​ស្ទឹងត្រែង​៖ នា​ថ្ងៃ​ទី​១៥​ខែ​តុលា​នេះ បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បាន​ធ្វើ​ការផ្សព្វផ្សាយ​នូវ​រូបថត​ជា​ច្រើន​សន្លឹក ដែល​នៅ​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង ជា​កន្លែង​ជួញដូរ​សាច់​សត្វព្រៃ ដែល​ក្រុមអាជីវករ​ដាក់​លក់​យ៉ាង​ចំហរ កម្រ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​។​

Loading...

​សាច់​សត្វព្រៃ ដូចជា ប្រើ​ស ឈ្លូស ត្រ​គួត អណ្តើក និង​ជ្រូកព្រៃ ជាដើម គេ​ឃើញ​តាំង​លក់​ដោយ​បើក​ជំហរ​ក្នុង​ផ្សារ​សាមគ្គី​ក្រុង​ស្ទឹងត្រែង ដោយ​គ្មាន​ខ្លាចរអា​ច្បាប់​។ ពលរដ្ឋ សង្កេតឃើញថា ជនល្មើស​មុខ​ដដែលៗ លក់​សត្វព្រៃ​ជា​របប​អាជីព​ចិញ្ចឹមជីវិត​ខុសច្បាប់​ច្រើន​ឆ្នាំ​មក ហើយ ដែល​អាជ្ញាធរ​ធ្លាប់​ឃាត់ខ្លួន​ត្រឹម​ធ្វើ​កិច្ចសន្យារ​បញ្ឈប់ និង​វិន័យ​ជា​ប្រាក់​តិច​តូច ក្រោយមក​ពួកគេ​លក់​សត្វព្រៃ​វិញ​ដដែល​។​

​ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​រិះគន់​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន ក្នុង​ខេត្ត​នេះ​ថា ព្រងើយកន្តើយ​ក្នុង​កិច្ចសហការ​គ្នា លុបបំបាត់​ការជួញដូរ​សត្វព្រៃ ឲ្យមាន​ប្រសិទ្ធភាព ដើម្បី​រួមចំណែក​អភិរក្ស​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ ដែល​នៅ​សេសសល់​តិច​តូច​នៅ​ខេត្ត​ភាគ​ឦសាន​នេះ​។ ពួកគេ​អង្កេត​ឃើញថា នៅ​តាម​ភោជនីយដ្ឋាន​មួយចំនួន ក្នុង​ខេត្ត​ស្ទឹងត្រែង ក៏​មាន​ការ​ចម្អិន​អាហារ​ពី​សាច់​សត្វព្រៃ​ជាច្រើន​ប្រភេទ ដើម្បី​ជួញដូរ និង​ធ្វើ​ជា​គ្រឿង​ក្លែម ហើយក៏​មាន​មន្ត្រីនគរបាល​យុត្តិធម៌​ខ្លះ​ចូល​ចិត្ត​បរិភោគ​សាច់​ព្រៃ​នេះ​ដែរ​។​

​ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង បាន​និយាយថា អាជ្ញាធរ​គ្មាន​វិធានការ​ច្បាស់លាស់​បង្ក្រាប​ការជួញដូរ​សត្វព្រៃ​នៅ​ផ្សារ​ខេត្ត​ស្ទឹងត្រែង​ឲ្យមាន​ប្រសិទ្ធភាព​ទេ បែរជា​បណ្តោយ​ឲ្យ​ឈ្មួញ​ខិតខូ​ត នៅតែ​មាន​ឱកាស​លក់​សាច់​សត្វព្រៃ យ៉ាង​អនាធិបតេយ្យ​គ្មាន​ការបង្ក្រាប​។ ប្រជាពលរដ្ឋ សង្កេតឃើញថា ការបង្ក្រាប​របស់​អាជ្ញា​ធរ ធ្វើឡើង​បាន​តែ​មួយ​ឆា​វ និង​នាំ​ខ្លួន​ជនល្មើស​ទៅ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ រួច​ដោះ​លែង​វិញ គឺជា​យន្តការ​របស់​ស​ម​ត្ថ​កិច្ច​អនុវត្ត​ច្បាប់ តែ​ក្រោយមក​ឈ្មួញ​ទាំងនោះ នៅតែ​បន្ត​លក់​សត្វព្រៃ​ខុស​ច្បាប់​ដដែល​។ សត្វព្រៃ​កម្រ​នឹង​វិនាស​ហិនហោច បើ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅតែ​ព្រងើយកន្តើយ មិន​អនុវត្ត​ច្បាប់​រឹងមាំ ហើយ​នៅតែ​ទទួល​ប្រយោជន៍​ពី​ជនល្មើស​ជា​ថ្នូរ​មិន​អនុវត្ត​ច្បាប់​នោះ​។ ផ្សារ​សាមគ្គី នៅ​ខេត្ត​ស្ទឹងត្រែង លក់​សត្វព្រៃ​អនាធិបតេយ្យ​ពេញទំហឹង មិនដឹងថា សមត្ថកិច្ច​ទទួល​លាភ​ពី​អ្នកលក់ ពេលខ្លះ​ចាប់​ខ្លះ​ទាល់តែ​មាន​អង្គការ ពុំ​មាន​ការបង្ក្រាប​ជា​ដុំកំភួន​ណាស់ណា​ទេ​។​

​សាច់​សត្វព្រៃ​ដែល​តាំង​លក់​នៅ​ផ្សារ​សាមគ្គី ខេត្ត​ស្ទឹងត្រែង ត្រូវបាន​អ្នកប្រើប្រាស់ បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ខ្លះ បាន​ទៅ​ដល់​ទីតាំង​ឈ្មួញ​កំពុង​តាំង​លក់​សាច់​សត្វព្រៃ ហើយ​ពួកគេ បាន​ថត​បង្ហោះ​តាម​បណ្តាញ សង្គម​ហ្វេ​សប៊ុក រិះគន់​អាជ្ញាធរ​ថា មិន​ទប់ស្កាត់ បែរជា​បណ្តោយ​ឲ្យ​ឈ្មួញ​ជួញដូរ​សត្វព្រៃ បែប​អនាធិបតេយ្យ យ៉ាង​ចំហ​តែម្តង​៕​