គ្រួសារ​ផលិត​ករ​ភាពយន្ត​ជនជាតិ​អូស្រ្តាលី ​ដែល​ត្រូវ​បាន​លើក​លែង​ទោស​ បន្ទាប់ពី​បាន​ជាប់​គុក​ពី​បទ​ចារកម្ម ​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា ​ពួក​គេ​សប្បាយ​ណាស់​ដែល​«សុបិន្ត​អាក្រក់»​បាន​បញ្ចប់ ​ហើយ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អូស្ត្រាលី​បាន​អរគុណ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ចំពោះ​ការ​ដោះ​លែង​នេះ។

Loading...

​លោក ​James Ricketson​ អាយុ៦៩​ឆ្នាំ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​តុលាការ​បាន​កាត់​ទោស​លោក​កាល​ពី​ខែ​សីហា​ឱ្យ​ជាប់​ពន្ធនា​គារ​៦​ឆ្នាំ។ ​លោក​ត្រូវ​ចាប់ខ្លួន​កាល​ពី​ខែ​មិថុនា​ឆ្នាំ ​២០១៧​ បន្ទាប់ពី​លោក​បាន​បង្ហោះ​ដ្រូន​ថត​ក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​រំលាយ​តាម​សំណើ​របស់រដ្ឋាភិបាល​លោក​ ហ៊ុន សែន។ ​

លោក Jesse​ Ricketson កូន​ប្រុស​លោក Ricketson ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍តាម​អ៊ីមេល​ថា​ «យើង​ពិត​ជា​ធូរ​ស្បើយ​ ហើយ​រំភើប​ចំពោះ​ដំណឹង​នេះ​ ​តែ​នៅ​មិន​ទាន់​អស់​ចិត្ត​ទេ។ ជាប់​ឃុំ​ឃាំង​១៦​ខែពិត​ជា​លំបាក​ណាស់ ​ហើយ​ខ្ញុំ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នា​ពេល​ឥឡូវ​នេះ។ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​ព្រះ​ករុណា​បរមនាថ​នរោត្តម​សីហមុនី​ដែល​បង្ហាញ​ក្តីអាណិត​អាសូរ​និង​បញ្ចប់សុបិន្ត​អាក្រក់​នេះ»។

លោកស្រី ​Marise Payne​ រដ្ឋ​មន្រ្តី​ការបរទេស​អូស្ត្រាលី ​បាន​អរគុណ​សមភាគី​កម្ពុជា​របស់​លោក​ស្រី​ចំពោះ​ការ​ដោះ​លែង​នេះ។ ​លោកស្រី​ Payne ​បាន​សរសេរ​តាម​អ៊ីមេល​ថា «ការ​លើក​លែង​ទោស​នេះបញ្ចប់​ការ​លំបាក​សម្រាប់​លោក ​Ricketson​ និង​គ្រួសារ»។​

លោក​ Jesse Ricketson​ បាន​និយាយ​ថា ​គ្រួសារ​របស់​លោក​មាន​ការព្រួយ​បារម្ភ​អំពី​សុខ​ភាព​របស់​ឪពុក​លោក​នៅ​ពេល​គាត់​ចូលដល់​អាយុ​៧០​ឆ្នាំ។ ​លោក​និយាយ​ថា៖ «យើង​មិន​ប្រាកដ​ថា ​តើគាត់​អាច​បន្តទ្រាំទ្រ​នឹង​ការ​លំបាក​ក្នុង​គុក​ព្រៃស​ដ៏​អសោចន៍​នេះ​យូរ​ប៉ុណ្ណា?»​

លោក​បាន​បន្ថែម​ថា​ ក្រុម​គ្រួសារ​រំពឹង​ថា លោក​ Ricketson ​នឹងបាន​ទៅ​ដល់​អូស្ត្រាលី​ឆាប់ៗ​នេះ។​

អ្នក​ផលិត​ភាពយន្ត​នេះ​បាន​មក​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ដោយ​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​អំពី​ប្រទេស​កម្ពុជា​និង​ប្រជាជន៕ ប្រភព៖ VOA