ភ្នំពេញ —អង្គការកម្មវិធី​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ ​UNDP​ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ​ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ ​បាន​សម្ដែង​ការ​ ​«សុំទោស»​ ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ ​ជុំវិញ​ការ​ចេញ​ផ្សាយ​នូវ​ស្ថិតិ​នៃ​អ្នក​ក្រីក្រ​នៅ​កម្ពុជា ដែល​គណនា​តាម​ទស្សន​ទាន​រូបមន្តថ្មី រកឃើញថា​ មាន​ទំហំ​បីដង​ធំ​ជាង​តួ​លេខ​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា។

Loading...

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ផែនការ​ដែល​ចេញផ្សាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​អះអាង​ថា​ ​អ្នកស្រី​ ​Pauline Tamesis​ ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ថ្លែង​«សុំទោស»​នៅ​ចំពោះ​មុខ​លោក​ ​ឆាយ ថន​ ​រដ្ឋមន្ត្រី​ក្រសួង​ផែន​ការ​ ​ក្នុង​ជំនួប​ទ្វេភាគី​មួយ​កាលពី​ថ្ងៃសុក្រ ទី៥ ខែតុលា​កន្លង​ទៅ​នេះ។

កាល​ពី​ខែ​កញ្ញា​ ​UNDP​ ​និង​កម្មវិធី​គំនិត​ផ្ដួចផ្ដើម​ ​Oxford​ ​លើ​ផ្នែក​ភាព​ក្រីក្រ​និង​ការ​អភិវឌ្ឍ​មនុស្ស​ជាតិ​ ​បាន​ចេញ​ផ្សាយ​នូវ​ ​សន្ទស្សន៍​សកល​ស្ដីពី​ភាព​ក្រីក្រ​ពហុ​សមាសភាគ(Global Multidimensional Poverty Index)​ ​ហើយ​បាន​រក​ឃើញ​ថា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​៣៥%​កំពុង​តែ​រស់​នៅ​ញាំញី​ដោយ​ភាព​ក្រីក្រ។​

សន្ទស្សន៍​សកល​ស្ដីពី​ភាព​ក្រីក្រ​ពហុ​សមាសភាគ​ ​ឬ MPI​ ​ត្រូវ​បាន​គណនា​ ​និង​វិភាគ​ចេញ​ជា​លទ្ធ​ផល​ ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ការ​ពិនិត្យ​ពិច័យ​លើ​វិមាត្រ​សង្គម​នានា​ ​ដូច​ជា​ការ​អប់រំ​សិក្សា​ធិការ​ ​សុខមាល​ភាពសាធារណៈ​ ​និង​កត្តា​ជីវភាព​រស់​នៅ ​បូក​រួម​នឹង​ប្រាក់​ចំណូល​ ​ដែល​រូបមន្ត​គណនា​តាម​បែប ​MPI ​នេះ​ ​ត្រូវ​បាន​គេ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ ក្នុង​ក្រប​ខណ្ឌ​ នៃគោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​(Sustainable ​Development ​Goals)​ ​របស់​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ។

ក៏​ប៉ុន្តែ​ការ​គណនា​មាន​រូបមន្ត​ខុស​ពី​វិធី​សាស្ត្រ​ផ្លូវការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ត្រូវ​បាន​ប្រើប្រាស់ ​ដើម្បី​គណនាអត្រា​នៃ​ភាព​ក្រីក្រ​របស់​ខ្លួន​ ដោយ​ពិនិត្យ​មើល​លើ ​ស្ថិតិ​ចំណូល​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ។ តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ខ្មែរ​ អត្រា​ភាព​ក្រីក្រ​មាន​កម្រិត​១៣.៥%។​

ភាព​ខុស​គ្នា​នេះ​បង្ក​ឱ្យ​មាន​ការ​ឆ្លើយ​តប​ខ្លាំងៗ​ពី​សំណាក់​ទីក្រុង​ភ្នំពេញ។​

​ក្នុង​លិខិត​មួយ​ផ្ញើ​ជូន​លោក​ ​Nick Beresford​ ​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​ ​UNDP​ ​កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​ដែល​ ​VOA​ ​ទទួល​បាន​ ​លោក​រដ្ឋ​មន្ត្រី​ ​ឆាយ ថន​ ​បាន​និយាយ​ថា ​លោក​បាន​អាន​ការ​ផ្សាយ​របស់​សារព័ត៌មាន​អំពី​តួលេខ​ភាព​ក្រីក្រ​តាម​រូបមន្ត​ពហុ​សមាស​ភាគ​ ​«ជាមួយ​នឹង​ការ​ភ្ញាក់​ផ្អើល​ជា​ពន់ពេក»។​

​លោក​រដ្ឋមន្ត្រីបាន​សរសេរ​នៅ​ក្នុង​លិខិត​ជា​ភាសា​អង់គ្លេស​មាន​ខ្លឹមសារ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«ខ្ញុំ​មាន​ក្ដី​រង្គៀស​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការណ៍​ដែល ​កង្វះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​រដ្ឋាភិបាល​មុន​នឹង​ដាក់​ចេញ​ជា​សាធារណៈ​ UNDP ​បាន​ចេញ​ផ្សាយ​នូវ​អត្រា​នៃ​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​នេះ​…​ដោយពឹង​ផ្អែកទៅលើទស្សន​ទានថ្មី​ស្ដីពីភាពក្រីក្រសមាស​ភាគ ដែលមិនទាន់ទាំងបាន​ទទួល​ការ​អនុម័ត​ដោយ​រដ្ឋាភិបាលនៅ​ឡើយ ​ក្នុង​ការ​ប្រើប្រាស់​ជា​របៀប​វាស់​វែងភាព​ក្រីក្រ​ជា​ផ្លូវការ»។​

​តាម​រយៈ​លិខិត​ដដែល​ ​លោក​ ​ឆាយ ថន​ ​បាន​ពោល​ថា​ ​ទិន្នន័យ​ថ្មីស្ដីពី​ភាព​ក្រីក្រ​របស់​UNDP​ ​នឹង​«បង្ក​ការ​ភ័ន្ត​ច្រឡំ​ក្នុង​ចំណោម​សាធារណជន​ដែល​ជាក់​ស្ដែង​នៅ​មាន​អនក្ខរ​កម្ម​ផ្នែក​ស្ថិតិ»​ ​និង​អាច​មាន​ការ​ចោទ​សួរ​ទៅ​លើ​កម្រិត​ជំនឿ​ទុក​ចិត្ត​ទៅ​លើ​តួលេខ​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ស្ដីពី​ភាព​ក្រីក្រ។​

​លោក​រដ្ឋ​មន្ត្រី​បាន​សរសេរ​បន្ត​យ៉ាង​ដូច្នេះ​ថា៖​

​«នៅ​ទី​បំផុត​ទៅ ​ការ​បញ្ចេញ​នូវ​ព័ត៌មាន​នេះ ​អាច​នឹង​បង្ក​ឱ្យ​មាន​លទ្ធផល​នៃ​ការ​ខូច​ខាត ​ដល់​ជោគ​ជ័យ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា»។

បន្ទាប់​ពី​លិខិត​ត្រូវ​បាន​ផ្ញើ​ចេញ​ ​អ្នកស្រី​ ​Pauline ​Tamesis​ ​តំណាង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ​បាន​អញ្ជើញ​ទៅ​ជួប​លោក​រដ្ឋ​មន្ត្រី​ ​ឆាយ ថន​ ​ដល់​ទីស្ដីការ​ក្រសួង​ ​កាល​ពី​ថ្ងៃចន្ទ​ ​ដែល​ជា​ថ្ងៃ​ទី​មួយ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​ ​ដោយបាន​បក​ស្រាយ​ថា​ ​សន្ទស្សន៍​ភាព​ក្រីក្រ​សមាស​ភាគ​ ​MPI​ ​ត្រូវ​បាន​អង្កេត​ ​និង​សិក្សា​ស្រាវ​ជ្រាវ​ដោយ​ ​ការិយាល័យ​របាយ​ការណ៍​អភិវឌ្ឍន៍​មនុស្ស​ជាតិ ​ដែល​ជា​ការិយាល័យ​ឯករាជ្យ​អម​អង្គការ​ ​UNDP​ ​មាន​មូលដ្ឋាន​នៅ​បុរី​ញូវយ៉ក។​

​នៅ​ក្រោយ​ជំនួបទ្វេភាគី​ ​UNDP​ ​និង​ក្រសួង​ផែនការ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ទទួល​នូវ​សេចក្ដី​សន្និដ្ឋានថា ​សន្ទស្សន៍​ភាព​ក្រីក្រ​សមាស​ភាគ ​MPI ​មិន​គួរ​ត្រូវបាន​យក​មក​ប្រៀប​ធៀប​ជាមួយ​នឹងរង្វាស់​រង្វាល់​ដែល​មាន​ស្រាប់ ​និង​កំពុង​ត្រូវ​បាន​ប្រើ​ដោយ​រដ្ឋាភិបាល​បាន​ឡើយ។​

​សេចក្ដី​ថ្លែង​ការណ៍​រួម​នោះ​ មាន​ខ្លឹម​សារ​ដើម​យ៉ាង​ដូច្នេះ​ថា៖​

​«នៅ​ក្នុង​ពេល​ខាង​មុខ​ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​ ​ដែល​គណនា​តាម​ទស្សន​ទាន​ចំណាយ​លើ​ការ​ប្រើប្រាស់ ដោយ​ប្រើ​ប្រាស់​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​-សង្គម​កិច្ច​កម្ពុជា ​នៅ​តែ​បន្ត​ជា​តួ​លេខ​ភាព​ក្រីក្រ​ផ្លូវ​ការ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា»។

បើ​ទោះ​បី​ជា​មិន​មាន​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម ក្រសួង​ផែនការ​ ​បាន​ចេញ​ផ្សាយ​សេចក្ដី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត ​ដោយ​ថា​ ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃចន្ទ​ ​អ្នកស្រី​ ​Pauline ​Tamesis​ ​«បាន​ចេញ​មក​សុំទោស​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ​បន្ទាប់​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ពី​ក្រសួង​ផែនការ»។

លោក​ ​Timothy Jenkins ​អ្នកនាំពាក្យ​ការិយាល័យ​UNDP​ប្រចាំ​រាជធានី​ភ្នំពេញ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ឡើយ ​នៅ​ពេល​ដែល​ត្រូវ​បាន​VOA​ទាក់​ទង​សុំ​ការ​បំភ្លឺ​កាលពី​ថ្ងៃ​ពុធ ​អំពី​ការ​«សុំ​ទោស» ​ដោយ​ថា ​អ្នកស្រី ​Pauline ​Tamesis ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​ទេ។​

​នេះ​អាច​ជា​ការ​ប្រឈម​មុខ​គ្នា​ដ៏​កម្រ​រវាង​រដ្ឋាភិបាល ​និង​ស្ថាប័ន​នៃ​អង្គការ​សហ​ប្រជាជាតិ។ ​កន្លង​មក​គេ​ធ្លាប់​ឃើញ​រដ្ឋា​ភិបាល​មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ ​ការិយាល័យ​សិទ្ធិ​មនុស្ស​របស់​ ​UN​ ​ដែល​តែង​បាន​រិះ​គន់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ជុំវិញ​សំណុំ​រឿង​សិទ្ធិ​សេរីភាព​ ​និង​បញ្ហា​ចាត់​វិធាន​ការ​ច្បាប់​លើ​ក្រុម​ជំទាស់ ​និង​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ពន្យារ​ពេល​ចុះ​អនុស្សារណៈ​នៃ​ការ​យោគ​យល់ ​ជាមួយ​នឹង​ការិយា​ល័យ​នៃ​ឧត្ដម​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​ដើម្បី​ផ្ដល់​សុពលភាព​ដល់​ការិយាល័យ​ប្រចាំប្រទេស​កម្ពុជា​របស់​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​UN​មួយ​នេះ​ ​ជុំវិញ​ភាព​ខុស​គ្នា​លើ​ខ្លឹម​សារ​ដែល​រដ្ឋាភិបាល​ទាម​ទារ​ឱ្យ​គោរព​អធិបតេយ្យភាព។

យ៉ាង​ណា​ក៏​ដោយ ​ក្នុង​ជំនួប​ខ្លី​មួយ​នៅ​បុរី​ញូវយ៉ក ​កាល​ពី​ខែ​មុន ​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​លោក​ ​Antonio Guterres ​អគ្គ​លេខា​ធិការ​អង្គការ​សហប្រជាជាតិ ​បាន​ព្រម​ព្រៀង​គ្នា​បន្ត​ស្វាគមន៍​វត្តមាន​នៃ​ការិយាល័យ​ឧត្ដម​ស្នង​ការ​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ​និង​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ផ្សេង​ទៀត ​រវាង​កម្ពុជា ​និង​អង្គការ​សហ​ប្រជា​ជាតិ៕ ប្រភព៖ VOA