វ៉ាស៊ីនតោន —ប្រទេស​ចិន​ប្រហែល​ជា​ប្រើ​យុទ្ធសាស្ត្រ​ដែល​ធ្លាប់​ប្រើ​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​គណៈកម្មាធិការ​សកម្មភាព​នយោបាយ​របស់​សហរដ្ឋ​អាមេរិក និង​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​នានា ដោយ​ប្រើ​អ៊ីមែល​បោក​បញ្ឆោត។

Loading...

យុទ្ធសាស្ត្រ​ដែល​អ្នក​លួច​ចូល​អ៊ីនធឺណិត និង​ឧក្រិដ្ឋជន​តាម​អ៊ីនធឺណិត​និយម​ប្រើ​នេះ ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ប្រើ​ដើម្បី​ជ្រៀត​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​គណៈកម្មាធិការ​ជាតិ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដោយ​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​មាន​លទ្ធភាព​អាច​លួច​ចូល​មើល​អ៊ីមែល​នានា​របស់​គណៈកម្មាធិការ​នេះ​បាន ហើយ​បន្ទាប់​មក​បាន​ផ្សព្វផ្សាយ​អ៊ីមែល​ទាំង​នោះ​ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​កែប្រែ​ដំណើរការ​បោះ​ឆ្នោត។

ក្រុមហ៊ុន FireEye ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​តាម​អ៊ីនធឺណិត បាន​តាមដាន​សកម្មភាព​របស់​ចិន​នៅ​ក្នុង​ការ​ប៉ុនប៉ង​ប្រើ​អ៊ីមែល​បោក​បញ្ឆោត​នេះ។ ក្រុមហ៊ុន​នេះ​បាន​បញ្ជាក់​ថា ពួកគេ​មិន​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ៗ​នោះ​ទេ ជា​ពិសេស​គឺ​សំណួរ​អំពី​ថា​តើ​ព័ត៌មាន​អ្វី​ដែល​ប្រទេស​ចិន​អាច​ទទួល​បាន​ពី​ការ​ប្រើ​អ៊ីមែល​បោក​បញ្ឆោត​នេះ និង​សំណួរ​អំពី​ថា​តើ​រដ្ឋាភិបាល​ចិន​នឹង​ប្រើ​ព័ត៌មាន​ដែល​លួច​បាន​ណា​មួយ​តាម​វិធី​ណា។

ក្រុមហ៊ុន FireEye បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «យើង​មិន​ទាន់​បាន​តាមដាន​ដោយ​ផ្ទាល់​នូវ​សកម្មភាព​របស់​អ្នក​វាយ​ប្រហារ​ជា​បន្តបន្ទាប់​នោះ​ទេ ដែល​សកម្មភាព​នោះ​អាច​បង្ហាញ​ឲ្យ​ឃើញ​ពី​គោល​បំណង​របស់​អ្នក​វាយ​ប្រហារ​នោះ​បាន»។

ប៉ុន្តែ ការ​ជ្រៀតជ្រែក​នេះ​រឹតតែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត​ដែល​ថា ប្រទេស​ចិន​អាច​បង្កើន​ការ​លូច​ព័ត៌មាន​នានា​ដើម្បី​បង្កើន​ឥទ្ធិពល​យោធា​របស់​ខ្លួន ឬ​ក៏​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​នានា​របស់​ខ្លួន ហើយ​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​បណ្ដុះ​បណ្ដាល​សមត្ថភាព​តាម​អ៊ីនធឺណិត​របស់​ខ្លួន​ផ្អែក​លើ​គោល​បំណង​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ចោទ​ប្រកាន់​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ថា៖ «ប្រទេស​ចិន​ចង់​ឃើញ​ខ្ញុំ​ចាញ់​ការ​បោះ​ឆ្នោត ដោយសារតែ​ចិន​មិន​ដែល​ត្រូវ​បាន​ប្រទេស​ណា​មួយ​ហ៊ាន​តទល់​ជាមួយ​ពាក់ព័ន្ធ​នឹង​រឿង​ពាណិជ្ជកម្ម​ដូច​នេះ​ពី​មុន​មក​នោះ​ទេ»។

លោក Trump ថ្លែង​ដូច្នេះ សំដៅ​លើ​ការ​មិន​ពេញចិត្ត​របស់​រដ្ឋាភិបាល​ចិន​ជាមួយ​នឹង​ការ​យក​ពន្ធ​គយ​ដោយ​សហរដ្ឋ​អាមេរិក​លើ​ទំនិញ​របស់​ខ្លួន​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​រីក​រាលដាល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក Trump បាន​បន្ថែម​ថា៖ «យើង​មាន​ភស្តុតាង​បញ្ជាក់​អំពី​រឿង​នេះ។ យើង​នឹង​បង្ហាញ​ភស្តុតាង​នោះ​នៅ​ពេល​ខាង​មុខ»។

កន្លង​មក មន្ត្រី​រដ្ឋបាល​របស់​លោក Trump មិន​បាន​និយាយ​អ្វី​នោះ​ទេ​អំពី​រឿង​នេះ។

រី​ឯ​មន្ត្រី​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក​វិញ​បាន​ព្រលយ​ពាក្យ​រាប់​ខែ​មក​ហើយ​ថា ប្រទេស​ចិន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើ​សកម្មភាព​កាន់តែ​ខ្លាំង​ជាង​មុន។

លោក Dan Coats ប្រធាន​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​របស់​សហរដ្ឋ​អាមេរិក បាន​ថ្លែង​ក្នុង​ពិធី​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ មុន​ពេល​លោក Trump លើក​ឡើង​ដូច​ខាង​លើ​ថា ប្រទេស​ចិន «បញ្ជាក់​អះអាង​អំពី​យុទ្ធសាស្ត្រ​ជាតិ​ទាំង​មូល​នៅ​ក្នុង​វិស័យ​អ៊ីនធឺណិត​ដ៏​ទូលំទូលាយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក»។

លោក​បាន​និយាយ​ដូច្នេះ​ថា៖ «ប្រទេស​ចិន​បាន​កេង​ប្រវ័ញ្ច​លើ​តម្លា​ភាព និង​សង្គម​បើក​ចំហ​របស់​យើង។ ប្រទេស​ចិន​ក៏​សំដៅ​លើ​រដ្ឋាភិបាល និង​មន្ត្រី​អាមេរិក​ថ្នាក់​រដ្ឋ និង​ថ្នាក់​មូលដ្ឋាន​ផង​ដែរ។ ប្រទេស​ចិន​កំពុង​ព្យាយាម​កេង​ប្រវ័ញ្ច​លើ​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​រវាង​រដ្ឋាភិបាល​សហព័ន្ធ និង​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​លើ​គោល​នយោបាយ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក»។

ដោយ​ថ្លែង​ផង​ដែរ​នៅ​ក្នុង​ពិធី​ដែល​លោក Dan Coats បាន​ចូលរួម​ខាង​លើ​នេះ លោក David Bowdich អនុ​ប្រធាន​ទីភ្នាក់ងារ FBI បាន​បញ្ជាក់​ថា ប្រទេស​ចិន​គឺ​ជា​ការ​គំរាមកំហែង​ដ៏​ខ្លាំងក្លា​បំផុត​ប្រឆាំង​នឹង​ផ្នែក​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

លោក Bowdich និយាយ​ដូច្នេះ​ថា៖ «ប្រទេស​ចិន​កំពុង​ពង្រីក​ការ​ជ្រៀតជ្រែក​របស់​ខ្លួន។ នៅ​ទូទាំង​សហរដ្ឋ​អាមេរិក មាន​មនុស្ស និង​ស្ថាប័ន​ជា​ច្រើន​កំពុង​ត្រូវ​ចិន​ទាក់ទាញ»។

គេ​ក៏​ឃើញ​មាន​សញ្ញា​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ចិន​បាន​សាកល្បង​សមត្ថភាព​របស់​ខ្លួន​ដើម្បី​បញ្ជ្រាប​ចូល​ក្នុង​ប្រព័ន្ធ​បោះ​ឆ្នោត​នៃ​ប្រទេស​ផ្សេងៗ ជា​ពិសេស​គឺ​វាយ​ប្រហារ​លើ​ស្ថាប័ន​នយោបាយ អ្នក​នយោបាយ និង​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ជា​ច្រើន​ខែ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​នេះ​របស់​ប្រទេស​នេះ។

ក្រុមហ៊ុន FireEye បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ថា ការ​វាយ​ប្រហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​ឈ្មោះ​ថា TEMP.Periscope ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​មួយ​ផ្ដោត​លើ​ឧស្សាហកម្ម​ដែន​សមុទ្រ។ របាយការណ៍​របស់​ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា៖ «ករណី​នេះ​គឺ​មាន​ទាំង​ការ​សម្របសម្រួល​របស់​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​លើ​ការ​បោះ​ឆ្នោត​ផង​ដែរ»។

ក្រុមហ៊ុន FireEye នេះ​បាន​បញ្ជាក់​ទៀត​ថា គិត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ មិន​ទាន់​មាន​សញ្ញា​ណា​មួយ​បញ្ជាក់​ថា ប្រទេស​ចិន​ព្យាយាម​កេង​ប្រវ័ញ្ច​លើ​ការ​សម្របសម្រួល​ទាំង​នោះ​ដើម្បី​ជ្រៀតជ្រែក​ចូល​ក្នុង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នោះ​ទេ។

អ្នក​ជំនាញ និង​អតីត​មន្ត្រី​នានា​ជឿ​ថា ប្រទេស​ចិន​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ប្រើប្រាស់​សមត្ថភាព​តាម​អ៊ីនធឺណិត​របស់​ខ្លួន​ជា​អាវុធ​នៅ​ក្នុង​ការ​វាយ​ប្រហារ​លើ​ការ​បោះ​ឆ្នោត​សភា​ពាក់​កណ្ដាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ឡើយ​ទេ។

លោក Ned Price ដែល​ជា​អតីត​អ្នក​វិភាគ​របស់​ទីភ្នាក់ងារ CIA និង​ជា​អតីត​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​កាល​ពី​សម័យ​លោក Barack Obama ធ្វើ​ជា​ប្រធានាធិបតី បាន​ប្រាប់ VOA ថា៖ «កន្លង​មក យ៉ាង​ហោច​ណាស់ ប្រទេស​ចិន​ទំនងជា​មិន​ទាន់​សម្រេច​ចិត្ត​ផ្នែក​នយោបាយ និង​ធ្វើ​ការ​វិភាគ​ផ្នែក​នយោបាយ​ដែល​ពួកគេ​ចង់​ធ្វើ​នៅ​ក្នុង​ទិសដៅ​ដូច​ដែល​ប្រទេស​រុស្ស៊ី​បាន​ធ្វើ​នោះ​ទេ»។

កន្លង​មក គេ​ជឿ​ថា ប្រទេស​ចិន​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​លោក Barack Obama បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ និង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ប្រធានាធិបតី​របស់​លោក John McCain បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ ២០០៨។ ប៉ុន្តែ ទោះបីជា​អ្នក​លូច​ចូល​ទាំង​នោះ​បាន​លួច​ព័ត៌មាន​ជា​ច្រើន​ក៏​ដោយ ក៏​គេ​មិន​ច្បាស់​ទេ​ថា​តើ​ព័ត៌មាន​នោះ​ត្រូវ​បាន​ប្រទេស​ចិន «ប្រើ​ជា​អាវុធ» តាម​វិធី​ណា​មួយ​នោះ​ទេ។

លោក Ned Price បាន​និយាយ​ថា អ្វី​ដែល​ចិន​បាន​ធ្វើ​កន្លង​មក​ទំនង​ជា​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ «អ្វី​ដែល​យើង​រំពឹង​ថា​សត្រូវ​យុទ្ធសាស្ត្រ​ដទៃ​ទៀត​នឹង​ធ្វើ ដែល​នោះ​គឺ​ការ​ប្រមូល​ព័ត៌មាន​ដើម្បី​ប្រយោជន៍​នយោបាយ ឬ​ក៏​ប្រយោជន៍​សេដ្ឋកិច្ច»។

លោក Ned Price បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ជា​ការ​ពិត ប្រទេស​ចិន​គឺ​ជិត​ឈាន​ដល់​ដំណាក់កាល​បែប​នោះ​ហើយ។ ជា​អកុសល ខ្ញុំ​ច្បាស់​ថា ប្រទេស​ចិន​មាន​ព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​ដៃ​ដែល​ពួកគេ​អាច​ប្រើប្រាស់​បាន»។

សម្រាប់​ប្រទេស​ចិន​វិញ ប្រទេស​នេះ​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក Trump ដោយ​ហៅ​ការ​ចោទ​ប្រកាន់​នោះ​ថា​ជា «ការ​និយាយ​ឡប់ៗ» និង​បាន​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក Trump នេះ​គឺ​គ្រាន់តែ​ជា «យុទ្ធសាស្ត្រ​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត» របស់​លោក​តែ​ប៉ុណ្ណោះ។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​និយាយ​ថា៖ «ប្រទេស​ចិន​តែងតែ​គោរព​តាម​គោល​នយោបាយ​មិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។ យើង​មិន​ទទួល​យក​ការ​ចោទ​ប្រកាន់​ណា​មួយ​ប្រឆាំង​នឹង​ប្រទេស​ចិន​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ»។

ប៉ុន្តែ មន្ត្រី​ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​មន្ត្រី​យោធា​នានា​របស់​សហរដ្ឋ​អាមេរិក ធ្លាប់​បាន​អះអាង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ថា ចម្ងល់​គឺ​មិន​ស្ថិត​នៅ​ត្រង់​ថា​តើ​ប្រទេស​ចិន​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ណា​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​ស្ថិត​នៅ​លើ​ប្រភេទ​នៃ​យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចង់​ឲ្យ​កើត​ឡើង។

ពួកគេ​ក៏​ព្រួយ​បារម្ភ​ផង​ដែរ​ថា ប្រទេស​ចិន​កំពុង​រៀន​ពី​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ដោយ​ប្រើ​បញ្ចូល​គ្នា​ទាំង​មធ្យោបាយ និង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត ជាមួយ​នឹង​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ជះ​ឥទ្ធិពល​របស់​ខ្លួន។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋបាល​របស់​លោក Trump បាន​ប្រាប់​អ្នក​កាសែត​ប្រចាំ​សេតវិមាន បន្ទាប់ពី​លោក Trump បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ជា​សាធារណៈ​មក​ថា៖ «ប្រទេស​ចិន​ប្រើ​វិធី​សម្លុត​តាម​អ៊ីនធឺណិត។ ក្នុង​ករណី​ខ្លះ ប្រទេស​ចិន​ប្រើ​វិធី​គៃ​បន្លំ»។

មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា៖ «ប្រទេស​ចិន​បាន​ប្រើ​ការ​ឃោសនា និង​មធ្យោបាយ​នានា​ដែល​មើល​ទៅ​ដូចជា​វិធី​ទាក់ទង និង​ស្វែង​យល់​ជា​ធម្មតា​លើ​ព័ត៌មាន​នានា»។

មិន​មែន​មធ្យោបាយ​ទាំង​អស់​នោះ​សុទ្ធតែ​ត្រូវ​បាន​ប្រទេស​ចិន​ប្រើ​ជា​ចាំបាច់​សម្រាប់​សកម្មភាព ឬ​ក៏​យុទ្ធនាការ​ជះ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ខ្លី​នោះ​ទេ។

លោក George Barnes អនុ​ប្រធាន​ទីភ្នាក់ងារ​សន្តិសុខ​ជាតិ បាន​ព្រមាន​នៅ​ក្នុង​សន្និសីទ​មួយ​ស្ដី​ពី​សន្តិសុខ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ​ថា៖ «ប្រទេស​ចិន​លេង​ល្បែង​រយៈពេល​វែង។ ពួកគេ​មាន​ការ​ពិចារណា វិធីសាស្ត្រ និង​យុទ្ធសាស្ត្រ​ដិតដល់ ហើយ​ពួកគេ​កំពុង​ចាត់​វិធានការ​ដែល​គ្មាន​នរណា​អាច​ដឹង​អស់​រយៈពេល ២០ ឆ្នាំ​មក​ហើយ ប៉ុន្តែ​ប្រទេស​ចិន​បាន​ប្រើ​វិធី​ទាំង​នោះ ហើយ​ប្រទេស​ចិន​មាន​ការ​ម៉ឺងម៉ាត់​អំពី​រឿង​នេះ»។

នេះ​ជា​វិធីសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក និង​អ្នក​វិភាគ​មួយ​ចំនួន​ព្រមាន​ថា នៅ​ទី​បំផុត ប្រទេស​ចិន​ប្រហែល​ជា​អាច​ជះ​ឥទ្ធិពល​ខ្លាំងក្លា​ជាង​ការ​ជ្រៀតជ្រែក​ណា​មួយ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ទៅ​ទៀត។

លោក Jamie Fly អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ German Marshall Fund បាន​និយាយ​ថា៖ «ជា​ការពិត ប្រទេស​ចិន​គឺ​ជា​ការ​ប្រឈម​ដ៏​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​រយៈពេល​វែង។ ប្រទេស​ចិន​អាច​ប្រើ​មធ្យោបាយ​ទាំង​អស់​ដែល​រុស្ស៊ី​បាន​ប្រើ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ប្រើ​មធ្យោបាយ​ទាំង​នោះ​យ៉ាង​មាន​ប្រសិទ្ធភាព​ជាង​នេះ​ទៅ​ទៀត»៕ ប្រភព៖ VOA