គណៈកម្មការពានរង្វាន់ណូបែល ទើបតែបានសម្រេចប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនទៅបុគ្គល២រូប ដែលអ្នកទាំង២ សុទ្ធតែបា​នបូជាកម្លាំងកាយចិត្ត ក្នុងយុទ្ធនាការប្រយុទ្ធ​ប្រឆាំង នឹងអំពើហិង្សាផ្លូវភេទ និងការជួញដូរផ្លូវភេទទៅលើស្ត្រី។ បុគ្គលទីមួយ មាន​ឈ្មោះថា ណាដ្យ៉ា មូរ៉ាដ ជាស្ត្រីជនជាតិយ៉ាហ្ស៊ីឌី ហើយដែលធ្លាប់រងគ្រោះ ក្លាយជាទាសករ​ផ្លូវភេទ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម នៅស៊ីរី។ ចំណែកបុគ្គលទី២ គឺលោកវិជ្ជបណ្ឌិត ដេនី ម៉ាក្វេហ្គឺ។ លោកគឺជាវិជ្ជបណ្ឌិតរោគស្រ្តី នៅសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ។

Loading...

អស់រយៈពេល២០ឆ្នាំមកហើយ ដែលលោកវិជ្ជបណ្ឌិត បានព្យាយាម​​ជួយ​សង្រ្គោះ ព្យាបាល និងការពារស្ត្រីជនជាតិកុងហ្គោ ដែលរងគ្រោះ​ដោយការធ្វើទារុណកម្មផ្លូវភេទ​ មិនតិចជាង៥ម៉ឺននាក់ទេ។

ឆ្នាំនេះ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព គឺមានបេក្ខភាពច្រើនណាស់ រហូតដល់​ទៅ​៣៣១​បេក្ខភាព មានទាំងជាបុគ្គលឯកជន និងស្ថាប័នអង្គការនានា។ មានការប៉ាន់ស្មានជាច្រើន ថា មេដឹកនាំកូរ៉េទាំង២ អាចបានទទួលពានរង្វាន់ឆ្នាំនេះទៀត បន្ទាប់ពីប្រទេសទាំងពីរបានខិតខំ ចាប់ដៃគ្នា កសាងសន្តិភាពឡើងវិញ។

ក៏ប៉ុន្តែទីបំផុត លទ្ធផលដឹងហើយ គឺសមាជិកទាំង៥រូប នៃគណៈកម្មាធិការពានរង្វាន់ណូបែល បានសម្រេច ប្រគល់ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០១៨ ជូនទៅបុគ្គល២រូបព្រមគ្នា ដែលអ្នកទាំង២នេះ សុទ្ធតែបានធ្វើសកម្មភាពការងារ ដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើហិង្សាផ្លូវភេទ លើស្ត្រី។

បុគ្គលទីមួយ គឺជាអតីតជនរងគ្រោះ នៃអំពើហិង្សាផ្លូវភេទនេះផ្ទាល់តែម្តង ដែលនាងមានឈ្មោះថា ណាដ្យ៉ា មូរ៉ាដ ដែលធ្លាប់ត្រូវបានក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ចាប់យកទៅធ្វើជាទាសករផ្លូវភេទ។ ហើយចំណែកបុគ្គលទី២ គឺលោក ដេនី ម៉ាក្វេហ្គឺ ដែលលោកជាវិជ្ជបណ្ឌិតរោគស្ត្រី ហើយដែលបានលះបង់បូជាកម្លាំង អស់រយៈពេល២០ឆ្នាំមកហើយ ដើម្បីព្យាបាល និងការពារស្ត្រីជនជាតិកុងហ្គោ ដែលបានរងទារុណកម្ម និងអំពើហិង្សាផ្លូវភេទ។

ណាដ្យ៉ា មូរ៉ា ទាសករផ្លូវភេទ របស់ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម

នាង ណាដ្យ៉ា មូរ៉ា មានអាយុ២៥ឆ្នាំ នាងគឺជាជនជាតិ យ៉ាហ្ស៊ីឌី ដែលជាសហគមន៍ជនជាតិភាគតិចមួយ រស់នៅភាគពាយ័ព្យអ៊ីរ៉ាក់ក្បែរព្រំដែនស៊ីរី និងតួកគី។ កាលពីខែសីហា ឆ្នាំ២០១៤ នៅពេលដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម បានវាយដណ្តើមបានភូមិ កូឆូ ក្បែរតំបន់ភ្នំស៊ីនចា ដែលជាភូមិនាងរស់នៅ ក្រុមគ្រួសារនាងប្រមាណ១៨នាក់ ក៏ដូចជាមនុស្សរាប់បាន់នាក់ទៀតក្នុងភូមិ ត្រូវបានក្រុមជីហាតសម្លាប់ចោល។ ចំណែករូបនាង ព្រមទាំងស្ត្រីវ័យក្មេងៗឯទៀត ត្រូវបានក្រុមជីហាត កេណ្ឌយកទៅតំបន់មូស៊ូល ដែលជាទីតាំងធំរបស់ពួក ដើម្បីយកទៅចែកចាយឲ្យពួកជីហាត ធ្វើជាទាសករផ្លូវភេទ។

នៅម៉ូស៊ូល នាងត្រូវបានក្រុមជីហាត លក់បន្តឲ្យគ្នាវា ពីមួយទៅមួយ។ ៣ខែក្រោយមក នាងបានរត់គេចខ្លួន បានសម្រេច ដោយមានជំនួយពីក្រុមគ្រួសារមួយ។ បន្ទាប់មកនាងបានរត់ភៀសខ្លួន មកដល់អឺរ៉ុប ដោយបានទទួលសិទ្ធិជ្រកកោណនៅអាល្លឺម៉ង់។ ក្រោមមកដល់អឺរ៉ុប នាងបានផ្តល់បទសម្ភាសន៍ តាមបណ្តាញទូរទស្សន៍ និងបណ្តាញព័ត៌មានជាច្រើន ស្តីពីសកម្មភាពព្រៃផ្សៃ ដែលពួកជីហាតអង្គការរដ្ឋអ៊ីស្លាម បានធ្វើទៅលើរូបនាង ក៏ដូចជាស្ត្រីក្មេងៗ ដែលពួកវាចាប់យកទៅធ្វើជាទាសករផ្លូវភេទ។

ទារុណកម្មលើរាងកាយ ការរំលោភសេពសន្ទវៈ ជារៀងរាល់ថ្ងៃ បានបំផ្លាញកិត្តិយស និងភាពជាមនុស្សរបស់ស្ត្រីរងគ្រោះទាំងនោះ ដែលក្នុងនោះមានរូបនាងផ្ទាល់។ ពេលមកដល់អាល្លឺម៉ង់ នាងបានធ្វើសកម្មភាព​ជាច្រើន ដើម្បីអំពាវនាវ ឲ្យមានការទទួលស្គាល់ អំពីអំពើប្រល័យពូជសាសន៍ ប្រព្រឹត្តិដោយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម ទៅលើជនជាតិយ៉ាហ្សីឌី ប្រមាណ១២០០០នាក់។

នៅខែធ្នូ ឆ្នាំ២០១៥ នាងត្រូវបានអង្គការសហប្រជាជាតិ អញ្ជើញឲ្យទៅថ្លែងសន្ទរកថា នៅអង្គមហាសន្និបាទ ដែលក្នុងពេលនោះ លោក បាន គីមូន បានទាំងសារភាពថា លោកបានស្រក់ទឹកភ្នែក នៅពេលបានស្តាប់ប្រវតិ្តរឿងរ៉ា​វ ព្រមទាំងបានឃើញអំពីការតាំងចិត្តមុតមាំ របស់នាង ក្នុងការស្វែងរកយុត្តិធម៌ ឲ្យដល់ស្ត្រីរងគ្រោះ ដោយអំពើហិង្សាផ្លូវភេទ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ អង្គការសហប្រជាជាតិ បានតែងតាំងនាង ឲ្យក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆ័ន្ទៈ ក្នុងនាមសកម្មភាពការងារ លើកកំពស់សិទ្ធិស្ត្រី និងប្រយុទ្ធប្រឆាំង រាល់ទំរង់អំពើហិង្សាធ្វើទៅលើស្ត្រីភេទ។ នៅចំពោះមុខអង្គការសហប្រជាជាតិ នាង ណាដ្យ៉ា មូរ៉ាដ បានអំពាវនាវ ឲ្យបង្កើតតុលាការពិសេសមួយ ដើម្បីកាត់ទោសក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមទៀតផង។ នៅក្នុងឆ្នាំ២០១៦ដដែល នាងបានទទួលពានរង្វាន់ធំ២ផ្សេងគ្នា គឺទីមួយពានរង្វាន់ Vaclav Havel របស់ក្រុមប្រឹក្សាអឺរ៉ុប និងពានរង្វាន់Sakharov ប្រគល់ជូនដោយសភាអឺរ៉ុប។ ពានរង្វាន់ទាំងនេះ គឺជាការលើកទឹកចិត្ត និងគាំទ្រ ដល់សកម្មភាពតស៊ូរបស់នាង ដើម្បីបុព្វហេតុស្ត្រី។

លោកដេនី ម៉ាក្វេហ្គឺ គ្រូពេទ្យទេវតា ជួយស្ត្រីរងគ្រោះដោយទារុណកម្មផ្លូវភេទ

តាមពិតទៅ លោក ដេនី ម៉ាក្វេហ្គឺ ធ្លាប់ត្រូវបានគេស្នើ ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពនេះ ច្រើនដងមកហើយ។ សកម្មភាពការងារ ការតស៊ូដើម្បីបុព្វហេតុស្ត្រី របស់លោកវិជ្ជបណ្ឌិតរូបនេះ គឺបានចាប់ផ្តើមនៅឆ្នាំ១៩៩៩ នៅពេលដែលលោកបាន ស្ថាបនានិងដឹកនាំមន្ទីរពេទ្យមួយឈ្មោះ Panza ក្នុងតំបន់Bukavu ភាគខាងកើតសាធារណរដ្ឋ​ប្រជាធិបតេយ្យកុងហ្គោ។

លោក ដេនី ម៉ាក្វេហ្គឺ បច្ចុប្បន្នដែលមានវ័យ៦៣ឆ្នាំ បានរៀនមុខវិជ្ជាពេទ្យ ជំនាញរោគស្ត្រីនេះ នៅ ប្រទេសបារាំង។ លោកបាននិយាយថា នៅបារាំង លោកមិនដែលឃើញស្ត្រីបានស្លាប់ ក្នុងពេលសម្រាលកូនទេ តែនៅក្នុងប្រទេសលោកវិញ គឺស្ត្រីច្រើនណាស់ ដែលប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតនៅពេលសម្រាលកូន។ ហេតុដូច្នេះហើយ បានជាលោកសម្រេចចិត្តត្រលប់ទៅខេត្តKivu ដែលស្រុកកំណើតលោក ដើម្បីជួយស្ត្រីនៅទីនោះ។ តំបូងឡើយ លោកថា លោកគ្រាន់តែចង់ព្យាបាលសុខភាពស្ត្រី និងធ្វើជាឆ្មបសម្រាលកូនតែប៉ុណ្ណោះ តែអ្នកជំងឺដំបូងរបស់លោក បានធ្វើឲ្យលោកភ្ញាក់ព្រើត ដោយអ្នកជំងឺនោះ មានស្លាកស្នាមរបួសនៅលើប្រដាប់ភេទយ៉ាងធ្ងន់ធ្ងរ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមទារុណកម្មផ្សេងៗ ពាសពេញខ្លួន។

មិនដល់ប៉ុន្មានខែក្រោយផង លោកបានសង្កេតឃើញករណីស្រដៀងគ្នានេះ លើអ្នកជំងឺជាស្ត្រី៤៥ឆ្នាំនាក់ផ្សេងទៀត។ នេះហើយ ដែលជាចំណុចចាប់ផ្តើម នៃយុទ្ធនាការតស៊ូរបស់គាត់ ដើម្បីការពារសង្រ្គោះ ជួយដល់ស្ត្រីដែលរងទារុណកម្មផ្លូវភេទ។ បើគិតមកត្រឹមពេលនេះ មានស្ត្រីមិនតិចជាង៥ម៉ឺននាក់ទេ ដែលលោកបានជួយសង្រ្គោះ។ លោកបានលើកឡើងថា ប្រទេសកុងហ្គោ មានសង្រ្គាមរ៉ាំរ៉ៃ ជាប្រចាំ។ ស្ត្រី​​បានក្លាយជាជនរងគ្រោះ ព្រោះពួកកម្លាំងប្រដាប់អាវុធ ដែលវាយប្រយុទ្ធគ្នា បានយកស្រ្តីធ្វើជាអាវុធ ដើម្បីធ្វើសង្រ្គាម វាយប្រហារភាគីម្ខាងទៀត។ ការកេណ្ឌយកស្ត្រី យកធ្វើជាទាសករផ្លូវភេទ បានក្លាយទៅជារឿងសាមញ្ញ សម្រាប់ក្រុមឧទ្ទាមទ័ពព្រៃទាំងនោះ។

ហេតុដូច្នេះហើយ បានជាលោក បានធ្វើសកម្មភាពជាច្រើន ជាមួយអង្គការអន្តរជាតិផ្សេងៗ ដើម្បីបំផុសបំផុល ឲ្យមតិសាធារណៈ និងមតិអន្តរជាតិ បានដឹង និងចូលរួមជួយឈឺឆ្អាល ដល់ស្ត្រីដែលរងគ្រោះ។ យុទ្ធនាការ ផ្សព្វផ្សាយនិង អំពាវនាវស្វែងរកយុត្តិធម៌ បានធ្វើឲ្យលោក ត្រូវបានគេប៉ុនប៉ងធ្វើឃាតុជាច្រើនលើក ផងដែរ។

នៅឆ្នាំ២០១៣ លោកបានទទួលពានរង្វាន់របស់ មូលនិធិChirac ក្នុងនាមការងារ ការ​បូជាកម្លាំងកាយចិត្តរបស់លោក ដើម្បីជួយស្ត្រីដែលរងគ្រោះដោយអំពើហិង្សាផ្លូវភេទ។ ហើយនៅឆ្នាំ២០១៤ លោកក៏ត្រូវបានសភាអឺរ៉ុប ប្រគល់ពានរង្វាន់ Sakharov ជូនដែរ ដើម្បីជាការតបស្នងដល់ស្នាដៃ និងការតស៊ូរបស់លោក ដើម្បីបុព្វហេតុស្ត្រីនេះ។

ដរាបណាស្ត្រីនៅតែរងអំពើហិង្សា ពិភពលោកនៅតែគ្មានសន្តិភាព

តាមរយៈការប្រគល់ពានរង្វាន់ណូបែលសន្តិភាព ជូនទៅបុគ្គលទាំង២រូបនេះ គឺគណៈកម្មាធិការពានរង្វាន់ណូបែល មានបំណងលើកឡើង អំពីបញ្ហាហិង្សាផ្លូវភេទធ្វើទៅលើស្ត្រី ជាពិសេសនៅតាមតំបន់ដែលមានសង្រ្គាម។ សុខមាលភាព សិទ្ធិស្ត្រី និងសន្តិភាព គឺមិនអាចផ្តាច់ចេញពីគ្នាបានទេ។

លោកស្រី Berit Reiss-Andersen ប្រធានគណៈកម្មាធិការពានរង្វាន់ណូបែល បានមានប្រសាសន៍ នៅក្នុងពេលប្រកាសលទ្ធផលថា ពិភពលោកយើងនឹងគ្មានសន្តិភាពទេ ដរាបណា​ស្ត្រី នៅតែរស់នៅក្នុងភាពភ័យខ្លាច និងអសន្តិសុខ។ សិទ្ធិជាមូលដ្ឋានរបស់ស្ត្រី ត្រូវតែទទួលបានការការពារ ទោះបីជាស្ថិតក្នុងកាលៈទេសៈសង្រ្គាមក៏ដោយ។ លោកស្រី​បានបន្ថែមថា លោក ដេនី ម៉ាក្វេហ្គឺ និងនាង ណាដ្យ៉ា មូរ៉ាដ គឺជាគំរូវីៈភាព ភាពក្លាហាន និងការតស៊ូមានៈ ដើម្បីបុព្វហេតុសិទ្ធិស្ត្រី នៅទូទាំងពិភពលោក។

គួរកត់សំគាល់ដែរ ថា​ការប្រគល់ពានរង្វាន់ណូបែលសន្តិភាព ក្នុងបុព្វហេតុនេះ បានស្តែងឲ្យឃើញថា មកដល់សតវត្សទី២១នេះ បញ្ហាសិទ្ធិស្ត្រី អំពើហិង្សាលើស្ត្រី នៅតែចោទឡើង ហើយមិនមែនតែក្នុងកាលៈទេសៈសង្រ្គាមប៉ុណ្ណោះទេ។ ទោះក្នុងកាលៈទេសៈផ្សេង ក្នុងប្រទេសជឿនលឿន មានសន្តិភាពក៏ដោយ តែអំពើហិង្សា ការរើសអើងផ្លូវភេទ ការ​កេង​ប្រវ័ញ្ចផ្លូវភេទលើស្ត្រី នៅតែជាដំបៅសង្គមធ្ងន់ធ្ងរ។

ជាក់ស្តែង ដូចជារឿងអាស្រូវផ្លូវភេទ របស់ផលិតករភាពយន្តដ៏ធំនៅហូលីវូដ ឈ្មោះ​Harvey Weinstein ជាដើម។ រឿង​អាស្រូវនេះ បានបើកផ្លូវ ឲ្យស្ត្រីមួយចំនួនដាច់ចិត្តចេញ​មក​និយាយ ពីបទពិសោធន៍រងគ្រោះរបស់ខ្លួន។ ដូច្នេះយើងគ្រប់គ្នាក្នុងសង្គម ក៏ដូចគ្នាដែរ គឺត្រូវហ៊ាននិយាយ ហ៊ានបរិហា អំពីសកម្មភាព​​ហិង្សាទាំងឡាយ ដែលធ្វើទៅលើស្ត្រី ទើបអាចទប់ស្កាត់បញ្ហានេះទៅថ្ងៃមុខបាន។ សង្គមមាន​សន្តិភាពពិតប្រាដក គឺសង្គមដែល​គ្មាន​អំពើហិង្សា ទោះក្នុងរូបភាពណាក៏ដោយ៕ ប្រភព៖ RFI