អាសូរណាស់! ទើបរៀបការរួច៤ថ្ងៃ ជួបគ្រោះអកុសល ធ្លាក់ចូលក្នុងរណ្តៅបាក់ស្រុតស្លាប់ទាំងពីរ ខណៈរៀបចំឡើងឡានក្រុងវិលមកធ្វើការវិញ
មនុស្ស៤នាក់ដែលបានធ្លាក់ចូលទៅក្នុងរណ្តៅបាក់ស្រុតមួយ ខណៈកំពុងដើរនៅលើចិញ្ចើមផ្លូវមួយកន្លែង នៅក្នុងទីក្រុង Sichuan ខេត្ត Dazhou (ចិន) កាលពីថ្ងៃអាទិត្យ ត្រូវបានរកឃើញ និងប្រកាសស្លាប់ទាំងអស់គ្នាហើយ ។ ជនរងគ្រោះរួមមាន៖ ឪពុកម្នាក់ និងកូនប្រុស និងព្រមទាំងប្តីប្រពន្ធទើបរៀបការហើយថ្មីថ្មោង១គូផងដែរ ។
ប្តីប្រពន្ធដែលអាយុស្របាលគ្នា ២៣ ឆ្នាំ ត្រូវបានដឹងថា ទើបរៀបការរួចហើយបានរយៈពេល ៤ ថ្ងៃ ប៉ុណ្ណោះ នៅក្នុងភូមិកំណើតរបស់ពួកគេ ស្ថិតនៅក្បែរ Dazhou ។ ពួកគេទាំងពីរធ្វើការនៅក្នុងទីរួមខេត្ត Chengdu ហើយកំពុងរៀបចំឡើងជិះរថយន្តក្រុងវិលត្រឡប់មកធ្វើការវិញ កាលពីរសៀលថ្ងៃអាទិត្យ ។ មុនចេញដំណើរ ពួកគេបាននាំគ្នាឡើងផ្សារ ដើម្បីទិញស្ករគ្រាប់មង្គលការការខ្លះៗ សម្រាប់មិត្តភក្តិ និងអ្នករួមការងាររបស់ពួកគេ នៅក្នុង Chengdu ។ ប៉ុន្តែ ជាអកុសល នៅពេលពួកគេកំពុងដើរវិលត្រឡប់មកកាន់ស្ថានីយ៍រថយន្តក្រុង ស្រាប់ដីបានបាក់ស្រុតស្រូបពួកគេចូលតែម្តង ។
ស្ត្រីម្នាក់ពុំត្រូវបានរកឃើញរហូតដល់ពាក់កណ្តាលយប់ថ្ងៃចន្ទ ។ នាងក្រោយមកត្រូវបានប្រកាសស្លាប់ បន្ទាប់ពីត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ នៅវេលាម៉ោង ៩ និង ៣៦ នាទីព្រឹកនោះ ប្តីរបស់នាងត្រូវបានរកឃើញ និងប្រកាសស្លាប់នៅកន្លែងកើតហេតុ ។
រហូតដល់ម៉ោងជិត ៣ និង ៥០ នាទី រសៀលថ្ងៃអង្គារ ក្រុមសង្គ្រោះអាចរកឃើញសាកសពជនរងគ្រោះ២នាក់ ដែលត្រូវបានដឹងថាជាឪពុក (អាយុ ៤៥ ឆ្នាំ) និងកូនប្រុស (អាយុ ១១ ឆ្នាំ) ។
ប្រតិបត្តិការសង្គ្រោះ ត្រូវបានបញ្ជាក់ថា មានការលំបាក និងគ្រោះថ្នាក់ខ្លាំងណាស់ ។ វីដេអូមួយបានបង្ហាញឲ្យឃើញពីខណៈដែលរណ្តៅបានបាក់ស្រុតបន្ថែមទៀត ខណៈពេលដែលក្រុមសង្គ្រោះកំពុងធ្វើការនៅខាងក្នុង ដើម្បីស្វែងរកជនរងគ្រោះ ។
ការស៊ើបអង្កេតដំបូងបានរកឃើញថា រណ្តៅនោះត្រូវបានបង្កឡើងដោយការបាក់ស្រុត នៃរង្វះទឹកក្រោមដីទំហំ ១០ ម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់ដ៏ខ្លាំងក្លាជាច្រើនថ្ងៃ ៕