នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​ទាំង​ពីរ និង​ភរិយា​របស់​ពួកគេ​បាន​ជិះ​យន្តហោះ​ផ្សេង​គ្នា​ពី​ទីក្រុង​ព្យុងយ៉ាង​ទៅ​កាន់​ភ្នំ Paektu ដែល​ជា​ភ្នំ​មួយ​ស្ថិត​នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ប្រទេស​ចិន។

Loading...

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​ប្រជុំ​រយៈពេល ៣ ថ្ងៃ របស់​ពួកគេ មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​ទៅ​ទស្សនា​ភ្នំ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រទេស​កូរ៉េ​ទាំង​ពីរ​គោរព។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មេដឹកនាំ​ទាំង​ពីរ និង​ភរិយា​របស់​ពួកគេ​បាន​ជិះ​យន្តហោះ​ផ្សេង​គ្នា​ពី​ទីក្រុង​ព្យុងយ៉ាង​ទៅ​កាន់​ភ្នំ Paektu ដែល​ជា​ភ្នំ​មួយ​ស្ថិត​នៅ​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ខាង​ជើង និង​ប្រទេស​ចិន។

ភ្នំ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កន្លែង​កំណើត​របស់​ព្រះ​អធិរាជ Dangun ដែល​ជា​ស្ថាបនិក​នៃ​រាជាណាចក្រ​កូរ៉េ​ដំបូង។ ភ្នំ​នេះ​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​អប់រំ​ប្រជាពលរដ្ឋ​ខ្លួន​អំពី​សែស្រឡាយ​គ្រួសារ​អាទិទេព​ដែល​ដឹកនាំ​រាជាណាចក្រ​កូរ៉េ។

មេដឹកនាំ​ទាំង​ពីរ និង​ភរិយា​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​ខ្ពស់​បំផុត​នៃ​កំពូល​ភ្នំ Paektu ដែល​មាន​កម្ពស់ ២ ពាន់ ៧៥០ ម៉ែត្រ​ពី​នីវ៉ូ​ទឹក​សមុទ្រ ហើយ​ពួកគេ​បាន​ថត​រូប​នៅ​ពី​មុខ​បឹង Chonji នៃ​ភ្នំ​នេះ។

លោក Kim Jong Un និង​លោក Moon Jae In បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ កិច្ច​ព្រមព្រៀង​នេះ​ស្នើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​បិទ​ជា​អចិន្ត្រៃយ៍​នូវ​កន្លែង​សាកល្បង​មីស៊ីល​របស់​ខ្លួន និង​ទម្រ​សម្រាប់​បាញ់​មីស៊ីល​នេះ ក្រោម​ការ​តាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ពី​អ្នក​ជំនាញ​អន្តរជាតិ​នានា។

លោក Kim Jong Un យល់ព្រម​បំផ្លាញ​ចោល​នូវ​រោងចក្រ​នុយក្លេអ៊ែរ Yongbyon ដ៏​ចម្បង​មួយ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ប្រសិនបើ​សហរដ្ឋ​អាមេរិក​ចាត់ «វិធានការ​ស៊ី​មេទ្រី​គ្នា» ជាមួយ​នឹង​អ្វី​ដែល​លោក​ធ្វើ។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ស្វាគមន៍​យ៉ាង​រីករាយ​ជា​ទី​បំផុត។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា លោក​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​លោក Ri Yong Ho ឲ្យ​ជួប​ជាមួយ​លោក​នៅ​ក្នុង​ទីក្រុង New York នៅ​ឯ​កិច្ច​ប្រជុំ​របស់​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​សប្ដាហ៍​ក្រោយ។

មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា លោក Kim Jong Un នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ពេល​ណា​មួយ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ ដែល​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅ​ជា​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ដំបូង​បង្អស់​ដែល​ទៅ​ទស្សនា​ប្រទេស​កូរ៉េ​ខាង​ត្បូង តាំង​ពី​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បំបែក​ជា​ពីរ​ក្រោយ​សង្គ្រាម​កូរ៉េ​បាន​បញ្ចប់​ទៅ​នៅ​ឆ្នាំ ១៩៥៣ មក៕ ប្រភព៖ VOA