នា​ឱកាស​ជួប​ពិភាក្សា​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ក្នុង​អំឡុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក ដូណាល់ ត្រាំ បាន​លើក​ឡើង ​ជា​លើក​ទីមួយ​ ជំហរ​គាំទ្រ​ដំណោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន តាម​រយៈ​ការ​បង្កើត​រដ្ឋ​ពីរ​ រស់​ក្បែរ​គ្នា។ លោកប្រធានាធិបតី​អាមេរិក​បានសន្យាបង្ហាញ​ផែនការ​សន្តិភាព​ “ប្រកបដោយលំនឹង” នៅ​រវាង​បួន​ខែ​ទៀត។

“ខ្ញុំ​គិត​ថា​នឹង​មាន​អ្វី​កើត​ឡើង​ជា​ជាក់ស្តែង ! នេះ​ជា​ក្តី​ស្រមៃ​ដែល​ត្រូវ​សម្រេច​ឱ្យបាន​ នៅ​មុន​ចង់​អាណត្តិ​ទីមួយ​របស់​ខ្ញុំ !” នេះ​ជា​ប្រសាសន៍​របស់​លោក​ ដូណាល់ ត្រាំ ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ​(Benjamin Netanyahu )ដោយ​បន្ថែម​ទៀត​ថា លោក​ពេញ​ចិត្ត​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល​ប៉ាឡេស្ទីន​តាម​រយៈ​ការ​បង្កើត​រដ្ឋ​ពីរ។ ដំណោះស្រាយ​នេះ​អាច​លំបាក​បន្តិច ប៉ុន្តែ​ជា​ផ្លូវ​ដ៏​ប្រសើរ​ជាង​គេ ព្រោះ​ម្ខាងៗ​ត្រូវ​គ្រប់គ្រង​រដ្ឋាភិបាល​របស់​ខ្លួន។ នេះ​បើតា​ម​ការ​ពន្យល់​លម្អិត​បន្ថែម​របស់​លោក​ត្រាំ។

ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ លោក​ដូណាល់ ត្រាំ បាន​បង្ហាញ​ជំនឿជាក់​១០០%​ថា ប៉ាឡេស្ទីន​ដែល​បាន​បង្ក​កទំនាក់ទំនង​ជាមួយ​រដ្ឋបាល​អាមេរិក ក្រោយ​វ៉ាស៊ីនតោន​​​ប្រកាស​ទទួល​ស្គាល់​ក្រុងហ្សេរុយសាឡិម​ជា​រដ្ឋធានី​អ៊ីស្រាអែល នឹងព្រម​វិល​ត្រលប់​មក​ចូល​តុ​ចរចា​វិញ​ ។

តាំង​ខ្លួន​ជា​អ្នក​សម្រួល​ការ និង​នៅ​ចំពោះ​មុខ​អ្នក​កាសែត លោកប្រធានាធិបតី​អាមេរិក មិន​បាន​បញ្ជាក់​អំពី​ផែនការ​សន្តិភាព ដែលទំនង​​រៀប​ចំ​ដោយ​សម្ងាត់​ដោយ​​លោក ហ្សារ៉េត គូស្នែរ (Jared Kushner) កូនប្រសារ​របស់​លោកទេ។ ប៉ុន្តែ​លោក​ត្រាំ​បាន​សន្យា​ថា ផែនការ​នោះ​នឹង​លំនឹងល្អ ព្រោះ​ថ្វី​បើ​លោក​គូស្នែរ ស្រលាញ់​​អ៊ីស្រាអែលខ្លាំងមែន តែ​ក៏​ចេះ​បំពេញ​ចិត្ត​អ្នក​ផ្សេង​ដែរ។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រមុខ​ដឹកនាំអាមេរិក​ បាន​ផ្តល់​កាលបរិច្ឆេទ​ច្បាស់​លាស់ ស្តី​អំពី​ការ​បង្ហាញ​ផែនការ​សន្តិភាព​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ​នៅ​រវាងពីរ​ឬ​បី ឬ​បួន​ខែ​ទៀត​ខាង​មុខ​យ៉ាង​យូរ​ ផែនការ​នឹង​ចេញ​ជារូប​រាង​ពិត ! នេះ​បើ​តាមការ​ធានាអះអាង​របស់​លោក ត្រាំ ដែល​ស្រមៃ​ចង់សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​អ៊ីស្រាអែល​ឱ្យ​ខាង​តែ​បាន ​ខុស​ពី​មេ​ដឹកនាំ​មុន​ៗ ដែល​ដោះស្រាយ​វិបត្តិ​ដើម​បូព៌ាមិនចេញ។

នេះ​ក៏​ជា​របត់​ថ្មី​នៃ​ដំណើរ​ការ​ស្វែងរ​ក​សន្តិភាព​ដែរ ព្រោះ​ថ្វី​បើ​ជា​ផ្លូវការ​ រដ្ឋបាល​អាមេរិក​​គាំទ្រ​ដំណោះស្រាយ​បង្កើត​រដ្ឋ​ពីរ​មែន តែ​តាំង​ពីលោក​ត្រាំ​​ជាប់​ឆ្នោត​មក​ អាមេរិក​មិន​ដែល​បង្ហាញ​កាយ​វិការ​អ្វី​ក្នុង​ន័យ​នេះ​ទេ។ សម្រាប់​ប៉ាឡេស្ទីន មាន​តែ​សំដី តែ​គ្មាន​សកម្មភាព​ មិន​គ្រប់គ្រាន់​នឹង​ចង​ភ្ជាប់​ចំណង​ចរចា​ឡើង​វិញ​ឡើយ។ នេះ​បើ​តាម​ប្រតិកម្ម​របស់​លោក​ប្រមុខបេសកកម្ម​​ការ​ទូត​ប៉ាឡេស្ទីន​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន ដែល​អាមេរិក​​ទើប​បិទ​ទ្វារ​ កាលពី​ប៉ុន្មាន​សប្តាហ៍​មុន៕ ប្រភព៖ rfi