លោក​​នាយក​​រដ្ឋ​មន្ត្រី ​​ហ៊ុន ​សែន ​​បាន​​អះអាង​​ប្រាប់​​ទី​ភ្នាក់ងារ​​សារព័ត៌មាន​​ជប៉ុន​​​ ក្យូ​ដូ ​​កាល​ពី​​​ថ្ងៃ​​សៅ​រិ៍​​ថា ​​លោក ​​ហ៊ុន ម៉ា​ណែ​ត​ ​កូន​ប្រុស​​ច្បង​​របស់​​លោក​​ អាច​​ក្លាយ​​ជា​​មេ​​ដឹកនាំ​​របស់​ប្រទេស​​កម្ពុជា​​នៅ​​ថ្ងៃ​​អនាគត​​។ ​​នេះ​​គឺ​​ជា​​ការ​​ទម្លាយ​​ជា​​សាធារណៈ​​ជា​លើក​​ដំបូង ​​របស់​លោក​​នាយក​រ​ដ្ឋមន្ត្រី ​​ហ៊ុន សែន ​ទាក់ទង​​នឹង​​អនាគត​​មេ​​ដឹកនាំ​​កម្ពុជា​​។ ​

Loading...

តាមរយៈ​ទី​ភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ​Kyodo​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​អះអាង​ថា ​កូនប្រុស​ច្បង​របស់​លោក ​គឺ​លោក​ឧត្ដមសេនីយ៍ឯក ​ហ៊ុន ម៉ា​ណែ​ត ​អាច​នឹង​ក្លាយ​ជា​មេ​ដឹកនាំ​របស់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អនាគត​។ ​ប៉ុន្តែ​លោក​មិន​ប្រាកដ​ថា ​នៅពេល​ណា ​នោះ​ទេ​។

នៅ​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​រយៈពេល​ប្រាំ​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ ជប៉ុន​-​មេគង្គ ​លើក​ទី​១០ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​លើកឡើង​ថា ​លោក​បាន​ចាត់ទុក ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ​ហ៊ុន ម៉ា​ណែ​ត ​ថា​អាច​ជា​មេ​ដឹកនាំ​មួយ​រូប​ទៅ​ថ្ងៃ​អនាគត ​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។ ​​តែ​លោក​បាន​ទទួល​ស្គាល់​ដែរ​ថា​« ទោះបីជា​លោក ​ហ៊ុន ម៉ា​ណែ​ត ​មាន​សមត្ថភាព​ដល់​ក​ម្រិ​ត​ណា​ក៏ដោយ ​នៅពេល​ដែល​ពេលវេលា​មកដល់ ​មាន​តែ​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ​ដែល​អាច​សម្រេច​ថា ​តើ​អ្នក​ណា​នឹង​ក្លាយ​ជា​មេដឹកនាំ​ថ្មី​របស់​កម្ពុជា​»​។ ​

នេះ​គឺ​ជា​ការ​ទម្លាយ​ជា​សាធារណៈ​ជា​លើកដំបូង​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ទាក់ទង​នឹង​អនាគត​មេ​ដឹកនាំ​កម្ពុជា​ នៅ​ថ្ងៃ​អនាគត​។ ​តែ​ទោះបី​ជា​លោក​ បាន​បង្ហើប​បែប​នេះ​ក្តី ​លោក​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​៣៣​ឆ្នាំ​នៅ​កម្ពុជា ​បាន​ប្រកាស​ម្តង​ហើយ ​ម្តង​ទៀត​ថា ​លោក​នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​រយៈពេល​១០​ឆ្នាំ​ទៀត​។

គួរ​ជំរាប​ជូន​ថា ​លោក​ឧត្ដមសេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត្យ​សភា​យោធា​សហរដ្ឋ​អាមេរិក ​West Points ​បាន​បង្ហាញ​នូវ​ការ​ប្រុងប្រយ័ត្ន ​ដោយ​មិន​ផ្ដល់​ចម្លើយ​ចំ​ៗ​ទេ​ទាក់ទង​នឹង​សំណួរ​ថា ​តើ​លោក​ចង់ ​ឬ​មិន​ចង់ ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឪពុក​របស់​លោក ​នៅពេល​ផ្តល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​អូស្ត្រាលី ​ABC ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​។​

កាលពី​ខែ​កញ្ញា​កន្លង​ទៅ ​លោក​ឧត្ដមសេនីយ៍​ឯក ​ហ៊ុន ម៉ា​ណែ​ត ​ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា ​ត្រាស់​បង្គាប់​តែង​តាំង​ជា​មេ​បញ្ជាការ​កងទ័ព​ជើងគោក ​នៃ​កង​យោធពល​ខេមរភូមិន្ទ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ​មាស សុភា ​ដែល​ត្រូវ​ទៅ​ទទួល​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោក ​ហ៊ុន សែន ​នៅក្នុង​អាណត្តិ​ទី​៦​នេះ​។

សូម​បញ្ជាក់​ជូន​ថា ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន កំពុង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​មួយ​ក្រុម​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូល ​ជប៉ុន-​មេគង្គ ​លើក​ទី​១០ ​ចាប់​ពី​ថ្ងៃ​ទី ​៦ ​ដល់​ថ្ងៃ​ទី ​១០ ​ខែ​តុលា​៕ ប្រភព៖ RFI