វ៉ាស៊ីនតោន —ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​និងស្ថាប័ន​តុលាការ​បាន​ចេញមុខ​មក​បកស្រាយ​ជា​បន្ត​បន្ទាប់គ្នាដើម្បី​ការពារ​ចំណាត់ការ​ឃុំ​ឃាំង​លោក​កឹម សុខា នៅក្នុង​គេហដ្ឋាន​បន្ទាប់ពី​មាន​ការរិះគន់​ជាបន្ត​បន្ទាប់​និង​ការទទូច​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ដោះលែងប្រធាន​នៃ​អតីត​គណបក្ស​ប្រឆាំងរូបនេះឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ។

លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ បាន​ថ្លែង​កាលពីថ្ងៃ​ពុធ​ដោយ​ការពារ​ការ​ឃុំ​ខ្លួន​លោក ​កឹម សុខា ក្នុង​គេហដ្ឋាន​ថា​ដោយសារ​បារម្ភពីសុខសុវត្ថិភាព​ផ្ទាល់ខ្លួននិង​ហេតុផលមនុស្ស​ធម៌៖

«អត់ទាន់​រួចទោស​ទាំងអស់​។ គ្រាន់តែ​ដូរ​ទីតាំង​ឃុំឃាំង​តែប៉ុណ្ណឹង​ទេ​…ក្រែងលោ​វាងាប់​ក្នុង​គុក»។

បន្ទាប់​ពី​ជាប់​ពន្ធនាគារ​នៅ​ត្រពាំងផ្លុង​ក្នុងខេត្ត​ត្បូងឃ្មុំ​ដែល​ជាប់​ព្រំដែន​វៀតណាម​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ លោក កឹម សុខា​ត្រូវបាន​ផ្ទេរ​មក​ដាក់​ឃុំ​ឃាំង​នៅ​ក្នុង​ផ្ទះ​របស់​លោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ដើម​ខែ​កញ្ញា​នេះដោយ​សារតែ​មាន​សម្ពាធ​យ៉ាងច្រើន​ពី​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​ដោះលែង​លោក។

ប៉ុន្តែ​លោក ហ៊ុន សែនបាន​ប្រកែកថា​មិន​មានសម្ពាធ​ណា​មួយ​ពី​អន្តរជាតិ​នោះ​ទេ ហើយ​បាន​វាយ​បក​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​ថា៖​

«ហើយ​ការធ្វើ​សកម្មភាព​ណា​មួយ​ត្រូវតែ​ពាក់ព័ន្ធ​ជាមួយ​នឹង​សាលដីកា​តុលាការ​ដែល​គេ​កំណត់​។ បើមិន​ដូច្នេះ​តុលាការ​គេ​នឹង​មាន​សិទ្ធិ​ដើម្បី នឹង​យក​ទៅឃុំ​ឃាំង​នៅកន្លែង​ណា​ផ្សេងតាមឆន្ទានុសិទ្ធិ​របស់​តុលាការ។ យើង​គ្រាន់តែ​ជូន​សារ​ប្រាប់​អ្នក​ទាំងឡាយ​ថា​សូមកុំឱ្យ​ហួស​ហេតុពេក​និង​សុំ​កុំ​ឱ្យ​មាន​ការភាន់ច្រឡំ​ចំពោះ​បញ្ហា​ណា​មួយ​។ ការភាន់ច្រឡំនោះ​នាំ​ឱ្យ​ខ្លួន​ឯង​(មាន)​គ្រោះថ្នាក់‍»។

តុលាការ​កម្ពុជា​ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃពុធបកស្រាយ​ដោយ​បន្ធូរបន្ថយ​ស្ថានការណ៍​ថា​ការណ៍ដែល​លោកកឹម សុខាត្រូវ​ដាក់​ឱ្យស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​គឺ​«ពុំ​មែន​ជា​ករណីនៃ​ការ​ឃុំ​ខ្លួន​នៅក្នុង​ផ្ទះទេ‍»គឺ​លោក​មាន​សេរីភាព​ដើរ​ហើរ​ចេញពី​ក្នុង​ផ្ទះ​គឺកុំ​តែ​ចេញ​ផុត​ពី​ព្រំដែន​កំណត់​នៅ​ក្រៅ​បរិវេណ​លំនៅដ្ឋាន​និង​អាច​ជួប​ជាមួយ​នឹង​មន្ត្រី​នានា​ក្រៅ​ពី​អ្នកដែល​តុលាការ​បាន​ហាមឃាត់។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បន្ថែម​ថា៖

«ក្នុងន័យ​នេះ​ ជនត្រូវ​ចោទ​មាន​សេរីភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចេញពីផ្ទះ​របស់​ខ្លួន​ក្នុង​ព្រំប្រទល់​ដែន​ដី​ដែល​កំណត់​ដោយ​ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​និង​អាច​ប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលនានា​ដែល​មិន​ស្ថិត​នៅក្នុង​ក្របខណ្ឌ​បញ្ជី​នៃ​ការហាមឃាត់​របស់​តុលាការ​បាន​ពោលគឺ​បុគ្គល​ដែល​អាច​មាន​ការ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជាមួយ​ជន​ត្រូវ​ចោទ​ហើយ​ដែល​តុលាការ​កំពុង​មាន​ចំណាត់ការ‍»។

លោក កឹម សុខា ​ត្រូវបាន​ចោទប្រកាន់​ពី​បទក្បត់​ជាតិ​ដោយ​ឃុបឃិត​ជាមួយ​បរទេស​ជាពិសេស​សហរដ្ឋ​អាមេរិកដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ប៉ុន្តែ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា​វា​ជា​លេស​នយោបាយ​ដើម្បី​ទប់ស្កាត់​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​កើន​ប្រជាប្រិយ៍ភាព​តែ​ប៉ុណ្ណោះ។

កាលពី​ដើម​សប្តាហ៍នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏បាន​ថ្លែង​ការពារ​ការឃុំឃាំង​លោក កឹម សុខា ផងដែរ​ដោយ​អះអាង​ថា​គឺ លោក​ជាអ្នក​ជួយ​សម្របសម្រួល​នីតិវិធីឱ្យ​មាន​ការ​ផ្ទេរ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ដាក់​នៅ​ក្នុង​គេហដ្ឋានវិញ​បើ​ទោះបី​ជា​ច្បាប់​កម្ពុជា​មិន​មាន​កំណត់​ដូច្នេះ​ក៏​ដោយ។

​លោក វីលៀម ហៃដ៍ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ខេមរភាសាកាលពី​ថ្ងៃច័ន្ទ​ថាសហរដ្ឋ​អាមេរិកកំពុង​តាម​សង្កេត​មើល​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កែប្រែ​ស្ថានការណ៍​ឱ្យ​ល្អឡើង​វិញ​ហើយករណី​របស់​លោក​កឹម សុខា​ក៏ជា​ផ្នែក​មួយ​នៃ​ការ​សម្រេច​ចិត្ត​លើ​គោលនយោបាយថ្មី​របស់​សហរដ្ឋ​អាមេរិក​ផងដែរ៖

«ខ្ញុំ​គិត​ថា​វា​ជា​ការសំខាន់​ណាស់​ដែល​ត្រូវ​ចងចាំ​ថា​គេ​មិន​ទាន់​ដោះលែង​លោក កឹម សុខា​នៅ​ឡើយ​ទេ​គឺ​លោក​ត្រូវបាន​គេ​ផ្ទេរ​មក​ដាក់ឃុំ​នៅក្នុង​លំនៅដ្ឋាន​។ ការណ៍នេះ​គឺ​មិនត្រឹមត្រូវតាមការ​ដោះលែង​ឱ្យ​មាន​សេរីភាព​ពេញលេញទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា​ទស្សនៈ​របស់​រដ្ឋាភិបាល​យើង​គឺ​នឹង​ត្រូវ​យក​ចំណុច​នេះ​មកគិត​គូរថា​នឹងមានអ្វី​កើត​ឡើង​ទៀត​នៅក្នុង​ករណី​នេះ‍»។

សហភាព​អឺរ៉ុប​ក៏​បន្ត​ទទូច​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ជួប​ចរចា​ជាមួយ​នឹង​មេដឹកនាំ​ក្រុម​ប្រឆាំង​មុន​ពេល​ដែល​សហភាព​អឺរ៉ុប​ចាត់​វិធាន​ការទណ្ឌកម្ម​បន្ទាប់​ទៀត​ដែល​ក្នុង​នោះ​អាច​នឹង​ប៉ះពាល់​ដល់​ឋានៈ​ពន្ធអនុគ្រោះ​ដែល​កម្ពុជា​ទទួល​បាន៕ ប្រភព៖ VOA