ឡូស អេនជេឡេស —មនុស្ស​យន្ត​កាន់តែ​ច្រើន​ឡើង​ត្រូវ​បាន​បង្កើត និង​រចនា​ឡើង​ឲ្យ​ធ្វើ​ការ​ជាមួយ​នឹង​មនុស្ស នៅ​ក្នុង​បរិយាកាស​រស់នៅ​ធម្មតា​របស់​មនុស្ស។ ករណី​នេះ​មាន​ន័យ​ថា មនុស្ស​យន្ត​ត្រូវតែ​បង្កើត​ឡើង​តាម​បែបបទ​របស់​មនុស្ស ដោយសារតែ​មនុស្ស​យន្ត​មួយ​ចំនួន​ត្រូវ​ដើរ និង​អង្គុយ​ដូច​មនុស្ស។ មនុស្ស​យន្ត​ខ្លះ​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​ឲ្យ​មើល​ទៅ​ដូច​ជា​មនុស្ស​ពិត​ប្រាកដ​តែ​ម្ដង។

Loading...

ប៉ុន្តែ​ការ​ឃើញ​មនុស្ស​យន្ត android ដែល​ជា​មនុស្ស​យន្ត​មាន​រូបរាង​ដូច​មនុស្ស​ពិត​ប្រាកដ​នេះ អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត។ អារម្មណ៍ ឬ​ក៏​បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ​នេះ ត្រូវ​បាន​គេ​ហៅ​ជា​ភាសា​អង់គ្លេស​ថា uncanny valley។

សូម្បីតែ​អ្នក​ស្រាវជ្រាវ​ដែល​ធ្វើ​ការ​ស្រាវជ្រាវ​ផ្នែក​មនុស្ស​យន្ត​នេះ ក៏​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ចិត្ត​ដែរ។

លោក Jonathan Gratch ប្រធាន​ផ្នែក​ស្រាវជ្រាវ​មនុស្ស​និមិត្ត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ថ្មី​របស់​សាកលវិទ្យាល័យ Southern California បាន​និយាយ​ថា៖ «ខ្ញុំ​ដឹង​ថា មនុស្ស​យន្ត​ដំណើរការ​យ៉ាង​ម៉េច។ ខ្ញុំ​ដឹង​ថា មនុស្ស​យន្ត​គឺ​គ្រាន់តែ​ជា​គ្រឿង​ម៉ាស៊ីន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ អ្វី​មួយ​ដែល​មើល​ទៅ​ដូច​ជា​មនុស្ស​បេះបិទ ប៉ុន្តែ​មិន​មាន​ចលនា​ឲ្យ​ដូច​មនុស្ស​ពិត​ប្រាកដ​នេះ គឺ​ធ្វើ​ឲ្យ​ខ្ញុំ​មិន​ស្រួល​ក្នុង​ចិត្ត​នោះ​ទេ»។

លោក Jonathan Gratch ដែល​ជា​សាស្ត្រាចារ្យ​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​ផ្នែក​ចិត្តសាស្ត្រ​រូប​នេះ ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ទំនាក់ទំនង​រវាង​មនុស្ស និង​កុំព្យូទ័រ។

លោក​បាន​និយាយ​ថា មាន​ហេតុផល​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​មាន «បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ» នេះ​កើត​ឡើង។ ហេតុផល​មួយ​គឺ​ថា វា​ជា​កត្តា​ជីវសាស្ត្រ។ មនុស្ស​មាន​ញាណ​ពី​កំណើត​ក្នុង​ការ​ដឹង​ភ្លាមៗ​នៅ​ពេល​ដែល​អ្វី​មួយ​មិន​ទៅ​ខុស​ប្រក្រតី។

លោក Jonathan Gratch និយាយ​ថា៖ «នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​ខ្ញុំ ខ្ញុំ​បាន​សិក្សា​ពី​អារម្មណ៍ និង​ពី​វិធី​ដែល​យើង​ប្រើ​សញ្ញា​អារម្មណ៍​ដើម្បី​ស្វែងយល់​ពី​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ។ ហើយ​ខ្ញុំ​គិត​ថា បញ្ហា​ជា​ច្រើន​សម្រាប់​ខ្ញុំ​គឺ​ថា ប្រសិនបើ​អ្នក​ព្យាយាម​ធ្វើ​អ្វី​មួយ​ឲ្យ​មាន​លក្ខណៈ​ដូច​អ្វី​មួយ​ពិត​ប្រាកដ នោះ​អ្នក​នឹង​ចាប់ផ្ដើម​ព្យាយាម​ស្វែងយល់​ពី​ព័ត៌មាន​ទាំង​អស់​នេះ​តាម​អ្វី​ដែល​ព័ត៌មាន​នោះ​បាន​បង្ហាញ ហើយ​ព័ត៌មាន​នោះ​គឺ​ជា​ព័ត៌មាន​មិន​ត្រឹមត្រូវ។ ដូច្នេះ យើង​ឃើញ​ថា មាន​អ្វី​មួយ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ទំនាក់ទំនង​នេះ»។

ទ្រឹស្ដី​មួយ​ទៀត​គឺ​ថា មនុស្ស​យន្ត​ដែល​មាន​រូបរាង​ដូច​មនុស្ស​ពិត​ប្រាកដ កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អត្ថន័យ​នៃ​ការ​ធ្វើ​ជា​មនុស្ស។

លោក Jonathan Gratch បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ដំបូង គេ​យល់​ថា​មនុស្ស​គឺ​ជា​តួ​អង្គ​តែ​មួយ​គត់​ដែល​មាន​បញ្ញា។ ប៉ុន្តែ ឥឡូវ​នេះ យើង​ដឹង​កាន់តែ​ច្រើន​ថា សត្វ​អាច​ធ្វើ​រឿង​ជា​ច្រើន​ដែល​យើង​អាច​ធ្វើ​បាន ដូចជា​បង្កើត​វត្ថុ​ប្រើប្រាស់​នានា​ជា​ដើម។ យើង​ដឹង​ថា ម៉ាស៊ីន​ចាប់ផ្ដើម​កាន់តែ​មាន​បញ្ញា​ហើយ។ យើង​នៅតែ​ជឿជាក់​លើ​ការ​ពិត​ដែល​ថា មនុស្ស​គឺ​ជា​តួអង្គ​ដែល​មាន​មនោសញ្ចេតនា។ ប៉ុន្តែ​ឥឡូវ​នេះ មនុស្ស​យន្ត​ទាំង​នេះ​ក៏​ចាប់ផ្ដើម​មាន​មនោសញ្ចេតនា​ដូច​មនុស្ស​ផង​ដែរ ដែល​នេះ​អាច​ជា​ករណី​រំខាន​មួយ។ ដូច្នេះ តើ​មនុស្ស​យើង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ?»។

លោក​បាន​បន្ត​ថា ជំនឿ​សាសនា និង​វប្បធម៌​របស់​មនុស្ស​ម្នាក់ ប្រហែល​ជា​ដើរ​តួ​នៅ​ក្នុង​ការ​ស្វែងយល់​អំពី​មនុស្ស​យន្ត android នេះ​ផង​ដែរ ដោយ​លោក​និយាយ​ដូច្នេះ​ថា៖ «នៅ​ក្នុង​ប្រពៃណី​បស្ចិម​ប្រទេស ដែល​មាន​ប្រភព​ពី​សាសនា​គ្រិស្ត មនុស្ស​គឺ​ពិសេស​ខុស​គេ ប្រហែល​ជា​ត្រង់​ថា មនុស្ស​មាន​ព្រលឹង។ ចំណែក​ឯ​នៅ​ក្នុង​វប្បធម៌​សាសនា Shinto របស់​ប្រទេស​ជប៉ុន​វិញ ព្រលឹង​គឺ​មាន​គ្រប់​ទី​កន្លែង​ទាំង​អស់ សូម្បី​តែ​នៅ​ក្នុង​ថ្ម ឬ​ក៏​ក្នុង​ម៉ាស៊ីន​ក៏​ដោយ»។

លោក John Rebula គឺ​ជា​បេក្ខជន​ថ្នាក់​ក្រោយ​បណ្ឌិត​នៃ​សាកល​វិទ្យាល័យ Southern California ហើយ​លោក​កំពុង​ធ្វើ​ការ​បង្កើត​មនុស្ស​យន្ត​ដែល​មាន​រូបរាង​ដូច​មនុស្ស ឲ្យ​ចេះ​ដើរ​ឲ្យ​កាន់តែ​ដូច​មនុស្ស។ កម្មវិធី​ដែល​លោក​ប្រើ​មាន​ដូចជា​លទ្ធភាព​ដើរ​ឡើង​លើ​ជណ្ដើរ និង​អង្គុយ​នៅ​លើ​កៅអី​ដែល​ធ្វើ​សម្រាប់​មនុស្ស។ លោក​បាន​និយាយ​ថា មុខ​របស់​មនុស្ស​យន្ត​គឺ​មិន​សំខាន់​នោះ​ទេ ហើយ​មើល​ទៅ​គឺ​មាន​ការ​ប្រើ​គ្រឿង​សំអាង​ច្បាស់ៗ​តែ​ម្ដង។

លោក John Rebula និយាយ​ថា៖ «យើង​ពិតជា​គិត​ថា មនុស្ស​យន្ត​ទាំង​នេះ​គឺ​ជា​ម៉ាស៊ីន​ស្រាវជ្រាវ ដែល​យើង​អាច​បំបែក​ចេញ និង​ផ្គុំ​ឡើង​វិញ​បាន។ ដូច្នេះ​ហើយ យើង​មាន​ការ​ងាយស្រួល​បំផុត​នៅ​ក្នុង​ការ​ឈប់​ប្រើ​គ្រឿង​សំអាង»។

មនុស្ស​យន្ត​របស់​លោក​មាន​ភ្នែក ត្រចៀក និង​ច្រមុះ​ដូច​តុក្កតា។ យើង​អាច​ចាត់ទុក​វា​ថា​មាន​លក្ខណៈ​គួរ​ឲ្យ​ស្រលាញ់។ ប៉ុន្តែ ប្រសិនបើ​មនុស្ស​យន្ត​មាន​រូបរាង​ដូចជា​មនុស្ស លោក John Rebula បាន​និយាយ​ថា លោក​នឹង​មិន​ចាំបាច់​ចង់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ជាមួយ​នឹង​មនុស្ស​យន្ត​នោះ​គ្រប់​ពេល​នោះ​ទេ។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «យើង​ធ្លាប់​បាន​ធ្វើ​ការ​ក្នុង​មន្ទីរ​ពិសោធន៍​រហូត​ដល់​ពេល​យប់​ជា​ច្រើន​ដង។ ពេល​ខ្លះ យើង​ខឹង​ក៏​ស្រែក​ដាក់​មនុស្ស​យន្ត​នោះ​ថា ហេតុអ្វី​បាន​ជា​អ្នក​មិន​ដំណើរការ? ខ្លួន​ខ្ញុំ​ផ្ទាល់ មិន​ចាំបាច់​ត្រូវការ​រឿង​ចម្លែក​មួយ​ជាន់​ទៀត​នោះ​ទេ»។

អ្នក​ដែល​បង្កើត​មនុស្ស​យន្ត​ទាំង​នេះ​ឲ្យ​ធ្វើ​ការ​ជាមួយ​មនុស្ស តែងតែ​គិត​ដល់ «បាតុភូត​មិន​ស្រួល​ក្នុង​ចិត្ត​ដែល​ឡើង​ចុះ» នេះ នៅ​ពេល​ដែល​ពួកគេ​គិត​អំពី​រូបរាង​របស់​មនុស្ស​យន្ត និង​អំពី​ថា​តើ​មនុស្ស​យើង​ទទួល​ស្គាល់​មនុស្ស​យន្ត​នេះ​បាន​ដល់​កម្រិត​ណា៕ ប្រភព៖ VOA