ភ្នំពេញ —នៅ​ក្នុង​អ្វី​ដែល​អាច​ជា​ការ​បង្ហាញ​ជា​សាធារណៈ​ជា​លើក​ដំបូង ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ថ្លែង​ប្រាប់​កាសែត​ជប៉ុន​នៅ​ក្នុង​សប្ដាហ៍​កន្លង​ទៅ​ថា ​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក​ឧត្ដម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែត​ មាន​លទ្ធភាព​ក្លាយ​ជា​មេ​ដឹកនាំ​ប្រទេស​ទៅ​ថ្ងៃ​អនាគត។​

ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ Kyodo ​បាន​ធ្វើ​បទ​សម្ភាស​ជា​លាយ​លក្ខណ៍​អក្សរ​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ​អំឡុង​ពេល​លោក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ជប៉ុន-មេគង្គ​ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា៖​

«លោក ហ៊ុន សែន ​ដែល​កាន់​អំណាច​រយៈ​ពេល​៣៣ឆ្នាំ​មក​ហើយ ​បាន​និយាយ​ដែរ​ថា ​លោក​បាន​ចាត់​ទុក​កូន​ប្រុស​ច្បង​របស់​លោក ​គឺ​លោក ​ហ៊ុន​ ម៉ាណែត ​ថាអាច​ជា​មេដឹកនាំ​មួយ​រូប​ទៅ​ថ្ងៃ​អនាគត​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ»។​

លោក​នាយក​រដ្ឋ​មន្ត្រី ទើប​បាន​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​ជ័យ​ជម្នះ​លើ​ការ​បោះ​ឆ្នោត​ជាតិកាល​ពី​ខែ​ កក្កដា ​ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​គ្រប់​គ្រង​អាសនៈ​ទាំង​អស់​១២៥​នៅ​រដ្ឋ​សភា​ក្រោម​សន្ធឹក​រិះគន់ ​ថា​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិបទ​នៃ​ការ​ដេញ​ចាប់​ចង​អ្នក​ជំទាស់។​

អំឡុង​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​គូ​ប្រជែង​ស្មើ​គីឡូ​តែ​មួយ​គត់នឹង​គណបក្ស​ប្រជាជន ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ ​វិច្ឆិកា ​ឆ្នាំ​ទៅ​មិញ ​គេ​បាន​ឮ​លោក ​ហ៊ុន​ សែន ​ទន្ទេញ​ជាប់​មាត់​ថា​លោក​នឹង​បន្ត​កាន់​អំណាច​រយៈពេល​យ៉ាង​ហោច​ណាស់​១០ឆ្នាំ​ទៀត។​

សារ​ព័ត៌មាន​ដដែល​របស់​ជប៉ុន​បាន​ចុះ​ផ្សាយ​បន្ត ​ដោយ​ស្រង់​សម្ដី​លោក ​ហ៊ុន ​សែន ​ទៀត​ថា៖​

«យ៉ាង​ណា​ក្ដី ​លោក [ហ៊ុន​ សែន] ​បាន​ទទួល​ស្គាល់​ថា ​មិន​ថា ​លោក​…​ឧត្ដម​សេនីយ៍ ​ហ៊ុន ​ម៉ាណែត ​មាន​សមត្ថភាព​ដល់​កម្រិត​ណា​ក៏​ដោយ ​នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់ ​មាន​តែ​អំណាច​ប្រជាជន​នៅ​ទូទាំងប្រទេស​ទេ ​ដែល​អាច​សម្រេច​ថា​អ្នកណា​នឹង​ក្លាយ​ជា​មេដឹកនាំ​ថ្មី​របស់​ពួក​គេ»។​

កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ លោក​ ហ៊ុន​ ម៉ាណែត ​ដែល​គ្មាន​តួនាទី​នយោបាយ​ផ្លូវ​ការ ​ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ​ព្រះបាទ ​នរោត្តម​ សីហមុនី ​ត្រាស់​បង្គាប់​តែង​តាំង​ជា ​មេ​បញ្ជាការ​កងទ័ព​ជើង​គោក ​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ ​ជំនួស​នាយ​ឧត្តមសេនីយ៍ ​មាស ​សុភា ​អតីត​មេបញ្ជាការ​ចាស់​វស្សា ​ដែល​ត្រូវ​ទៅ​ទទួល​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​នៅ​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​របស់​លោក ​ហ៊ុន ​សែន។​

លោក ​ទៀ ​បាញ់ ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ ​ធ្លាប់​បាន​ថ្លែង​ប្រាប់​សាធារណ​ជន​ថា ​មិន​យូរ​មិន​ឆាប់ ​លោក ​ហ៊ុន ​ម៉ាណែត ​មុខ​ជា​នឹង​ត្រូវ​បាន​ដំឡើង​ឋានន្តរ​ស័ក្ដិ​ជា ​«នាយ​ឧត្ដម​សេនីយ៍ ​ផ្កាយ​មាស​បួន»​ ជាក់​ជា​មិន​ខាន។​

លោក​ ហ៊ុន ​ម៉ាណែត ជា​កូន​ប្រុស​ច្បង​របស់​លោក ​ហ៊ុន ​សែន​ នៅ​ក្នុង​ចំណោម​បង​ប្អូន​ប្រុស​បី​នាក់ ​ដែល​ត្រូវ​បាន​អ្នក​តាម​ដាន​ប្រមើ​មើល​ទុក​ពី​នាយ​ថា​អាច​នឹង​ស្នង​តំណែង​កំពូល​របស់​ឪពុក​ពួក​គេ។​

លោក​ ហ៊ុន ​ម៉ានិត ​កូន​ប្រុស​ទី​ពីរ ​បច្ចុប្បន្ន​ជា​អគ្គ​នាយក​ចារកម្ម​យោធា ​នៅ​ក្រសួង​ការពារ​ជាតិ ​ខណៈ​ដែល​លោក ​ហ៊ុន ​ម៉ានី ​កូន​ប្រុស​ពៅ ​កំពុង​បំពេញ​តួនា​ទី​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​អប់រំ​និង​វប្បធម៌នៅ​រដ្ឋ​សភា ​ក្នុង​នាម​ដំណាង​រាស្ត្រ​មណ្ឌល​កំពង់​ស្ពឺ ​និង​ជា​អ្នក​ដឹក​នាំ​ចលនា​យុវជន​ធំ​បង្អស់​មួយ​របស់​ប្រទេស។​

នៅ​ពេល​ត្រូវ​បាន​សួរ​ថា​លោក​មាន​គោល​បំណង​ស្នង​តំណែង​ពី​លោក ​ហ៊ុន ​សែន ​ជា​ឪពុក​ឬ​ទេ ​លោក ​ហ៊ុន ​ម៉ានី ធ្លាប់​បាន​ប្រាប់​វិទ្យុ​ក្នុង​ស្រុក​មួយ​កាល​ពី​ចុង​ឆ្នាំ​២០១៥​ថា ​ការ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​របស់​ប្រទេស​ជា​សេចក្ដី​ប្រាថ្នា​របស់​យុវជន​គ្រប់​រូប។​

រូបឯកសារ៖ ពី​ឆ្វេង​ទៅ​ស្តាំ លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​កាន់​តំណែង​ជា​មេ​បញ្ជាការ​កងទ័ព​ជើង​គោក​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​ពៅ ដែល​កាន់​តំណែង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​អប់រំ​និង​វប្បធម៌នៅ​រដ្ឋ​សភា និង​លោក ហ៊ុន ម៉ានិត ​ជា​កូន​ប្រុស​ទី​ពីរ​ ដែល​កាន់​តំណែង​ជា​អគ្គ​នាយក​ចារកម្ម​យោធា​នៅ​ក្រសួង​ការពារ​ជាតិ។

ដោយ​ឡែក ​ឧត្ដម​សេនីយ៍​ឯក ​ហ៊ុន ​ម៉ាណែត ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត្យ​សភា​យោធា​សហរដ្ឋ​អាមេរិក​ West​ Points ​បាន​បង្ហាញ​នូវ​ការ​ប្រុង​ប្រយ័ត្ន​ ដោយ​មិនផ្ដល់ចម្លើយ​ចំៗ​ទេ​ថា​លោក​ចង់ ​ឬ​មិន​ចង់ ​ស្នង​តំណែង​ជា​នាយករដ្ឋមន្រ្តី​ពី​ឪពុក​របស់​លោក ​នៅ​ពេល​ត្រូវ​បាន ​អ្នក​សារ​ព័ត៌មាន​នៃ​បណ្ដាញ​ទូរទស្សន៍ ​ABC ​អូស្ត្រាលី ​ជជីក​សួរ​កាល​ពី​ឆ្នាំ​២០១៥។​

អំឡុង​ពេល​អម​ដំណើរ​លោក ​ហ៊ុន ​សែន ​ទៅ​ចូល​រួម​មហា​សន្និបាតប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ កាល​ពី​ចុង​ខែ​មុន ​លោក ​ហ៊ុន ​ម៉ាណែត ​បាន​រង​ការ​ចោទ​ប្រកាន់​តាម​រយៈ​ការ​ទម្លាយ​ដោយ​អនាមិក​នូវ​សារ​ឆ្លើយ​ឆ្លង​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម ​ដែល​អ្នក​ទម្លាយ​ទំនង​ជា​ចង់​បង្ហាញ​អំពី​ទំនាក់​ទំនង​ស្នេហា​ក្រៅ​ចំណង​មង្គលការ​របស់​លោក​ជាមួយ​នឹង​ពិធីការនី​ទូរ​ទស្សន៍​មួយ​រូបគឺ​នាង​ យ៉ុង ខេមរា ​ដែល​មាន​តួនាទី​ក្នុង​ជួរ​កង​ទ័ព។ ​ទាំង​លោក ​ហ៊ុន ​ម៉ាណែត ​និង​ពិធីការិនី​ខាង​លើ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​ ថា​ជា​រឿង​មិន​ពិត។​

ការ​ឡើង​តំណែង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក ​បាន​នាំ​ឱ្យ​លោក ​ហ៊ុន ​ម៉ាណែត ​ទទួល​បាន​បន្ថែម​នូវ​ការ​គ្រប់​គ្រង​ដោយ​ឡែក​ទៅ​លើ​បណ្ដា​កង​ពល​យុទ្ធសាស្ត្រ​សន្តិសុខ​សំខាន់ៗ​ចំនួន៥ ​ដែល​ពី​មុន​ធ្លាប់​ស្ថិត​នៅ​ក្រោម​បញ្ជា​ផ្ទាល់​របស់​អគ្គ​បញ្ជាការដ្ឋាន​កង​យោធ​ពល​ខេមរភូមិន្ទ។​

លោក ​ផៃ ​ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​និយាយ​ថា ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ផ្អែក​ទៅ​លើ​ការ​ពិសោធនិង​ការ​អង្កេត​ផ្ទាល់​ខ្លួន​ទៅ​លើ​គុណ​ភាព​ការងារ​នៃ​កូន​ប្រុស​ច្បង​របស់​លោក ​ដែល​លោក​បាន​បន្ថែម​ថា​វា​នឹង​ពឹង​ផ្អែក​លើ​សេរីភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្នុង​ការ​សម្រេច​ជ្រើស​រើស​បេក្ខភាព​មេ​ដឹកនាំ​បន្ទាប់​របស់​បក្ស​និង​ជាតិ ​ក្រោម​អ្វី​ដែល​លោក​ហៅ​ថា​«ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស»។​

លោក ផៃ ស៊ី​ផាន​ បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖

«ក៏​ប៉ុន្តែ​ដាច់​ដោយ​ឡែក ​យើង​ឃើញ​ឯក​ឧត្ដម ​ហ៊ុន​ ម៉ាណែត ​មាន​អ្វី​ដែល​គេ​ហៅ​ថា ​វិជ្ជាជីវៈ ​ជា​នាយ​ទាហាន​ដែល​បាន​ហ្វឹក​ហ្វឺន​ពី​សហរដ្ឋ​អាមេរិក ​មាន​ការ​ទទួល​វប្បធម៌​ពី​ខាង​លិច​… ​ជាមួយ​ហ្នឹង​ លោក​ក៏​បាន​ចំណាយ​ពេល​ច្រើនជាមួយ​នឹង​ការងារ​ជាតិ ​ការពារ​ប្រទេស​ជាតិ»។​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ក៏​បាន​បញ្ជាក់​ដែរ​ថា ​ការ​បង្ហើប​របស់​លោក​នាយក​រដ្ឋមន្ត្រី ​មិន​មែន​ជា​ការ​បង្ហាញ​អំពីការ​រៀប​ចំ​ផ្ទេរ​អំណាច​ផ្ដាច់​មុខ​ណាមួយ​ទៅ​ឱ្យ​កូន​ចៅ ​បន្ត​វង្ស​ត្រកូល​នោះ​ទេ ​ដ្បិត​អី​លោក​ថា ​របប​សេរី​ពហុ​បក្ស​របស់​ជាតិ​និង​បក្ស​នឹង​បន្ត​បើក​ឱ្យ​មាន​ការ​ពិចារណា​ជា​បន្ត​ទៅ​លើ​បេក្ខភាព​មេដឹកនាំ​បន្ត​វេន។​

«ចំពោះ​គណបក្ស​ប្រជាជន ​យើង​មាន​របៀប​របប​ការងារ​ក្នុង​ការ​វាយ​តម្លៃ​បេក្ខជន​ណាមួយ​ឱ្យ​ក្លាយ​ទៅ​ជា​ឥស្សរជននៅ​ក្នុង​ការងារ​របស់​រដ្ឋ ​រាប់​ទាំង​រដ្ឋ​មន្ត្រី​រហូត​ទៅ​ដល់​នាយក​រដ្ឋ​មន្ត្រី។ ​ដូច្នេះ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​តាម​រយៈលទ្ធិ​ប្រជាធិបតេយ្យ មាន​ការ​ព្រមព្រៀង​នៃ​ការ​បោះ​ឆ្នោត ​ផ្ដល់​នូវ​លទ្ធភាព​ដល់​បេក្ខជន​ណា​មួយ ​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី ​ក្នុង​ការ​ប្រកួត​ប្រជែង​តាមរយៈ​ការ​បោះ​ឆ្នោត​សកល​នោះ​ឯង»។​

សម្រាប់​អ្នក​អត្ថាធិប្បាយ​នយោបាយ ​កញ្ញា ​លី ​ស្រីស្រស់ ​ការ​បង្ហើប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​អំពី​បេក្ខភាព​មេដឹកនាំ​ទៅ​ថ្ងៃ​អនាគត ​មិន​មែន​ជា​រឿង​ចម្លែក ​ឬ​ជា​រឿង​ភ្ញាក់​ផ្អើល​អ្វី​ពេក​នោះ​ទេ ​ដោយ​ថា​ការ​បង្ហើប​របស់​លោក ​ហ៊ុន ​សែន ​នៅ​មាន​លក្ខណៈ​ទូលាយ ​ដោយ​មិន​បញ្ជាក់​ថា​«មេ​ដឹក​នាំ​មួយ​រូប»​ចង់​សំដៅ​ទៅ​លើ​តំណែង​«នាយក​រដ្ឋ​មន្ត្រី»​ឬ​យ៉ាងណា។​

«ខ្ញុំ​ឃើញ​ថា ​វា​អត់​មាន​អ្វី​ដែល​លក្ខណៈ​ថា​ជា​ការ​ចម្លែក​ទេ ​ពី​ព្រោះ​ថា​ អំណាច​នៅ​ក្នុង​ថ្ងៃ​អនាគត​របស់​ប្រទេស​កម្ពុជាហ្នឹង​ លោក​នាយក​រដ្ឋ​មន្ត្រី​របស់​យើង​ហ្នឹង ​អាច​ផ្ទេរ​ទៅ​កាន់​កូន​គាត់​ ឬ​ក៏​អ្នក​ណា​ដែល​ជា​សាច់ឈាម​ស្និទ្ធ​របស់​គាត់អ៊ីចឹង​ទៅ»។ ​

តែ​កញ្ញា ​លី​ ស្រីស្រស់​ ថា​ បេក្ខភាព​របស់​លោក​ ហ៊ុន​ ម៉ាណែ​ត ​មាន​លទ្ធ​ភាព​នៅ​ជួរ​មុខ​គេ ​ដោយ​សារ​តែ​ការ​កាន់​តួនាទី​សំខាន់​របស់​លោក ​ក្នុង​ជួរ​យោធា​កម្ពុជា ​ហើយ​កញ្ញា​បន្ថែម​ថា ​បើ​លោក​ទៅគ្រប់​គ្រង​ប្រទេស​នា​ថ្ងៃ​អនាគត ​នឹង​នាំ​ឱ្យមាន​សេណារីយោ​មួយ​ដែល​យោធា​មាន​តួនាទី​កាន់​តែ​សំខាន់​ជាង​មុន​ក្នុង​កិច្ចការ​អភិបាល​កិច្ច​ប្រទេស៕ ប្រភព៖ VOA