបដូចជា​កងកម្លាំង​អង្គរក្ស​ការពារ​ព្រះ​ចៅ​អធិរាជ​​រ៉ូ​ម៉ាំង ដោយបាន​រំលោភបំពាន​យ៉ាង​ជាក់ច្បាស់​ទៅលើ​វិធាន​ជា​មូលដ្ឋាន និង​ការអនុវត្ត​ជា​ធរមាន​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស និង​ដើម្បី​រិះគន់​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក ណី សំអុល បានចាត់ទុក​ទង្វើ​រប​ស់​ប្រតិភូ​សហភាព​អឺរ៉ុប​ថា ជា​យុទ្ធសាស្ត្រ​មិនគួរ​គប្បី​នៃ​ការដុត​ផ្ទះ ដើម្បី​ស្ងោរ​ស៊ុត​នេះ មិន​ខុសពី​ការបង្កើត​អាប​ធ្មប់​ដ៏​កាច​សាហាវ ដោយ​ជ្រក​ក្រោម​ឈ្មោះ​អ្នកតស៊ូ​មតិ​សិទ្ធិមនុស្ស ដែល​មិន​ផ្តល់​ប្រយោជន៍​អ្វី​ឡើយ។ ប៉ុន្តែ​ផ្ទុយទៅវិញ វា​នឹង​បំផ្លាញ​ប្រព័ន្ធ​សិទ្ធិមនុស្ស​ទាំងមូល​រប​ស់​អង្គការសហប្រជាជាតិ។ ទោះ​ជា​​យ៉ាងណាក៏ដោយ ការលើកឡើង​បែបនេះ មិនមែន​មានន័យថា កម្ពុជា​ទាមទារ​នូវ​ការ​រួច​ផុតពី​ការរិះគន់​ពី​បញ្ហា​សិទ្ធិមនុស្ស​នោះទេ។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ​ណី សំអុល តំណាង​អចិន្ត្រៃយ៍​កម្ពុជា។

សេចក្តីថ្លែងការណ៍​រប​ស់​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ ក៏​បាន​​វាយបក​ទៅកាន់​ប្រតិភូ​សហភាព​អឺរ៉ុប​ថា បាន​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ក្នុង​​ប្រទេស​កម្ពុជា ដោយ​គ្រាន់តែ​ផ្អែកលើ​អវត្តមាន​អតីត​គណបក្សនយោបាយ​មួយ ដែល​​មិនបាន​ចូលរួម​ក្នុងការ​បោះឆ្នោតជាតិ​កាលពី​ខែកក្កដា​នោះ​ថា ការបោះឆ្នោត​របស់​កម្ពុ​ជា គឺមាន​ភាពស្រពិចស្រពិល​លើផ្លូវ​ច្បាប់​នោះទេ។

គួរ​ជំរាបជូន​ថា សភា​សហភាព​អឺរ៉ុប កាលពី​សប្តាហ៍​មុន ទើបតែ​បានអនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ ស្តីពី ការស្តារ​ស្ថានការណ៍​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ។ ក្នុងនោះ ប្រមុខ​ការទូត​អឺរ៉ុប​លោកស្រី ហ្វេ​ដេ​រី​កា ម៉ូ​ហ្កេ​រី​នី ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​ឡើងវិញ​ពី​បញ្ហា​នេះ និង​បាន​ព្រមាន​ទុកជាមុន​ថា បើ​គ្មាន​ការផ្លាស់ប្តូរ​ឥរិយាបទ​ណាមួយ​ពី​រដ្ឋាភិបាល​កម្ពុជា​ពី​ពេលនេះ​ទេ នោះ​ក្រុមប្រឹក្សា​អឺរ៉ុប នឹង​ចាត់វិធានការ​ឲ្យ​សក្តិសម​បំផុត។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំ​កាលពី​ថ្ងៃទី ១៣ កញ្ញា សភា​សហភាព​អឺរ៉ុប​ក៏បាន​ប្រាប់​ឲ្យ​សមាជិក​របស់ខ្លួន លើកឡើង​ពី​បញ្ហា​អាសនៈ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ផងដែរ៕ ប្រភព៖ RFI