កូន​កន្ធាយ​ក្បាល​កង្កែប ឬ រមិច ​ចំនួន​៥៦៥​ក្បាល ត្រូវ​បាន​ព្រលែង​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ទី​ជម្រក​ធម្មជាតិ​នៅ​តាម​ដង​ទន្លេ​មេគង្គ​វិញ ដើម្បី​បង្កើន​ចំនួន​សត្វ​កន្ធាយ​ក្បាល​កង្កែប​រស់​នៅ​ក្នុង​ធម្មជាតិ​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ ហៅ​កាត់​ថា WCS នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០​កញ្ញា​នេះ​។

កូន​កន្ធាយ​ក្បាល​កង្កែប​ដែល​ត្រូវ​ព្រលែង​ទៅក្នុង​ធម្មជាតិ​នា​ពេល​នេះ បាន​មក​ពី​សំបុក​ការពារ​ដោយ​សហគមន៍​។ លោក ញូន ចន្ទី អ្នក​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៃ​អង្គការ WCS បាន​ពន្យល់​ថា ការលែង​សត្វ​កន្ធាយ​ក្បាល​កង្កែប ឬ រមិច ទៅ​ក្នុង​ធម្មជាតិ​វិញ​នេះ ធ្វើ​ឡើង​ដើម្បី​បង្កើន​ចំនួន​សត្វ​កន្ធាយ​ក្បាល​កង្កែប​ដែល​រស់​នៅ​ក្នុង​ធម្មជាតិ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ បើ​តាម​លោក ញូន ចន្ទី វត្តមាន​សត្វ​កន្ធាយ​ក្បាល​កង្កែប​នៅ​ក្នុង​ធម្មជាតិ នឹង​ជួយ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជា​សហគមន៍​។ បង្កើន​ប្រាក់​ចំណូលដល់​​ប្រជា​សហគមន៍ តាម​រយៈ​ការ​បង់​ប្រាក់​ពី​សំណាក់​អង្គការ ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ថែ​រក្សា​ការពារ​សំបុក​ពង​កូន​សត្វ​កន្ធាយ​ក្បាល​កង្កែប។

សូម​ជម្រាប​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក កម្មវិធី​ការពារ​សំបុក​ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាសហគមន៍​នៅ​ខេត្ត​ក្រចេះ​និង​ស្ទឹងត្រែង ចូល​រួម​ការពារ​សត្វ​កន្ធាយ​ក្បាល​កង្កែប ដោយ​ជ្រើស​រើស​អតីត​អ្នក​ប្រមូល​ពង​និង​មេ​ពូជ​កន្ធាយ​ក្បាល​កង្កែប ឲ្យ​មក​បម្រើ​ការងារ​ជា​បុគ្គលិក​របស់​គម្រោង​​ការពារ​សំបុក​ជំនួស​វិញ​។ រហូត​មក​ទល់​បច្ចុប្បន្ន គម្រោង​នេះ​បាន​ការពារ​សំបុក​ពង​កូន​ចំនួន​៤០២​សំបុក និង​បាន​លែង​កូន​កន្ធាយ​ក្បាល​កង្កែប​ចំនួន​៩០៤៧​កូន​។

កន្ធាយ​ក្បាល​កង្កែប ស្ថិត​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ដែល​ជា​ប្រភេទ​សត្វ​រង​គ្រោះជិត​ផុត​ពូជ​បំផុត​នៅ​លើ​សាកល​លោក ហើយ​ចំនួន​របស់​វា​នៅ​តែ​បន្ត​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ កន្ធាយ​ក្បាល​កង្កែប ត្រូវ​បាន​គេ​សង្ស័យ​ថា​ផុត​ពូជ​ពីកម្ពុជា​ទៅ​ហើយ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៧ ប្រភេទ​សត្វ​ដ៏​កម្រ​នេះ បាន​បង្ហាញ​ខ្លួន​​ក្នុង​បរិវេណ​៤៨​គីឡូម៉ែត្រ តាម​ដង​ទន្លេ​មេគង្គ ចន្លោះ​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹង​ត្រែង​៕ ប្រភព៖ RFI