ភ្នំពេញ —​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​រយៈពេល​៣​ថ្ងៃ​ ​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ចំនួន​៣​ ​មាន​ការ​ថយ​ចុះពី​១៣​ភាគរយ​ ​ដល់​៥៦​ភាគរយ​ ​ដោយ​សារ​ស្ថានភាព​ផ្លូវ​និង​អាកាស​ធាតុ​មិន​អំណោយ​ផល។ ​នេះ​បើ​តាម​របាយការណ៍របស់​ក្រសួង​ទេសចរណ៍។​

យោង​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បញ្ជាក់​ថា​ ​ក្នុង​រយៈ​ពេល​បី​ថ្ងៃនៃ​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​ ​ចាប់ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី១០​ ​ខែ​តុលា​ ​ឆ្នាំ​២០១៨នេះ​ ​ភ្ញៀវទេស​ចរ​ជាតិ​ ​និង​អន្តរជាតិចំនួន​ជាង​ ​១.២លាននាក់​ ​បាន​ចេញ​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ ​និង​រមណីយ​ដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស។​ ​ចំនួន​នេះ​កើន​ឡើង​ជាង​ ​២០​ភាគរយ​ ​បើធៀប​នឹង​រយៈពេល​ដូចគ្នា​នេះក្នុង​ឆ្នាំ២០១៧។​

ក្នុង​របាយការណ៍​នោះ​បញ្ជាក់​ថា​ ​សម្រាប់​ខេត្ត​ចំនួន​បី​ដែលជា​ខេត្ត​មាន​សក្តានុពល​ដោយ​សារ​សមុទ្រ​ ​មាន​ចំនួន​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិធ្លាក់ចុះ ក្នុង​នោះ​រួម​មាន ខេត្ត​កោះ​កុង​ធ្លាក់​ចុះ​ចំនួន​៥៦​ភាគ​រយ​ ​ស្មើនឹង​ជាង​៥ពាន់​៦រយនាក់​ ​ខេត្តព្រះ​សីហនុ​ធ្លាក់​ចុះ​ចំនួន១៣,៤៦​ភាគរយ​ ​ស្មើ​នឹង​ជាង​១ម៉ឺន​នាក់​និង​ខេត្ត​កែប​ធ្លាក់​ចុះ​ចំនួន​២៦,៣៧​ ​ភាគរយ​ ​ស្មើនឹងជាង​១ម៉ឺន​៤ពាន់​នាក់។​ ​យ៉ាង​ណា​ក្តី​របាយការណ៍នោះ​បញ្ជាក់​ថា​ ​បើគិត​តែចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ ​ក្នុង​ខេត្ត​ព្រះ​សីហនុមានការ​កើន​ឡើង​ចំនួន​៣៩,៣៤ភាគរយ​ ​ខណៈ​ភ្ញៀវទេសចរ​ជាតិ​ថយ​ចុះ​ចំនួន​១៦,២៧​ភាគ​រយ។​

ក្នុង​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ដដែល​នោះ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ក្នុងន័យ​ដើម​ថា៖​ ​«ស្ថិតិ​នៃ​ភ្ញៀវទេសចរ​ទៅ​កាន់​ខេត្ត​តំបន់​ឆ្នេរ​មាន​ការធ្លាក់​ចុះ​ ​ដោយ​សារ​តែស្ថានភាព​ផ្លូវ​មិនសូវ​អំណោយ​ផល​ ​(រងការ​ខូចខាត​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង)​ ​និង​មួយវិញ​ទៀត​ ​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​ ​មាន​ភ្លៀងធ្លាក់​នៅ​តំបន់​មួយ​ចំនួន។​ ​ប៉ុន្តែ​ភ្ញៀវ​ទៅលេង​ខេត្ត​កំពត​កើន​ឡើង​ខ្លាំង​ ​ជាពិសេស​នៅ​រមណីយដ្ឋាន​បូកគោ​និង​ទឹកឈូ»។

ក្នុង​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​នោះ​បានបញ្ជាក់​បន្ថែមថា​ ​ការ​រៀបចំ​រមណីយដ្ឋាន​និង​គោល​ដៅ​ទេសចរណ៍​ក្នុង​ខេត្ត​នីមួយៗ​មាន​ការ​រីកចម្រើន​ ​ខណៈ​សន្តិសុខ​សុវត្ថិភាព​ក៏​មាន​ភាព​ល្អ​ប្រសើរ​ផង​ដែរ។

អ្នកស្រី​ ​ឆៃ ស៊ីវលីន​ ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាប្រាប់​ ​VOA​ ​នាល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ថយ​ចុះ​ចំនួន​ភ្ញៀវទេសចរ​តាម​បណ្តា​ខេត្ត​មាត់​សមុទ្រនេះ​ ​គឺ​បណ្តាល​មកពី​កង្វះ​ខាត​ការ​ផ្តល់​សេវាកម្ម​ ដោយ​សារ​កំណើន​ភ្ញៀវទេសចរ​ចិនកើន​ឡើង​យ៉ាង​គំហុក។​

អ្នកស្រី​បញ្ជាក់ថា៖​

«នៅ​ខាងប៉ែក​ខេត្ត​ព្រះសីហនុ​ហ្នឹង​យើង​មើល​ឃើញ​ថា​ ​ភ្ញៀវ​ទេសចរ​ចិន​ហ្នឹងគឺគាត់​កើន​ឡើង​យ៉ាង​គំហុក​ ​គួរឲ្យ​កត់​សម្គាល់។​ ​ហើយ​គាត់​ប្រើប្រាស់​យក​សេវាកម្ម​ហ្នឹង​ទាំង​អស់​ហ្នឹង​ ​អញ្ចឹង​ធ្វើ​ឲ្យ​សេវា​កម្ម​សល់​តិចតួច​ទាំងអស់​ហ្នឹង​ក៏​បាន​តម្លើង​ថ្លៃ​រៀងៗខ្លួន​ ​ទាំង​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ ​ក៏​ដូច​ជា​សេវាកម្មស្នាក់នៅ។​ ​គាត់​ឡើង​ថ្លៃ​ទាំងអស់»។​

អ្នកស្រី​បន្ថែម​ថា​ ​អាជ្ញាធរ​គួរ​ដោះ​ស្រាយ​បញ្ហា​ដែល​កំពុង​កើត​ឡើងឲ្យ​មាន​ប្រសិទ្ធ​ភាព​ ជៀសវាងការ​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ភ្ញៀវទេសចរ​ជាទូទៅ។​

អ្នកស្រី​មានប្រសាសន៍ថា៖​

«អាជ្ញាធរដែន​ដី​ ​ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធហ្នឹង​ គួរ​តែ​រៀប​ចំ​ឡើង​វិញ​ដើម្បី​ធ្វើ​ឲ្យ​ទំនិញ​ទាំងអស់​ហ្នឹង​មាន​រៀបរៀប​រយ​ឡើង​វិញ​ ​យើង​មិន​អាច​ឲ្យ​គាត់​ឡើង​ថ្លៃ​ស្រេចតែ​ចិត្ត​អញ្ចឹង​ទេ​ ​គួរ​តែ​មានតម្លៃ​ណា​មួយ​ទុក​សម្រាប់ប្រជាពល​រដ្ឋ​ក្នុង​ស្រុក​របស់​យើង​ ​ដើម្បី​ឲ្យ​គាត់​បានស្គាល់​ពី​កន្លែង​ដ៏​ស្រស់ផូរ​ផង់​របស់​យើង​ផង»។​

បើ​តាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ចេញ​កាលពី​ពាក់​កណ្តាល​ខែ​សីហា​ ឆ្នាំ​២០១៨ បញ្ជាក់​ថា ​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង៣លាន​នាក់ ​ក្នុង​រយៈពេល​៦​ខែ ​នៃ​ឆ្នាំ​២០១៨ ដែល​មាន​ការ​កើនឡើង​១២,៧​ភាគរយ​ ​បើធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០១៧។ ក្នុងនោះ​ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិនមាន​ចំនួន​ជាង​៩សែន​៣ម៉ឺននាក់​ ​ដែល​ចំនួននេះ​មានការ​កើនឡើង៧៥,៨ភាគរយ។​

របាយការណ៍​នៃ​ការ​ថយ​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ខេត្ត​ជាប់​មាត់​សមុទ្រ​នេះ​ ​ធ្វើ​ឡើង​ស្រប​ពេល​មាត់​សមុទ្រ​ក្នុង​ខេត្ត​ព្រះ​សីហនុកំពុង​រងការ​វាយ​ប្រហារ​ជាបន្ត​បន្ទាប់​ ​ពីការ​ចាក់​ដី​លុប​ឆ្នេរ​ពី​សំណាក់អ្នកមាន​អំណាច​ ​និង​ខណៈដែល​កំប្លោក​ ​និង​ត្រគៀត​ ​កំពុង​វាយ​លុក​ ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណឆ្នេរ​ ​និង​សមុទ្រ​យ៉ាង​ខ្លាំង។​ ​ការណ៍​នេះ​ត្រូវ​បាន​អ្នកស្រី​ ​ឆៃ ស៊ីវលីន​ ​ប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​លើក​ឡើងថា​ ​នឹងអាច​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់កម្ពុជា ដែល​ជាប្រទេស​មាន​ឆ្នេរ​សមុទ្រ​មួយ​ជាប់​ចំណាត់​ថ្នាក់​ស្អាតលើ​ពិភព​លោក៕ ប្រភព៖ VOA